ថ្នាក់ដឹកនាំខេត្តសំណេះសំណាល ជាមួយក្រុមកីឡារត់ប្រណាំង (Raid Amazones) លើកទី៤ មកពីបណ្តាប្រទេសនិយាយភាសារបារាំង

សៀមរាប៖ ឯកឧត្តម នី ប៉ាលី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោក យុន លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងតំណាងសហព័ន្ធកីឡា បានជួបសំណេះសំណាលជាមួយក្រុមកីឡារត់ប្រណាំង (Raid Amazones)លើកទី៤ មកពីបណ្តាប្រទេសនិយាយភាសារបារាំង ចំនួន២៧៦នាក់ នៅសណ្ឋាគារសុខាល័យ អង្គរ ខេត្តសៀមរាប នៅរសៀលថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០២៤។
មានប្រសាសន៍នោះលោក, Debanne ប្រធាន ក្រុមហ៊ុនZBO បានលើកពីគោលបំណងនៃកីឡារត់ប្រណាំង (Raid Amazones) ក្នុងការលើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រីតាមរយៈកីឡា Raid Amazones និង ផ្តល់ឲ្យស្ត្រីពីមជ្ឈដ្ឋានចម្រុះនូវឱកាសមួយ ដើម្បីជម្រុញដែនកំណត់របស់ពួកគេនៅក្នុងទីតាំងកម្រ និង អសកម្មនៅទូទាំងពិភពលោក ។
មានប្រសាសន៍សំណេះសំណាលនោះដែរលោក យុន លីនណេ អភិបាលរងខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បានសម្តែងនូវមនោសញ្ចេតនារីករាយ យ៉ាងក្រៃលែង ចំពោះការរៀបចំព្រឹត្តិការណ៍កីឡារត់ប្រណាំង (Raid Amazones) លើកទី៤ ក្នុងខេត្តសៀមរាប ។ លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ ឧបសគ្គ (Raid Amazones) ដ៏មានប្រជាប្រិយភាព មួយរបស់ពិភពលោក ដែលបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០១ ក្នុងគោលដៅដើម្បីពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ក្នុងវិស័យកីឡា ដោយបានសង្កត់ធ្ងន់យ៉ាងខ្ជាប់ខ្ជួននូវភាពក្លាហាន ក្នុងការតស៊ូអត់ធ្មត់របស់អត្តពលិកនារី ។ លោកបានបន្តទៀតថា ក្នុងឆ្នាំ២០២៤នេះ គឺជាលើកទី៤នៃព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ឧបសគ្គ កីឡា រត់ប្រណាំងឆ្លងកាត់ឧបសគ្គ (Raid Amzones) ហើយក៏ជាកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលបានទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ខាងលើ ដែលមានរយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-២០ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួម ពីកីឡារនីអន្តរជាតិ ២៧៦នាក់ ។ លោក យុន លីនណេ បានលើកឡើងថា ព្រឹត្តិការណ៍ នេះ គឺជាសកម្មភាពប្រកួតប្រជែងមួយតាមរយៈពាក្យស្លោកថា ( ការរត់ឆ្លងកាត់ឧបសគ្គ )ដែលមានគោលដៅសំខាន់ គឺដើម្បីបង្ហាញពីភាពអំណត់អត់ធ្មត់ ការខិតខំប្រឹងប្រែង និងឆន្ទៈដ៏អស្ចារ្យរបស់ស្ត្រី ។ ការប្រកួតកីឡានេះ គឺជាសកម្មភាពដែលបានផ្សព្វផ្សាយ លើកកម្ពស់ និង គាំទ្រស្ត្រី ឲ្យពួកគាត់កាន់តែរឹងមាំ និងហ៊ានបញ្ចេញពីសមត្ថភាព ភាពក្លាហានដែលខ្លួនមានដូចជាបុរស ។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏បានលើកស្ទួយ និងឆ្លុះបញ្ចាំងពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ និងប្រពៃណីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈសកម្មភាពប្រកួតប្រជែងលើវិញ្ញាសាមួយចំនួនដូចជា ការសិក្សា ស្រាវជ្រាវមុននឹងចូលរួមប្រកួត ការអនុវត្តផ្ទាល់លើវិញ្ញាសាផ្សេងៗ ដំណើរស្វែងរកការពិតពីប្រវត្តិសាស្រ្តដែលបុព្វបុរសខ្មែរ បានបន្សល់ទុកដល់សព្វថ្ងៃ និងសកម្មភាពសប្បុរសធម៌នានា ។ លោកអភិបាលរងខេត្ត បន្តទៀតថា ព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យ នេះ បានជួយផ្សព្វផ្សាយពីរូបភាពដ៏ស្រស់ត្រកាលនៃ ព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលមានភាពល្បីល្បាញនៃប្រាង្គប្រាសាទដ៏មហិមា ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏រុងរឿងជាច្រើនទៀតផង ។ ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លា នៃព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ឧបសគ្គ (Raid Amazones)នេះ កីឡា និង ការផ្សងព្រេងឆ្លងផុតព្រំដែនយេនឌ័រ ជាការបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍផ្ទាល់ខ្លួន និងការស្វែងរកខ្លួនឯង ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *