វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅស្រុកស្វាយលើ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប លើកទី៥ អាណត្តិទី៣ ក្នុងគោលដៅទី៥ នៅបរិវេណវត្ត ស្វាយលើ ក្នុងឃុំស្វាយលើ ស្រុកស្វាយលើ មានចំនួនពីរស្រុក មានស្រុកជីក្រែង និង ស្រុកស្វាយលើ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ដោយបានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជា សិស្សានុសិស្ស និង ប្រជាពលរដ្ឋ នៃស្រុកទាំងពីរ ចំនួន ៥៧៩នាក់ចូលរួម នៅព្រឹកថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០២៣។
បន្ទាប់ពីការបង្ហាញស្តីពីទិដ្ឋភាពរួមនៃការអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត ឆ្នាំ២០២០.២០២៤ នៃផែនការ៣ឆ្នាំរំកិល និង តាមការបញ្ជាក់របស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ពីគោលបំណងរបស់វេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានាក្នុងឆ្នាំ២០២៣ ព្រមទាំងសមិទ្ធផលរបស់រដ្ឋបាលស្រុកស្វាយលើ និង ស្រុកជីក្រែង យកមកធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាប្រឈម និង សំណូមពរ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឲ្យកាន់តែល្អប្រសើរឡើង។
ឯកឧត្តម អ៊ាន ឃុន បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និង អ្នកចូលរួមទាំងអស់ សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា នៅក្នុងវេទិកានេះឲ្យបានច្រើន ដើម្បីក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា ក្នុងករណីដោះស្រាយបានភ្លាមៗនឹងធ្វើការដោះស្រាយជូនភ្លាមៗ ហើយករណីមិនអាចដោះស្រាយបានភ្លាមៗនឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ ។ ជាលទ្ធផលសម្រាប់វេទិការក្នុងថ្ងៃនេះ គឺទទួលបានសំណូមពរពីប្រជាពលរដ្ឋ បានលើកឡើងនូវសំណួរផ្ទាល់មាត់ចំនួន១០ ដោយផ្តោតទៅលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ ថ្នល់ ) , អគ្គិសនី ,ធារាសាស្ត្រ, ព្រៃឈើសហគមន៍ , ការងារសាសនា។ ក្នុងនោះត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូល ឲ្យអស់កង្វល់ដែលបងប្អូនមានទុក្ខកង្វល់កន្លងមក ឲ្យបានកាន់តែយល់ច្បាស់ផងដែរ ។ អង្គវេទិកាក៏ទទួលបានសំណួរ សំណូមពរដែលសរសេរជាលាយល័ក្ខអក្សរ មាន១៥សំណួរ សំណូមពរផងដែរ។ ក្នុងនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជម្រុញដល់អជ្ញាធរស្រុកទាំងពីរ និង មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការដោះស្រាយនូវរាល់បញ្ហាទុក្ខកង្វលរបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលាទៅតាមភាពជាក់ស្តែងនៅក្នុងមូលដ្ឋាននៃស្រុកស្វាយលើ និងស្រុកជីក្រែងនេះ។ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៏បានបញ្ជាក់ផងដែរថា វេទិកាសាធារណៈនេះ ជាលើកទី៥ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នាឱកាសនេះ ពិតជាមានសារៈសំខាន់បំផុត ក្នុងការជួយជម្រុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និង ដោះស្រាយបញ្ហា សំណួរ-សំណូមពររបស់ប្រជាពលរដ្ឋ នឹងជួយជម្រុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានភូមិឃុំស្រុក នៃខេត្តសៀមរាបទាំងមូល ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *