កិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិង ការគ្រប់គ្រងផលប៉ះពាល់ ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

សៀមរាប៖ នៅសាលប្រជុំនៃសាលាខេត្តសៀមរាប ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ” ខេត្តសៀមរាប ។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគ.ល.ក ដោយមានការអញ្ជើញចូលរួមឯកឧត្តម សមាជិករដ្ឋសភា , តំណាងក្រសួងមហាផ្ទៃ ទេសចរណ៍ ,ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សាលាដំបូងខេត្ត ព្រមទាំងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ កម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ប្រមាណជា៣០០នាក់ចូលរួម។
ក្នុងកិច្ចស្វាគមន៍លោក លី សារី អភិបាលរងខេត្ត បានបង្ហាញនៅក្នុងកិច្ចប្រជុំថា ចំពោះល្បែងស៊ីសង សំដៅដល់ល្បែងគ្រប់ប្រភេទ ដែលគេលេងភ្នាល់ណាមួយ ដែលមានស៊ី មានសងទៅវិញទៅមក ហើយគោលដៅនៃការលេងល្បែងនោះ ដើម្បីឈ្នះលុយរបស់អ្នកឯទៀត។ ការលេងល្បែងស៊ីសងចាប់ផ្តើមចេញពីការមានគោលដៅគិតតែពីប្រយោជន៍ខ្លួន ពោលគឺចង់បានលុយពីអ្នកដែលបានចាញ់។ លោក បានបន្តថា កាលពីសម័យមុនយើងសង្កេតឃើញមានល្បែងស៊ីសង ដែលគេនិយម ដូចជា ការជល់មាន់ ដាក់លុយ ការជល់ក្របី ជល់ត្រី ការលេងអុកភ្នាល់គ្នាដាក់លុយ ការលេងបៀរ អាប៉ោង ការចាក់ខ្លាឃ្លោកជាដើម។ តែបច្ចុប្បន្នបច្ចេកវិទ្យាមានការរីកចម្រើន និងទំនើប អ្វីៗក៏ងាយស្រួល នាំឱ្យមានការវិវត្តនៃការលេងល្បែងស៊ីសងនេះផងដែរ ដូចជាការចាក់បាល់អនឡាញ ការចាក់ទឹកភ្លៀង និងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតផ្សេងៗទៀត ដូចជាការលេងបៀរអនឡាញ ឡូតូ ចាក់កន្ទុយលេខ ឬចាក់ឆ្នោតជាដើម។ យើងឃើញថា ល្បែងគឺមានឈ្នះមានចាញ់ តែល្បែងស៊ីសងគឺជំរុញឱ្យមានបំណងប្រាថ្នា ចង់បានអ្វីមួយដែលឥតខ្លឹមសារ ហើយអ្នកដែលលេងល្បែងស៊ីសងមិនយូរប៉ុន្មាននឹងជួបប្រទះការបំភាន់ក្នុងគំនិតថា គេគ្រាន់តែលះបង់បន្តិចប៉ុណ្ណោះ ឬមិនចាំបាច់ចំណាយអ្វីសោះ តែទទួលបានមកវិញនូវប្រាក់ជាច្រើន។ ពួកគេនឹងឃើញថាពួកគេចំណាយប្រាក់យ៉ាងច្រើន បាត់បង់កិត្តិយសផ្ទាល់ខ្លួន និងការគោរពពីសមាជិកគ្រួសារ និងមិត្តភក្តិរបស់ពួកគេថែមទៀត។

ក្នុងនោះដែរ ឯកឧត្តម រស់ ភីរុណ បានលើកឡើងថា ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ជាគោលបំនង លើកកម្ពស់ សេដ្ឋកិច្ច ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និង លើកកម្ពស់វិស័យទេសចរណ៍ ព្រមទាំងបង្កើនការងារជូនប្រជាពលរដ្ឋ និង ប្រមូលចំណូលថវិកាជាតិ ។ ឯកឧត្តមក៏បានបញ្ជាក់ចំណុចសំខាន់ គឺធ្វើយ៉ាងណាងកុំឲ្យមានបញ្ហាចំពោះសង្គម ដោយរក្សា ឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ។ ឯកឧត្តមក៏បានឲ្យដឹងផងដែរថា នៅខេត្តសៀមរាប គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា បានអនុញ្ញាតិច្បាប់ធ្វើអាជីវកម្មល្បែងផ្សងសំណាង ចំនួន៥កន្លែង ។ កិច្ចប្រជុំពិភាក្សានេះ ក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន ទី១. បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះនិង ផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្ត លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់ និងដោះស្រាយនូវបញ្ហាប្រឈមនានា និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបាននិងកំពុងកើតមានឡើង នៅក្នុងកិច្ចដំណើរការអាជីវកម្មល្បែងផ្សងសំណាង,ទី២. បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងអគ្គលេខា ធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តកំពង់ស្ពឺ សំដៅផ្លាស់ប្តូរ ព័ត៌មាន និងសហការក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន លើការធ្វើអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងដែលមិនមានអាជ្ញាបណ្ណ និង/ឬ អាជ្ញាបណ្ណសាខា និង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាពី គ.ល.ក.។ និង ទី៣. លើកកម្ពស់ការយល់ដឹងឲ្យកាន់តែ ទូលំទូលាយនូវច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្មល្បែងផ្សង សំណាង ដើម្បីជំរុញអនុលោមភាពនិងការទទួលខុសត្រូវរបស់ប្រតិបត្តិករល្បែងផ្សងសំណាង និងចូលរួម កាត់បន្ថយផលប៉ះពាល់អវិជ្ជមានជាអតិបរមាពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ក្នុងកិច្ចប្រជុំពិភាក្សានេះដែរ ឯកឧត្តមអគ្គលេខាធិការ គ.ល.ក. ក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា មកដល់បច្ចុប្បន្ន គ.ល.ក. បានផ្តល់អាជ្ញាបណ្ណល្បែងផ្សងសំណាងចំនួន ២១ អាជ្ញាបណ្ណសាខាល្បែងផ្សង សំណាង ចំនួន ៤៥ និងប៉ុស្តិ៍សេវាល្បែងផ្សងសំណាងចំនួន ៩០ សម្រាប់តែប្រភេទឆ្នោតកោស ឆ្នោតសន្លឹក និងឆ្នោតឡូតូ ដែលបានដំណើរការជាយូរមកហើយ តាំងពីមុនពេលមានច្បាប់ស្តីពីការគ្រប់គ្រងល្បែង ពាណិជ្ជកម្មមកម្លេះ និងពុំមានបង្កផលប៉ះពាល់ដល់ការគ្រប់គ្រងនោះទេ ហើយ គ.ល.ក. ក៏មិនទាន់បានផ្តល់ការអនុញ្ញាតឲ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងគ្រប់ប្រភេទ តាមគ្រប់រូបភាពនិងគ្រប់មធ្យោបាយ ដល់ក្រុមហ៊ុនល្បែងផ្សងសំណាងណាមួយឡើយ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *