លោក សួង សែ អំពាវនាវដល់ម្ចាស់ក្បាលដី និងអ្នកពាក់ព័ន្ធចូលរួមគ្រប់៥ ដំណាក់កាល ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ខេត្តពោធិសាត់៖ លោក សួង សែ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តពោធិ៍សាត់ បានអំពាវនាវដល់លោកមេភូមិ អនុភូមិ ព្រឹទ្ធាចារ្យនិងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីព្រមទាំងអ្នកពាក់ព័ន្ធស្ថិតក្នុងតំបន់វិនិច្ឆ័យក្នុងភូមិព្រៃស្មាច់ ភូមិព្រៃខ្លុង ភូមិ មល់និងភូមិ វាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ សូមចូលរួមជាមួយមន្ត្រីក្រុមកាងារឱ្យបានគ្រប់៥ដំណាក់កាលក្នុងការចុះ បញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដើម្បីដំណើរការទៅមានភាពរលូន តម្លាភាពនិងទទួលបានគុណប្រយោជន៍ទាំងអស់គ្នា។

លោក សួង សែ បានធ្វើការអំពាវនាវបែបនេះនៅពេលអញ្ជើញប្រជុំផ្សព្វផ្សាយប្រកាសកំណត់តំបន់វិនិច្ឆ័យទាំង៤ភូមិក្នុងឃុំរកាត នាររៀល ថ្ងៃទី៤ ខែមេសាឆ្នាំ២០២៤ នៅវត្តព្រៃខ្លុង ដែលមានប្រជាពលរដ្ឋ តំណាងមេគ្រួសារបានមកចូលរួមស្តាប់ការផ្សព្វផ្សាយជាសាធារណៈ ឆ្លើយបំភ្លឺផ្នែក ផ្លូវ ច្បាប់ និងបំភ្លឺរាល់សំណួរ ចម្ងល់ដែលទាក់ទងនិង
ការវិនិច្ឆ័យចូលរួមប្រមាណ៣០០នាក់ ។

លោក បានបញ្ជាក់ថា គណៈកម្មការរដ្ឋបាលបានបើកវគ្គបណ្តុះបណ្តាល រួចមកហើត អំពីតួនាទីភារកិច្ច ក្នុងការសម្របសម្រួល ដោះស្រាយនូវរាល់បញ្ហាប្រឈមនានា នៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួនជូនប្រជាពលរដ្ឋក្នុងអំឡុង ធ្វើការវិនិច្ឆ័យ នីតិវិធីនៃការកសាង សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី។

លោកបានជម្រាបជូនថា សម្រាប់ភូមិទាំង៤នៃ ឃុំរកាត ត្រូវបានក្រុមការងារប្រកាសតំបន់ចុះ បញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធគឺជាភូមិ ឃុំចុងក្រោយ ក្នុងចំណោម៦ឃុំនៃស្រុកភ្នំក្រវាញ ។

ដើម្បីឲ្យកិច្ចដំណើរការវាស់វែងនិងចុះបញ្ជីដីធ្លីមានភាពរលូន និងតម្លាភាពនោះលោកសូមឲ្យ គណៈកម្មការរដ្ឋបាលនិងបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ទ្រព្យស្ថិតក្នុងតំបន់គោលដៅ មេត្តាចូលរួមសហការឲ្យបានទាំង ៥ដំណាក់កាល គឺ ១-ដំណាក់ កាលត្រៀមរៀបចំកំណត់តំបន់ធ្វើការវិនិច្ឆ័យ ២-ប្រតិបត្តិការបច្ចេកទេស ៣-បិទប្រកាសផ្សាយជា សាធារណៈ រយៈពេល១៥ថ្ងៃនូវឯកសារវិនិច្ឆ័យ ៤-សម្រេចលើឯកសារ និងទី៥-ការចេញវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ។

នៅពេលមន្ត្រីចុះ ប្រតិបត្តិការនោះ ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីឬអ្នកកាន់កាប់ដី ទាំងអស់ត្រូវចូលរួមបំពេញតព្វកិច្ច បោះបង្គោលព្រំដីនិងឯកភាពគ្នា បង្ហាញដី កំណត់ព្រំដី រវាងគ្នានិងគ្នា ត្រូវមានឯកសារដូចជា អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ ប្លង់ដី បង្កាន់ដៃ លក់ ទិញ លិខិតផ្ទេសិទ្ធិ សេចក្តីសម្រេចពីតុលាការមុននឹងដំណើរការនៃការកំណត់ព្រំវាស់វែង វិនិច្ឆ័យ ឈានចូលមកដល់។

លោកហេង សុភាណ អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានថ្លែងថា ៤ភូមិនៃឃុំរកាត ជាភូមិឃុំចុងក្រោយ ក្នុងចំណោម៦ឃុំរបស់ស្រុកភ្នំក្រវាញ ត្រូវបានចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធដែលមានផ្ទៃដីរួម២០៨២ហិកតា ក្នុងនោះដីលំនៅឋាន ១៩៥ហិកតា ដីស្រែ ៥៧៧ហិកតា ដីចំការ ១៣១០ហិកតា ដីសហគមន៍ ២៥៦៧ហិកតា និងដីព្រៃ ៣០០ហិកតា ប្រជាពលរដ្ឋ៥៧២២នាក់ស្មើនឹង ១៤១គ្រួសារ។

ទាំងគណកម្មការរដ្ឋ បាលនិងបងប្អូនប្រជាពលរដ្ឋ គ្រប់ ក្រុមគ្រួសារដែលជាម្ចាស់ដី ស្ថិតក្នុងតំបន់វិនិច្ឆ័យ ត្រូវធ្វើការពិភាក្សា រវាងប្តីប្រពន្ធនិងឳពុកម្តាយក្នុងការបែងចែក ការផ្ទេរ ឱ្យបានច្បាស់លាស់ អំពី ប្រភេទទ្រព្យ បើមានទំនាស់ត្រូវដោះស្រាយឱ្យបានរួចរាល់បើមិនដូច្នោះទេក្រុមការងារមិនវាស់ជូនឡើយ។

ជាទូទៅគឺមានតែអាជ្ញាធរមូលដ្ឋាន ចាស់ព្រឹទ្ធាចារ្យនិងបងប្អូនជាម្ចាស់ក្បាលដីនោះទេ ដែលបានដឹងអំពីប្រវត្តិដីនោះពិតប្រាកដ។ លោក បានសំណូមពរនិងបង្ហាញ ក្តីសង្ឃឹម យ៉ាងមុតមាំ ថាទាំងមន្ត្រីក្រុមការងារ និងប្រជាពលរដ្ឋ ស្ថិតក្ហនុងតំបន់គោលដៅ គប្បីមេត្តាយកចិត្តទុកដាក់បំពេញការងារឱ្យបានខ្ជាប់ខ្ជួនដើម្បី ត្រូវពន្លឿន ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ បានចប់សព្វគ្រប់ទូទាំងប្រទេសត្រឹមឆ្នាំ ២០២៥នេះ។

លោកបានលើកឡើង ទៀតថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តពីសម្រេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាសេនាធិការ តែងតែបានខិតខំជម្រុញ ក្នុងការចុះ បញ្ជីដីធ្លី និង ធានាបាន នូវភាពសុក្រឹត្យ ត្រឹមត្រូវ ទាំងលក្ខណៈបច្ចេកទេស លក្ខណច្បាប់ ងាយស្រួលក្នុងការគ្រប់គ្រង ប្រើប្រាស់ និងចែងចែក ពុំមានហានិភ័យ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *