សភាពាណិជ្ជកម្មខេត្តសៀមរាបបើកសិក្ខាសាលាពិគ្រោះយោបល់តាមយន្តការភាពជាដៃគូវិស័យសាធារណៈនិងឯកជនសម្រាប់សហគ្រាសនាំចេញធុនតូចនិងមធ្យម

សៀមរាប៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យបានសហការជាមួយគម្រោង ARISE Plus Cambodia របស់សហភាពអ៊ឺរ៉ុប និងអាល្លឺម៉ង បានបើកសិក្ខាសាលាពិគ្រោះយោបល់តាមយន្តការភាពជាដៃគូរវិស័យសាធារណៈនិងឯកជនសម្រាប់ សហគ្រាសនាំចេញធុនតូចនិងមធ្យមក្នុងខេត្តសៀមរាបនៅសណ្ឋាគារសុខាល័យអង្គររីហ្សត និងស្ប៉ា ដែលស្ថិតក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ព្រមទាំងលោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ និងលោក តាន់ វិជ្ជា ទីប្រឹក្សាជាន់ខ្ពស់គម្រោង ICONEតំណាងគម្រោង ARISE Plus Cambodia របស់សហភាពអ៊ឺរ៉ុប និងអាល្លឺម៉ង ដោយមានការអញ្ជើញចូលរួមជាសិក្ខាកាមពីសំណាក់ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យនិងលោក លោកស្រី ប្រធាន អនុប្រធានសមាជិក សមាជិកា លេខាសមាគម វិស័យឯកជនចូលរួម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ។

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ បានមានប្រសាសន៍ថាការបើកសិក្ខាសាលាពិគ្រោះយោបល់តាមយន្តការភាពជាដៃគូរវិស័យសាធារណៈនិងឯកជនសម្រាប់សហគ្រាសនាំចេញធុនតូចនិងមធ្យមនាពេលនេះគឺមានការគាំទ្រពី គម្រោង ARISE Plus Cambodia របស់សហភាពអ៊ឺរ៉ុប និងអាល្លឺម៉ង់ ដើម្បីជួយជំរុញការអភិវឌ្ឍន៍ និងលើកស្ទួយវិស័យឯកជននៅកម្ពុជា ដែលកន្លងមកគម្រោងនេះបានជួយដល់សភាពាណិជ្ជកម្មកម្ពុជា.សភាពាណិជ្ជកម្មខេត្តបាត់ដំបងនិងចុងឆ្នាំ២០២៣ដល់ដើមឆ្នាំ២០២៤ជួយដល់សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ជាពិសេសបានជួយលើផ្នែកសំភារៈបរិក្ខាការិយាល័យ ព្រមទាំងការរៀបចំកម្មវិធីសិក្ខាសាលាសម្រាប់ជំរុញការនាំចេញរបស់សហគ្រាសធុនតូចនិងមធ្យមនៅក្នុងខេត្តសៀមរាបខាងមុខនេះចំនួន៥បន្ថែមទៀតផងដែរ ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានបន្តទៀតថា តាមរយៈយន្តការភាពជាដៃគូវិស័យសាធារណៈនិងឯកជន គឺជាយន្តការពិភាក្សា និងសម្របសម្រួលរវាងផ្នែករដ្ឋបាល និង វិស័ឯកជន ជាមធ្យោបាយមួយប្រកបដោយប្រសិទ្ធ ភាពខ្ពស់បំផុតដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិស្ថានធុរកិច្ច និងកិច្ចអភិវឌ្ឍន៍វិស័យឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជន ។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៍បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា សភាពាណិជ្ជកម្ពុជា បានធ្វើវេទិការាជរដ្ឋភិបាល-ផ្នែកឯកជន ជាទៀងទាត់ក្នុងការដោះស្រាយបញ្ហាលំបាកផ្សេងៗក្នុងវិស័យជាច្រើន ទាំងផ្នែកពន្ធដារ គយ អចលនទ្រព្យ សំណង់ សុខាភិបាល ពាណិជ្ជកម្ម សេវាកម្ម កសិកម្ម។ល។ លោកឧកញ៉ាបណ្ឌិត បន្ថែមទៀតថានៅក្នុងកំឡុងខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខនេះនិងមានរៀបចំកិច្ចប្រជុំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជនដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។ មានប្រសាសន៍បើកសិក្ខាសាលានាពេលនោះដែរលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថាតាមរយៈយន្តការភាពជាដៃគូវិស័យសាធារណៈនិងឯកជន ពិតជាមានសារៈប្រយោជន៍សម្រាប់វិស័យឯកជន ដើម្បីឱ្យផ្នែករាជរដ្ឋាភិបាលជួយដោះស្រាយអ្វីដែលជាផលលំបាករបស់វិស័យឯកជនឱ្យមានប្រសិទ្ធភាពបំផុត។ ប្រសិនបើយើងនិយាយពីបញ្ហាប្រឈមរបស់វិស័យឯកជនរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងផ្នែកពាណិជ្ជកម្ម និងអាជីវកម្មមានច្រើនដែលបានធ្វើការដោះស្រាយរួចមកហើយកន្លងមក។ ប៉ុន្តែបញ្ហានៅតែកើតមានឡើងថ្មីរហូតចំពោះវិស័យឯកជន តាមស្ថានភាព និងការអភិវឌ្ឍន៍ ដែលទាមទារការចូលរួមដោះស្រាយជារៀងរហូតរវាងរវាងរដ្ឋាភិបាលនិងវិស័យឯកជន ដើម្បីធ្វើឱ្យប្រសើរនូវបរិយាកាសអាជីវកម្ម។ លោក នាក់ ណេរ៉ុន បានថ្លែងថា ក្នុងនាមគណៈអភិបាលខេត្តសៀមរាប លោកសង្ឃឹមថា ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ក្នុងពេលនេះ គឺជាការរៀនសូត្រថ្មីបន្ថែមទៀតពីអ្នកជំនាញផ្ទាល់ដើម្បីឱ្យអ្នកទាំងអស់គ្នា ចេះសរសេរ និងលើកពីបញ្ហារបស់ខ្លួនពាក់ព័ន្ធ នឹងការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ដាក់ជូនភាគីជួយរកដំណោះស្រាយតាមរយៈយន្តការភាពជាដៃគូរសាធារណៈ និងឯកជន ហើយអាចសហការធ្វើការងារជាមួយគ្នារវាងសភាពាណិជ្ជកម្មខេត្ត និងសមាគមដែលមានវត្តមានចូលរួមក្នុងសិក្ខាសាលានាពេលនេះ ហើយអាចសហការគ្នាធ្វើការងាររួមគ្នា រវាងសមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្ត សមាគមពាណិជ្ជកម្ម និងភាគីបាក់ព័ន្ធទាំងអស់នៅថ្ងៃខាងមុខក្នុងក្របខ័ណ្ឌថ្នាក់ក្រោមជាតិផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *