ក្រុមហ៊ុនសាងសង់ ផ្សារសន្តិភាពកំពង់បឹង សម្រេចពន្យាពេល តាមសំណូមពរ របស់ក្រុមអាជីវករ ក្រោយពីមានការអន្តរាគមន៍ សម្របសម្រួល ពីអភិបាលខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ បន្ទាប់ពីជីវករផ្សារ”កំពង់បឹង” ស្ថិតក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាំគ្នាតវ៉ា សុំការពន្យាពេល ៣ឆ្នាំទៀតនៃការរុះរើតូប ដើម្បីឲ្យក្រុមហ៊ុនវិនិយោគសាងសង់ផ្យារថ្មី ខណៈនេះក្រុមហ៊ុនសាងសង់ផ្សារសន្តិភាពកំពង់បឹង សម្រេចពន្យាពេលតាមសំណូមពររបស់ក្រុមអាជីវករ។

នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយក្រុមការងាររដ្ឋបាលខេត្ត បានជួបជាមួយអាជីវករផ្សារកំពង់បឹង ចំនួន២៥ នាក់ តំណាងឲ្យអាជីវករក្នុងផ្សារ៥០តូប ដែលបានសំណូមពរដល់តំណាងក្រុមហ៊ុនវិនិយោគផ្សារកំពង់បឹងសន្តិភាព ពន្យាពេលសាងសង់ផ្សាររយៈពេល៣ឆ្នាំ ដើម្បីទុកលទ្ធភាពដល់បងប្អូនអាជីវករដែលកំពុងជួបការលំបាកក្រោយអំឡុងពេលកូវីដ១៩ និងកត្តាសេដ្ឋកិច្ចសកល បានបន្តលក់ដូរសិន ។

ជាលទ្ធផលក្រោមការសម្របសម្រួលបានសម្រេចគោលការណ៍ឯកភាពដូចខាងក្រោម ៖
-តំណាងក្រុមហ៊ុនវិនិយោគបានឯកភាពរយៈពេល១៨ខែ គិតចាប់ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នេះរហូតដើមខែកញ្ញា ឆ្នាំ២០២៥ (រយៈពេល ១ឆ្នាំ កន្លះ) ទើបខាងក្រុមហ៊ុនចាប់ផ្តើមសាងសង់ ហើយតម្រូវឲ្យអាជីវកររើតូបលក់ដូរ ទៅទីតាំងដីអគារគ្រោះមហន្តរាយ និងតាមបណ្តោយផ្លូវបេតុងក្បែរផ្សារកំពង់បឹង ។

-ចាប់ពីកំឡុងខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុនវិនិយោគចាប់ផ្តើមដំណើការសាងសង់ផ្សារ រយៈពេល១៨ខែ  ក្រោយសាងសង់ផ្សារកំពង់បឹងសន្តិភាពរួចរាល់ ទើបអនុញ្ញាតឲ្យអាជីវករជួលតូប ចូលលក់ដូរក្នុងផ្សារដោយមិនយកថ្លៃជួលតូបរយៈពេល២ឆ្នាំបន្តទៀត និងតម្រូវបង់តែថ្លៃភាស៊ីផ្សារតែប៉ុណ្ណោះ ។

-តំណាងអាជីវករមានក្តីរីករាយ និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ ដើម្បីជួយសម្របសម្រួលទុកលំបាករបស់ពួកគាត់ទាំងអស់គ្នា ដែលពួកគាត់ស្នើសុំរយៈពេលតែ ៣ ឆ្នាំ តែក្រុមហ៊ុនឯកភាពជូនពួកគាត់រហូតដល់៥ ឆ្នាំ។ ប៉ុន្តែទោះយ៉ាងនេះក្តីក្រុមអាជីវករទាំងអស់នោះ ស្នើសុំឲ្យមានកិច្ចសន្យាទទួលស្គាល់ដោយអាជ្ញាធរខេត្ត និងសមីពាក់ព័ន្ធ ដើម្បីបានផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅ សុវត្ថិភាពក្នុងការប្រកបមុខរបរទទួលទានប្រចាំថ្ងៃ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *