ព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុន សៅលីញ និងគុនល្បក្កតោ»

ព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បក្កតោ»
អាចផ្សព្វផ្សាយ កាន់តែទូលំទូលាយ នូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ របស់កម្ពុជា-ចិន
ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍”When Shaolin Meets Bokator At Angkor” នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានបើកដំណើរការជាផ្លូវការ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា រវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែង រួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បក្កតោខ្មែរ ដើម្បីអបអរសាទរដល់ការអនុវត្តយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” និង “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោកជំទាវ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប លោក Sun Shougang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការខេត្តហឺណាន នៃបក្សកុម្មុយនិស្តចិន និងជាអភិបាលរងខេត្តហឺណាន ព្រមទាំងឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមយុវជនកាកបាទក្រហម ក្រុមយុវជនកាយរិទ្ធកម្ពុជា ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកយុន លីនណេ អភិបាលរងខេត្តសៀមរាប និង ចំណាប់អារម្មណ៍របស់លោក Sun Shougang អភិបាលរងខេត្តហឺណាន រួចមក មានប្រសាសន៍ថ្លែងក្នុងពិធីបើក ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បក្កតោ» នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ជាការពិត ប្រទេសចិន និងកម្ពុជា គឺជាមិត្តល្អបំផុត ចេះជួយយកអាសារគ្នាទៅវិញទៅមកគ្រប់ពេលវេលា និង គ្រប់កាលៈទេសៈទាំងអស់ ។ ប្រជាជនចិន និងប្រជាជនកម្ពុជា មានភាពស្រដៀងគ្នា និង ពាក់ព័ន្ធខាងផ្នែកប្រវត្តិសាស្ត្រជាមួយគ្នាច្រើន ដូចជាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ ជាមួយនឹងប្រវត្តិនៃទំនាក់ទំនងការទូតដ៏យូរលង់ណាស់មកហើយ។ ចំណងសាមគ្គីភាពរវាងកម្ពុជា-ចិន ក៏ត្រូវបានរឹតបន្តឹងកាន់តែស្អិតរមួត បន្ថែមទៀតពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់បច្ចុប្បន្ននេះ ។ ឯកឧត្តមបញ្ជាក់ថា ជាក់ស្ដែង ការរៀបចំនូវព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍”When Shaolin Meets Bokator At Angkor” ពិតជាឆ្លុះបញ្ចាំងឲ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណាន ក្នុងការពង្រឹងនិងពង្រីក ចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី មិត្តដែកថែប និង សហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងកម្ពុជា-ចិន ដែលផ្ដោតលើវិស័យ អាទិភាពចំនួន ៦ ក្នុងនោះរួមបញ្ចូលទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ។ ព្រឹត្តិការណ៍នេះ ជួយគាំទ្រដល់យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» និង ជាការចូលរួមចំណែកយ៉ាងសកម្ម ដល់ការអនុវត្តយុទ្ធសាស្ត្រ “ខ្សែក្រវាត់ និងវិថី” ផងដែរ។ ទន្ទឹមនឹងនេះ ដើម្បីអាចទាក់ទាញភ្ញៀវទេសចរមកចូលរួមរាល់ព្រឹត្តិការណ៍ និងសកម្មភាពដែលរៀបចំក្រោមយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» ឲ្យកាន់តែច្រើន, ក្រសួងទេសចរណ៍សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងរៀបចំឲ្យមានព្រឹត្តិការណ៍ទេសចរណ៍, កីឡា, វប្បធម៌, កម្មវិធីពិព័រណ៌, កម្មវិធី MICE, និង កម្មវិធីជាច្រើនទៀត ស្របជាមួយការដាក់ចេញយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤»របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំជាប្រតិទិនព្រឹត្តិការណ៍ (Event Calendar) សម្រាប់ផ្សព្វផ្សាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិនផងដែរ ។ ក្នុងនាមជាស្ថាប័នដឹកនាំសម្របសម្រួលការរៀបចំ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤», ឯកឧត្តម សូមថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្ដហឺណាន និងរដ្ឋបាលខេត្តសៀមរាប ដែលបានចូលរួមសហការជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំកម្មវិធី «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បក្កតោ» នាពេលនេះ ប្រកបដោយភាពឱឡារិក និង អធិកអធម ។ ឯកឧត្តម សុខ សូកេន បានបញ្ជាក់ទៀតថា តាមរយៈការរៀបចំព្រឹត្តិការណ៍នានារួមគ្នារវាងកម្ពុជា-ចិន ក្នុងក្របខណ្ឌនៃយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ពិសេសព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បក្កតោ» នាពេលនេះ ធ្វើឲ្យយើងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់ប្រទេសយើងទាំងពីរ ដែលនឹងមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក រវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពចំពោះទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *