យោធភូមិភាគទី៩ នៃកងទ័ពប្រជាជន វៀត ណាម និងរដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធីចុះកិច្ចព្រមព្រៀង បន្តសហការ រុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀត ណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ក្នុងជំហាន​ទី​២៣

កំពង់ឆ្នាំង៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីចុះហត្ថលេខាបន្តសហការ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម ដែលបានពលីជីវិតគ្រប់សម័យសង្គ្រាមក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជំហាន ទី២៣ រដូវប្រាំង ឆ្នាំ២០២៣-២០២៤ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ មុំ សុភាព មេបញ្ជាការរង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជំនាញ យោធភូមិភាគពិសេស ដោយមានការចូលរួមពី លោក អម សុភា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ត្រី ហ្វិញ វ៉ាន់ងន មេបញ្ជាការរងនយោបាយភូមិភាគ និងជាប្រធានគណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម នៅព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានឡើងរាយការណ៍អំពីលទ្ធផលនៃការរុករក ជីកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមនៅខេត្តកំពង់ឆ្នាំង ចាប់ពីជំហានទី១ រដូវប្រាំងឆ្នាំ២០០២-២០០៣ ដល់ជំហាន ទី២២ រដូវប្រាំងឆ្នាំ២០២២-២០២៣ បានចំនួន៣៦៨សព និងបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញរួចហើយដែរ។

ឧត្តមសេនីយ៍ត្រី ហ្វិញ វ៉ាន់ងន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋកម្ពុជា ដែលបានសហការយ៉ាងស្អិតរមួត ក្នុងការជួយផ្ដល់ព័ត៌មាននិងស្រាវជ្រាវ រុករក ជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ឲ្យបានវិល ត្រឡប់ទៅកាន់មាតុភូមិវិញនាពេលកន្លងមក។

ឧត្តមសេនីយ៍ទោ មុំ សុភាព បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានសហការជាមួយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបន្តជួយដល់ប្រទេសកម្ពុជា រហូតមក ។

ក្នុងនោះផងដែរលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង  បានប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយក្រុមការងារK90 គណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ដើម្បីសហការស្រាវជ្រាវ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ទៅកាន់មាតុប្រទេសជួបជុំក្រុមគ្រួសារ ដែលរង់ចាំអដ្ឋិធាតុនៅឯប្រទេសកំណើតរបស់ខ្លួន ៕

មុននឹងបញ្ចប់កម្មវិធី ភាគីទាំងពីរ(កម្ពុជា-វៀតណាម) បានជូនវត្ថុអនុស្សាវរីយ៍ទៅវិញទៅមក ដើម្បីរឹតចំណងសាមគ្គីភាពស្អិតរមួតរវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជាអង្គភាពទាំងពីរ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៃកងយោធពលខេមរភូមិន្ទ និងយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *