ពិធីបុណ្យរំឭកព្រះឧបការគុណ សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំ ព្រះត្រៃបិដកខ្មែរ លើកទី១៣ នៅវត្តរាជបូណ៌ ក្រុងសៀមរាប

សៀមរាប៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ មន្ត្រីសង្ឃខេត្តសៀមរាប ក្រោមគំនិតផ្តួចផ្តើមពី សម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម គណៈមហានិកាយ និងជាព្រះចៅអធិការវត្តរាជបូណ៌ ព្រមទាំងថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន បានប្រារព្ភពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៣ នៅក្នុងបរិវេណវត្តរាជបូណ៌ ក្រុងសៀមរាប។
ពិធីបុណ្យនេះ ធ្វើឡើងដើម្បីជាការរំលឹកនូវគុណូបការៈគុណដល់សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដក និងវចនានុក្រមខ្មែរ គឺចង់បង្ហាញឲ្យប្រជាពុទ្ឋបរិស័ទ្ឋយល់ដឹងឱ្យកាន់តែច្បាស់នូវស្នាព្រះហស្តនៃព្រះរាជនិពន្ធនិងការចងក្រងគម្ពីក្បួនខ្នាតអក្សរសាស្រ្តជាតិខ្មែរ ដើម្បីជាការដាស់ស្មារតី និងបង្កើនមនសិការដល់កូនខ្មែរ រក្សានូវកេរ្តិ៍តំណែលស្នាដៃរបស់បុព្វបុរសយើងឱ្យស្ថិតស្ថេរគង់វង្សយូរអង្វែង។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ជាព្រះមហាវីរបុព្វជិតដ៏ឆ្នើមដែលបានបូជាអ្វីៗ ដើម្បីជាតិ សាសនា ដែលប្រវត្តិសាស្ត្រទទួលស្គាល់ថា ជាព្រះបិតាអក្សរសាស្ត្រជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានចំណាយពេលវេលា ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីសេចក្តីសុខ សេចក្តីចម្រើនក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រទាំងមូល។ ដោយស្នាព្រះហត្ថដ៏ធំធេងរបស់ព្រះអង្គ ទើបរាជរដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយម និងប្រជារាស្រ្តខ្មែរបាន ព្រះរាជទាន និងផ្ដល់ឋានៈព្រះអង្គ ជាព្រះរាជអគ្គនិពន្ធអក្សរសាស្ត្រខ្មែរ និងជាសមាជិកកិត្តិយស នៃសមាគមអ្នកនិពន្ធខ្មែរ ហើយបានបន្សល់ទុកនូវស្នាព្រះហត្ថជាច្រើនរួមមាន៖ វចនានុក្រមភាសាខ្មែរ, ព្រះរាជនិពន្ធទំនុកច្រៀងបទនគររាជ សម្រាប់ការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា, បទគោរពទង់ព្រះពុទ្ធសាសនា, បទសរភញ្ញជាដើម។ល។ ដែលជាកេរ្តិ៍មរតកដ៏ថ្លៃថ្លាបំផុត សម្រាប់ឱ្យយើងទាំងអស់គ្នាជាកូនខ្មែរជំនាន់ក្រោយ បានស្ដាប់លឺ បានសិក្សាឈ្វេងយល់ ជារៀងរាល់ថ្ងៃរហូតដល់ពេលបច្ចុប្បន្ននេះ។
ឯកឧត្តម សាន សម្ផស្ស អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ដែរថា ពិធីបុណ្យរម្លឹកគុណូបការៈនេះ មានអត្ថន័យជ្រាលជ្រៅ និងជាគុណប្រយោជន៍សម្រាប់ពុទ្ឋបរិស័ទ និងកូនខ្មែរយើងទាំងអស់គ្នាៗ ត្រូវតែចងចាំនិងប្រតិបត្តិតាមគន្លងមាគ៌ានៃបុព្វបុរសខ្មែរ ជាពិសេសព្រះកិត្តិនាមនិងស្នាដៃរបស់ព្រះអង្គស្ថិតនៅដក់ជាប់ជានិច្ចក្នុងបេះដូងកូនចៅជាប្រជាពលរដ្ឋកម្ពុជាជារៀងរហូត ព្រោះថាពេញមួយជីវិតរបស់ព្រះអង្គ ព្រះអង្គបានបំពេញព្រះរាជបេសកកម្មយ៉ាងធំក្រៃលែង ក្នុងវិស័យ សង្គមកិច្ច និងវិស័យសិក្សាធិការ។ល។សម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ រៀនសូត្រដល់សព្វថ្ងៃនេះ។
តាមព្រះសុមង្គលសិលាចារ្យ ជុំ គឹមឡេង ព្រះមេគណខេត្ត មានថេរដិកាបញ្ជាក់ថា បុព្វហេតុដែលនាំឱ្យកើតមានទិវាបុណ្យរំលឹកឧបការៈគុណនេះឡើង គឺដោយសារព្រះតម្រិះ របស់សម្តេចព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ដែលជានិច្ចកាលព្រះអង្គតែងតែនឹករលឹកចំពោះគុណូបការៈរបស់សម្តេចសង្ឃរាជ ដែលជាបុគ្គលមួយរូបប្រៀបបានទៅនឹងផ្កាឈូកដែលដុះចេញពីភក់តែមិនធុំក្លិនភក់ មានតែក្លិនក្រអូបតែម្យ៉ាងប៉ុណ្ណោះ។ ព្រះគុណសម្បត្តិនៃសម្តេចព្រះសង្ឃរាជ មានច្រើនយ៉ាងណាស់ព្រះអង្គមានការព្យាយាមខ្លាំង មានភាពវាងវៃខ្លាំងមានភាពអង់អាចខ្លាំងមានភាពឈ្លាសវៃក្នុងធម្មទេសនាដ៍ក្រៃលែងមានសកម្មភាពដ៍ប្រសើរខ្លាំងណាស់។ ក្រៅពីភាសាខ្មែរដែលសម្តេចទ្រង់បានស្រាវជ្រាវ សម្តេចបានសិក្សាភាសាបាលីអាចអាននិងសន្ទនាតាមសំនៀងជាតិបរទេសបានទាំងអស់មានលង្កាភូមា សៀម ឡាវឥតមានទើសទាក់ភ្លាំងភ្លាត់ឡើយ ។លើសពីនេះព្រះអង្គបានកសាងគម្ពីរដិកាជាច្រើនទាំងគម្ពីរស្លឹករិតទាំងសៀវភៅផង។ ជាពិសេសសៀវភៅដែលសម្តេចប្រមូលចងក្រងរៀបរៀងនិងសៀវភៅដែលទ្រង់ប្រែពីបាលីមកជាភាសាខ្មែរសម្រាប់ពុទ្ឋបរិស័ទរៀនសូត្រ ។
សូមបញ្ជាក់ឲ្យដឹងផងដែរថា សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ទ្រង់ប្រសូត្រនៅថ្ងៃអង្គារ៍ ទី១១ ខែមីនា ឆ្នាំ១៨៨៣ នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្តេចព្រះសង្ឃរាជ បានបួសជាសាមណេរក្នុងអាយុ១៤ឆ្នាំលុះព្រះជន្មគម្រប់២១ព្រះវស្សា ទ្រង់ឧបសម្បទាជាភិក្ខុ ។ ព្រះអង្គទ្រង់សោយទីវង្គតនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញាឆ្នាំ១៩៦៩ ក្នុងជន្មាយុ៨៦ព្រះវស្សាក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *