ឯកឧត្តមសន្តិបណ្ឌិត គៀតចន្ទថារិទ្ធដឹកនាំកិច្ចប្រជុំគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពនៅខេត្តពោធិ៍សាត់

ពោធិសាត់៖ ឯកឧត្តមសន្តិបណ្ឌិត គៀត ចន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នារៀលថ្ងៃទី២៣ខែមករាឆ្នាំ២០២៤នៅសាលប្រជុំ សាលាខេត្តបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ ដែលពិធីនេះមានការចូលរួមពីលោក ពៅ ពិសិដ្ឋ អភិបាលស្តីទីនៃគណៈអភិបាលខេត្ត ព្រមទាំង លោក លោកស្រី គណៈអភិបាលស្រុក ក្រុងទាំង៧ កងកម្លាំងប្រដាប់អាវុធទាំង៣ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៤៩ឃុំ សង្កាត់។

លោក ពៅ ពិសិដ្ឋ អភិបាលស្តីទីនៃគណៈអភីបាលខេត្ត​បានលើកឡើងថា ​លក្ខណៈសម្បត្តិទាំង៧ចំណុច របស់គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពក៏ដូចបទបញ្ជារបស់រាជរដ្ឋាភិបាលត្រូវបានរដ្ឋបាលខេត្តចុះផ្សព្វផ្សាយបានចំនួន៥៧១៩ លើក មានអ្នកចូលរួមជាង៥៦១ពាន់នាក់។

ផ្អែកតាមការពិនិត្យនិងវាយតម្លៃចំពោះសភាពការណ៍កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនិង លក្ខណៈវិនិច្ឆ័យនាឆ្នាំ២០២៣ទាំង៤៩ឃុំសង្កាត់ទទួលបានចំណាត់ថ្នាក់លេខ១មានចំនួន២២ឃុំ សង្កាត់ ចំណាត់ថ្នាក់លេខ២មានចំនួន២៤ឃុំ សង្កាត់ និងចំណាត់លេខ៣មានចំនួន៣ឃុំ សង្កាត់ គឺគ្មានឃុំ សង្កាត់ណាមួយដែលមិនជាប់ចំណាត់ថ្នាក់នោះទេ។

លោកឧត្តមសេនីយត្រី ហៀង ស៊ីថា ស្នងការរងនគរបាលខេត្តអានសេចក្តីសម្រេចលេខ៤៧៧១សសរ . របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៣ខែតុលាឆ្នាំ២០២៣ស្តីពីការកែសម្រួលសមាសភាពក្រុមការងារត្រួតពិនិត្យនិងជម្រុញការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិត្រូវបានចាត់តាំងឯកឧត្តម សន្តិបណ្ឌិត គៀតចន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន ឯកឧត្តម ផាង ពៅនិងឯកឧត្តម ហែម ថេង អនុរដ្ឋលេខាធិការ ជាអនុប្រធានក្រុមការេងារទី១៧ប្រចាំខេត្តពោធិ៍សាត់។

ឯកឧត្តម សន្តិបណ្ឌិត គៀត​ចន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាកត្តាសំខាន់ណាស់សម្រាប់ការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ទាំងនេះទាមទាឱ្យអាជ្ញាធរដែនដីនិងអង្គភាពពាក់ព័ន្ធស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ ធ្វើការផ្សព្វផ្សាយជូនដល់ ប្រជាពលរដ្ឋបង្កើនការយល់ដឹងឱ្យមានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀតព្រោះថា គោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់សម្រាប់បម្រើក្នុងការ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គ្រប់ពេលវេលា គ្រប់ កាលៈទេសៈ ដោយមិនប្រកាន់អំពីនិន្នាការអ្វីឡើយពោល គឺត្រូវតែខិតខំប្រឹងប្រែងអនុវត្តឱ្យអស់លទ្ធភាពនិងប្រកបដោយភាពកក់ក្តៅ និងកាន់តែមានទំនុកចិត្តខ្ពស់ ។

ឯកឧត្តមសន្តិបណ្ឌិត បានវាយតម្លៃ និង កោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់កងកម្លាំងប្រដាប់អាវុធទាំង៣និងអាជ្ញាធរដែនដី ដែលបានខិតខំនិងយកចិត្តទុកដាក់អនុវត្តគោលនយោបាយនេះបានល្អប្រសើរនាពេលកន្លងមក និងធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តជឿជាក់យ៉ាងខ្លាំង ។

ទោះជាយ៉ាងនេះក៏ដោយ ក្រសួងមហាផ្ទៃនៅតែ ផ្តោតការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់សមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈបន្តជម្រុញអនុវត្តនូវកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការពេលនេះឱ្យកាន់តែមានវឌ្ឍនភាពលើការងារពង្រឹងភាពជាម្ចាស់ការ របស់រដ្ឋបាលមូលដ្ឋាន ក្នុងការបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាព ។

បើពឹងផ្អែកទាំងស្រុងទៅលើកងកម្លាំងប្រដាប់អាវុធតែមួយគឺមិនអាចធានាបាននោះឡើយហេតុនេះ គប្បីជម្រុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសបងប្អូនកម្លាំងប្រជាការពារភូមិនិងប្រជាពលរដ្ឋ គឺជាកម្លាំងស្នូលនៅក្នុងមូលដ្ឋាន រួមចំណែករក្សាការពារសុវត្ថិភាព សន្តិសុខបានល្អប្រសើរក្នុងការកាត់បន្ថយបទល្មើសពីច្រើនទៅតិចនិងពីតិចទៅតិចបំផុត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *