ឯកឧត្តម ខូយ រីដា ថ្លែងថាក្រុមប្រឹក្សាក្រុង សង្កាត់ត្រូវបង្កើនសមត្ថភាពការងារកាត់បន្ថយភាពអសកម្មទើបធ្វើអោយមូលដ្ឋានមានការអភិវឌ្ឍន៍ជាក្តីសង្ឃឹមរបស់ម្ចាស់សន្លឹកឆ្នោត

ពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាសង្កាត់ទាំង៧នៃក្រុងពោធិ៍សាត់ត្រូវប្រកាន់គោលជំហររួបរួមសាមគ្គី ឯកភាពផ្ទៃក្នុងបង្កើនសមត្ថភាពការងារ បន្តខិតខំបំពេញតួនាទីភារកិច្ចក្នុងការបម្រើប្រជាពលរដ្ឋ ជម្រុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន កាត់បន្ថយនូវភាពអសកម្ម និងមិនត្រូវបង្កបញ្ហាស្មុកស្មាញដែលនាំឲ្យប៉ះពាល់និងមានការថ្នាំងថ្នាក់ពីសំណាក់មហាជន ប្រជាជនមកលើថ្នាក់ដឹកនាំនោះឡើយ។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងលើកឡើងបែបនេះនៅក្នុងពិធីបន្តជួបសំណេះ សំណាលជាមួយក្រុមប្រឹក្សាក្រុងនិងក្រុមប្រឹក្សាសង្កាត់ទាំង៧នៃស្រុកភ្នំក្រវាញចំនួន៦៥រូបក្នុងនោះក្រុមប្រឹក្សាក្រុង១៦រូបនិងក្រុមប្រឹក្សាសង្កាត់៤៩រូប នៅសាលប្រជុំសាលាក្រុង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ និងកងកម្លាំងប្រដាប់អាវុធទាំង៣ នៅថ្ងៃទ១៦ ខែវិច្ឆិការ ឆ្នាំ២០២៣។

ឯកឧត្តម បានលើកបញ្ជាក់ថា ចាប់តាំងពីរូបឯកឧត្តមចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានជិតមួយឆ្នាំស្ទើតែគ្មានពេលសម្រាក គឺមានមហិច្ឆតាអភិវឌ្ឍន៍ខេត្តពោធិ៍ សាត់ជាខេត្តកំណើតឲ្យមានការរីកចម្រើនឡើងជាបន្តបន្ទាប់និងសូមឲ្យមានការចូលរួមនិងគាំទ្រពីគ្រប់មជ្ឈដ្ឋានជាពិសេស ក្រុមប្រឹក្សា គណអភិបាលក្រុង ចៅសង្កាត់និងអ្នកពាក់ព័ន្ធទើបសម្រេចទៅបាន។

ឯកឧត្តមបានក្រើនរំលឹកដល់ ក្រុមប្រឹក្សាក្រុងនិងក្រុមប្រឹក្សាសង្កាត់ទោះបីមកពីគណបក្សណាក៏ដោយក៏ត្រូវបង្កើនសមត្ថភាពការងារ សាមគ្គីឯកភាពផ្ទៃក្នុង មានស្មារតីឧត្តមគតិតែមួយ កាត់បន្ថយភាពអសកម្ម ក្នុងគោលបំណងអនុវត្ត គោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី៧នៃរដ្ឋសភា ។

ឯកឧត្តម បានថ្លែងថា នូវរាល់សមិទ្ធិផលដែលកើតមានសព្វថ្ងៃគឺដោយសារសង្គមជាតិយើងទទួលបានសុខសន្តិភាព ស្ថេរភាព ក្រោមការលះបង់គ្រប់បែបយ៉ាងពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឥស្សរជនសំខាន់ៗ ដូចនេះក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ ត្រូវតែចូលរួមថែរក្សាការពារ តាមរយៈការបំពេញតួនាទី ភារកិច្ច និងចេះចែករំលែក បែងចែកការងារជម្រុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យកាន់តែរីកចម្រើនដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋជាម្ចាស់សន្លឹកឆ្នោតតែងតែបោះឆ្នោតគាំទ្រប្រមុខរាជរដ្ឋាភិបាលគ្រប់អាណត្តិ ។

ដូចនេះសូមឲ្យ លោក លោកស្រី ​ក្រុមប្រឹក្សាក្រុងនិងក្រុមប្រឹក្សាសង្កាត់ គប្បីខិតខំបញ្ចេញនូវសកម្មភាពនៅក្នុងមូលដ្ឋានប្រកបដោយភាពជឿជាក់របស់ប្រជាពលរដ្ឋ គឺមិនត្រូវប្រកាន់អំពីនិន្នាការនយោបាយ​ មិនបង្កបញ្ហាស្មុកស្មាញ គឺរួមគ្នាធ្វើ រួមគ្នាដោះស្រាយនូវករណីប្រឈមនានាឲ្យបានទាន់ពេលវេលាទាំងការ ផ្តល់សេវាសាធារណៈ ការចូលរួមរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងមានទំនូលខុសត្រូវ ចេះសម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធតុលាការឲ្យមានប្រសិទ្ធិភាពតម្លាភាព មិនត្រូវលម្អៀងខាងភាគីណាមួយនោះទេ គឺឈរនៅកណ្តាល ដើម្បីទទួលបានឈ្នះ ឈ្នះទាំងអស់គ្នា បើមិនដូចនោះទេរឿងតូចក្លាយទៅជារឿងធំជាក់ជាមិនខានឡើយ។

នៅក្នុងឱកាសនោះឯកឧត្តមក៏បានថ្លែងអំណរគុណនិងកោតសរ សើរក្រុមប្រឹក្សាក្រុងនិង សង្កាត់ទាំង៧នៃក្រុងពោធិ៍សាត់ ដែលជានិច្ចកាលបានខិតខំប្រឹងប្រែងបំពេញការងារនិងមានស្នាដៃជាច្រើនក្នុងបុព្វហេតុបម្រើជាតិនិងប្រជាពលរដ្ឋ។

ឯកឧត្តមបានសម្គាល់ឃើញថា លោក លោកស្រីក្នុងជួរក្រុមប្រឹក្សាក្រុង សង្កាត់គិតមកដល់ពេលនេះភាគច្រើនពួកគាត់កាន់តែមានវ័យចំណាស់ ឯសុខភាពវិញកាន់តែមានសភាពទ្រុឌទ្រោមខ្លាំង បើអាចឈប់សម្រាកបានជាការល្អប្រសើរបំផុត គឺទុកកិច្ចការទាំងនេះដល់អ្នកបន្តវេន ឯចំពោះអ្នកមានសមត្ថភាព គប្បីយកចិត្តទុកដាក់ថែរក្សាសុខភាពជាប់ជាប្រចាំ ព្រោះថាសុខភាពជាកត្តាចម្បងមិនត្រូវមើលរំលងឡើយហើយសូមឲ្យរដ្ឋបាលស្រុក ឃុំបន្តការផ្សព្វផ្សាយនិងចលនាដល់មហាជន ប្រជាជនចូលរួមសម្អាតបរិស្ថានទាំងនៅក្នុងទីប្រជុំជន តាមលំនៅឋានវត្តអារាមសាលារៀននិងទីសាធារណៈឲ្យបានព្រមៗគ្នាដើម្បីនាំមកនូវសិរីសួស្តីដល់យើងគ្រប់ៗគ្នា៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *