ពិធីក្រុងពាលី រៀបចំពិធីបើកកម្មវិធី សម្តែងក្បាច់គុន សាវលីញ និង គុនល្បុក្កតោ នៅតំបន់ប្រាសាទបាយ័ន

សៀមរាប៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណព្រលានជល់ដំរី នៃក្រុងអង្គរធំ ខេត្តសៀមរាប មានរៀបចំពិធីក្រុងពាលីបើកកម្មវិធីសម្តែងក្បាច់គុនសាវលីញ និង គុនល្បុក្កតោនៅតំបន់ប្រាសាទបាយ័នដោយវត្តមានឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការផងដែរ ។
តាមសេចក្តីប្រកាសអំពាវនាវរបស់លោកតាអាចារ្យ ដែលបានប្រសិទ្ធីពិធីការ នាក្នុងឱកាសនោះ ក្នុងការបួង សួងសុំសេចក្តីសុខសេចក្តីចំរើន ដោយឡែក ពិធីបួងសួងនេះ ត្រូវបានរៀបចំប្រាព្ធឡើងតាមបែបព្រហ្មញ្ញសាសនា។ គឺបានបង្ហាញអំពីវប្បធម៌ ប្រពៃណីរស់នៅរបស់ប្រជាជនខ្មែរ ដែលបានបង្កប់ជ្រៅនៅក្នុងជំនឿនិងសង្គម។ ពិធីបួងសួងក៏ដូចជាពិធីក្រុងពាលីផងដែរ គឺជាពិធីដែលស្ថិតក្នុងជំនឿតាមបែបព្រលឹងដូនតា ដែលប្រជាជនខ្មែរយើង មានជំនឿជឿថា នៅលើលោកនេះ អ្នកខ្លាំងពូកែដែលបានចែកឋានទៅហើយនោះ ពិតជាបានប្រើប្រាស់ព្រលឹងរបស់ខ្លួននៅតាមថែរក្សាកូនចៅជំនាន់ក្រោយៗ នឹងមើលការខុសត្រូវដោយឬទ្ធានុភាពជួយគាំទ្រកូនចៅដែលប្រព្រឹត្តិអំពើល្អ និង មានមនសិការស្នេហាជាតិ ស្រឡាញ់ការពារទឹកដីមាតុភូមិ កេរ្តិ៍ដំណែលដូនតាដោយពិតប្រាកដ ។ ការប្រារព្ធពិធីនេះ ក៏បានបង្ហាញអំពីបេះដូងដ៏ទូលំទូលាយរបស់ប្រជាជនខ្មែរ ដែលបានរក្សាប្រពៃណីជំនឿនៃជាតិសាសន៍របស់ខ្លួនតាំងតែពីសម័យកាលដ៏រុងរឿងនៃអាណាចក្រអង្គរ ដែលជាសម័យកាលនៃព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែ បានធ្វើសមាហរណកម្មរវាងព្រហ្មញ្ញសាសនា និង ការហូរចូលរបស់ព្រះពុទ្ធសាសនាមកកាន់កម្ពុជាជាដើម។ ជាមួយគ្នានេះ លោក គ្រូអាចារ្យ ក៏បានធ្វើការបួងសួងបារមី ដ៏ស័ក្តសិទ្ធ ដែលគ្រប់គ្រងថែរក្សាឋានកៃឡាស់ មានព្រះមាតាមេឃាពពកស ព្រះធរណី ព្រះគង្គា និង បារមីព្រះមហាក្សត្រ គ្រប់ជំនាន់ នៃប្រទេសកម្ពុជា ព្រមទាំងបារមីលោកតារាជ្យ ព្រះអង្គចេកព្រះអង្គចម លោកយាយទេព តាដំបងដែក លោកតា ពេជ្រ ព្រះអង្គគោកធ្លក និងបារមីអរុកអរ័ក្សអ្នកថែរក្សនៅប្រាសាទភិមានអាកាស និង មេទ័ពខ្លាំងពូកែគ្រប់ជំនាន់ ដែលគង់ប្រថាប់ថែរក្សានៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប និងតាម ប្រាង្គប្រាសាទនានា តាមជួយថែរក្សាក្នុងរយៈពេលបើកកម្មវិធីសម្តែងក្បាច់គុនសាវលីញចិន និង គុនល្បុក្កតោនៅតំបន់ប្រាសាទបាយ័ននាថ្ងៃទី២៤ ខេមេសា ឆ្នាំ២០២៤នោះ ឲ្យបានប្រព្រឹត្តទៅដោយរលូន គឺមានសុវត្ថិភាពល្អ ដល់ថ្នាក់ដឹកនាំកំពូលៗនៃប្រទេសទាំងពីរ ក៏ដូចក្រុមសិល្បះក្បាច់គុនទាំងពីរប្រទេស ក្នុងពេលសម្តែងឲ្យជួបតែភាពត្រជាក់ត្រជុំ សុខដុមរមនា កុំឲ្យមានភ្លៀងព្យុះបក់បោក និង ការរំខានផ្សេងៗដល់ដំណើរការរៀបចំពិធីនៅទីនោះផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *