ក្រោយជួបគ្រោះរាំងស្ងួត បឹងអភិរក្សមេពូជត្រី”រនាបសែន” ទទួលការយកចិត្តទុកដាក់ ជួយសង្គ្រោះ និងអន្តរាគមន៍ ពីអាជ្ញាធរ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ បឹងអភិរក្សមេពូជត្រី”រនាបសែន” សហគមន៍នេសាទគោកស្តៅ ស្ថិតក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលកំពុងជួបគ្រោះរាំងស្ងួតស្ទើទាំងស្រុង ប្រឈមមុខនឹងការងាប់ត្រី និងជីវចម្រុះបាតបឹង ពេលនេះប្រធានសហគម រួមទាំងប្រជាពលរដ្ឋ មានស្នាមញញឹញ ប្រកបដោយក្តីសង្ឈឹមឡើងវិញ បន្ទាប់ពីទទួលបាននូវកិច្ចអន្តរាគមន៍ ពីអាជ្ញាធរខេត្តកំពង់ឆ្នាំង។

លោក មាស សុវណ្ណ ប្រធានសហគមន៍នេសាទគោកស្តៅ តំណាងឲ្យប្រជាពលរដ្ឋក្នុងភូមិទាំងមូល សូមថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ជាពិសេសឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធ ដែលលោកតែងតែយកចិត្តទុកដាក់ ក្នុងកិច្ចការងារអភិរក្ស ការពារធនធានធម្មជាតិ និងជួយអន្តរាគមន៍សង្រ្គោះបានយ៉ាងទាន់សភាពការ ចំពោះគ្រោះមហន្តរាយនានាក្នុងខេត្តកំពង់ឆ្នាំង។

ជាក់ស្តែងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមសាន់ យូ អភិបាលរងខេត្ត ចូលរួមអមដំណើរឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផល បានចុះពិនិត្យផ្ទាល់ និងនាំយកថវិកាឯកឧត្តមអភិបាលខេត្ត១លានរៀលសម្រាប់ស្តារបឹងដែលរីងហួត ដើម្បីយកទឹកសង្រ្គោះពូជត្រីដែលនៅសល់ ក្នុងបឹងរនាបសែន ក្នុងឃុំទឹកហូត ស្រុករលាប្អៀរ។

ក្នុងនោះមន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភប្រេងម៉ាស៊ូតសម្រាប់បូមទឹកសង្រ្គោះចំនួន១០០លីត្រ និងផ្ទាំងសីលា១ផងដែរ។

គួរបញ្ជាក់ថា បឹងអភិរក្សមេពូជត្រី”រនាបសែន” សហគមន៍នេសាទគោកស្តៅ នេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះ ការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋអាស្រ័យផល និងជាពិសេសរក្សាអភិរក្សនូវពូជត្រីកម្រកុំឲ្យមានការផុតពូជ និងមួយចំណែកទៀតសម្រាប់ផ្គត់ផ្គង់ជីវភាពប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ប្រកបរបនេសាទជាលក្ខណៈគ្រួសារ ស្របតាមរដូវកាលច្បាប់នេសាទបានកំណត់។

ហើយកន្លែងអភិរក្សមេពូជត្រីខាងលើនេះមានត្រីចម្រុះដូចជាត្រីឆ្ពិន ត្រីសណ្តាយ ត្រីក្អីឬត្រីក្រាយ ត្រីច្រកែង ត្រីកេះ ត្រីឆ្តោរ ។ល។ និងជីវចម្រុះបាតបឹងជាច្រើនផងដែរ កន្លងមកពុំដែលជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរយ៉ាងដូចនេះទេ៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *