លោក គង់ វុន ថៅកែអគ្គិសនី ស្រុកជីក្រែង ចាប់ផ្ដើម បន្តឈូសឆាយ ដីព្រៃ រដ្ឋ ធ្វើជាកម្មសិទ្ធិ ទៀតហើយ

អ៊ុក ផ្លុង សៀមរាប÷ លោក គង់ វុន ថៅកែអគ្គិសនី ស្រុក ជីក្រែង បច្ចុប្បន្ន រស់ភូមិ កំពង់ក្តី២ ឃុំ កំពង់ក្ដី ស្រុក ជីក្រែងខេត្ត សៀមរាប។ ប្រជាពលរដ្ឋថា លោក គង់ វុន គឺជាកំពូល ឧក្រិដ្ឋកម្ម បំផ្លិចបំផ្លាញ ដីព្រៃ របស់រដ្ឋ យកមក ធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន ហើយមានចរិកកាង ដោយ អាងទឹកប្រាក់ រំលោភបំពាន សិទ្ធបញ្ញា អ្នកដទៃ ពួកគាត់ បានអះអាងថាពេលនេះលោក គង់ វុនបានបន្តធ្វើការឈូសឆាយដីព្រៃទៀតហើយ។ ចរិកកាងពោលគឺ ÷ នៅពេលធ្វើសកម្មភាពឈូសឆាយដីព្រៃម្ដងៗមានការបិទផ្លូវមិនឲ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅកាន់ ស្រែចំការរបស់ពួកគាត់ ដែលនៅក្បែរ ព្រៃដែលកំពុង ធ្វើសកម្មភាពឈូសឆាយ,ប្ដឹងទៅសមត្ថកិច្ច ដើម្បី បំភិត បំភ័យអ្នកសារព័ត៌មាន ជាក់ស្តែងនៅថ្ងៃ ច័ន្ទ ទី២២ ខែ មេសា ឆ្នាំ ២០២៤ ក្រោយពីមាន សេចក្តីរាយការណ៍ពីប្រជាប្រជាពលរដ្ឋថា លោក គង់ វុន បានបន្តធ្វើការឈូសដីព្រៃទៀត ទទួល សេចក្តីរាយការណ៍ភ្លាម អ្នក សារព័ត៌មានបានទៅដល់គោលដៅ ពិតជាឃើញ គ្រឿងចក្រ ចំនួន ០១គ្រឿង និងកម្មករ ពី៨ទៅ ៩នាក់ កំពុងធ្វើ សកម្មភាពឈូសឆាយ និងរើសឫសឈើនិងប្រមូលគល់ឈើ នៅចំណុច ត្រពាំងត្រាវធំ ស្ថិតនៅ ក្នុងភូមិសាស្ត្រ ឃុំ ល្វែង ឫស្សី ស្រុក ជីក្រែង ខេត្ត សៀមរា នូវពេលដែលអ្នកសារព័ត៌មានកំពុងតែថតយករូបភាពនៃសកម្មភាព ជាក់ស្តែងមាន បុរសម្នាក់ឈ្មោះ សា ជាមេការរបស់ លោក គង់ វុនបានទូរស័ព្ទ ទៅ ប៉ុស្តិ៍ នគរបាលរដ្ឋ បាលឃុំ ល្វែង ឫស្សី ឲ្យជួយ អន្តរាគមន៍(នេះគឺជាសម្ដីរបស់ភ្នាក់ងារសារព័ត៌មានដែលបានចុះទៅដល់ចំណុចកើតហេតុ)។ប្រជាពលរដ្ឋបានអះអាងថាដីរបស់បុគ្គល ខាងលើនេះមានរាប់រយហិចតា មួយចំនួនបានមកពីការ ទិញ ពីក្រុមហ៊ុន មួយចំនួនទៀត ទិញពីប្រជាពលរដ្ឋដែលបានចាប់ដីរដ្ឋ យកទៅលក់ ដោយខុសច្បាប់ ហើយមួយចំនួនធំ បានមកពីយកគ្រឿងចក្រទៅឈូសឆាយ ដីព្រៃរដ្ឋយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនតែម្ដង។ពួកគាត់បន្ថែមទៀតថានៅពេលលោកគង់ វុន ធ្វើការឈូសឆាយដីព្រៃម្ដងៗ លោកតែងតែ ធ្វើការសែនព្រេនដល់អ្នកតាជំនាញថែរក្សា ព្រៃឈើ និងធ្វើពិធី ក្រុងពាលី ជូនដង្វាយដល់អ្នកតា ម្ចាស់ស្រុក និងនាការ ដោយ រោយ ទើបរាល់ការឈូសឆាយដីព្រៃរបស់លោករមែងតែងតែរលូន។ ពាក់ព័ន្ធនឹងករណីខាងលើនេះអ្នកសារព័ត៌មានបានទូរស័ព្ទទៅ លោក វង្សសាំង សំរិត ហៅ (ហុង ដា) នាយសង្កាត់ រដ្ឋបាល ព្រៃឈើ កំពង់ ក្ដី ទូរស័ព្ទចូល បានទទួលហើយ ប៉ុន្តែត្រូវបានដាច់ទៅវិញ។ អ្នកសារព័ត៌មានបានផ្ញើសារ តាមប្រព័ន្ធ Telegram លោកចូលមើលហើយ ប៉ុន្តែគ្មានការបកស្រាយ។ លោក យុន ប្រុស មេ ឃុំ ល្វែង ឫស្សី អ្នកសារព័ត៌មាន បានបញ្ជូនសារ តាមប្រព័ន្ធ Telegram លោក បានឆ្លើយតបថា លោក កំពុងរវល់ លោក នឹងបំភ្លឺពេលក្រោយ ពេលដែលលោកទំនេរ ប៉ុន្តែ រយៈពេល ជាងមួយថ្ងៃទៅហើយ លោក យុន ប្រុស ពុំទាន់មានការបកស្រាយអ្វីទាល់តែសោះ។ ដោយសារតែការឈូសឆាយ ដីព្រៃ ឈើ រាប់រយហិចតាចេះតែបន្តថែម គ្មានការទប់ស្កាត់អស់រយៈពេលជាច្រើនឆ្នាំមកនេះក្រោយពី លោក ថៅកែ អគ្គិសនី ស្រុក ជីក្រែង បានទិញដីពីក្រុមហ៊ុន ធ្វើឱ្យប្រជាពលរដ្ឋ រិះគន់ ចំពោះ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងអាជ្ញាធរដែនដី ចាប់ពី ថ្នាក់ភូមិ ឃុំ ស្រុក រហូតដល់ថ្នាក់ ខេត្តថា អសមត្ថភាពក្នុងការទប់ស្កាត់និងបង្ក្រាប បទល្មើសព្រៃឈើ នៅចំណុចខាងលើនេះ ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្រកសត្វព្រៃកុំថាឡើយ សត្វចតុប្បាទ, បក្សាបក្សី សូម្បីតែសត្វ ឃ្មុំ ក៏កំពុដតែប្រឈមគ្មានបង្គងសម្រាប់ ទុំដែល។
ជាចុងក្រោយ ប្រជាពលរដ្ឋសូមសំណូមពរដល់រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ឌីណា មេត្តាចង្អុល បង្ហាញមន្ត្រីក្រោមឱវាទរបស់ ឯកឧត្តម ក្នុង ខេត្ត សៀមរាប មេត្តា ជួយសង្គ្រោះ ជម្រក សត្វព្រៃ ក្នុងភូមិសាស្ត្រ ឃុំ ល្វែង ឫស្សី ស្រុក ជីក្រែង ដែលកំពុង រងការបំផ្លិចបំផ្លាញដោយ លោក គង់ វុន។
ទាក់ទងទៅនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋខាងលើចំពោះ លោក គង់ វុន នេះ អ្នកសារព័ត៌មាន មិនអាចសុំការបកស្រាយពី លោក គង់ វុន បានទេ ព្រោះគ្មានលេខទូរស័ព្ទ របស់លោក។ អង្កភាពយើងខ្ញុំរង់ចាំការបកស្រាយ ពីលោក គង់ វុន ពេលក្រោយ រៀងរាល់ ម៉ោងធ្វើការ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *