ស្ទាវឆ្លងខេត្តជិះរថយន្ត និងម៉ូតូដេញកាប់មនុស្សនៅខេត្តតាកែវត្រូវ កម្លាំងប៉ូលីសស្រុកគិរីវង់ឃាត់ខ្លួន

តាកែវ : ក្រុមក្មេងទំនើង១ក្រុមមានគ្នាប្រហែល២០នាក់ មកពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មកបញ្ចេញកំហឹងជាមួយយុវជន២នាក់កំពុងជិះម៉ូតូតាមផ្លូវបណ្តាលអោយរងរបួសហើយព្យាយាមគេចខ្លួនតែត្រូវជាប់អន្ទាក់របស់សមត្ថកិច្ចស្រុកគិរីវង់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២៣ និង៣០នាទី។
លោក ជា សុផល អធិការស្រុកគិរីវង់បានអោយដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និង មានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។ ក្រោយទទួលបានព័ត៌មានភ្លាម លោកអធិការស្រុកគិរីវង់ បានបញ្ជាអោយលោកអធិការរងព្រហ្មទណ្ឌស្រុក និងកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអង្គប្រាសាទ បានធ្វើការស្រាវជ្រាវស្ទាក់ចាប់ខ្លួនជនសង្ស័យបានចំនួួន៩នាក់នៅចំណុចភូមិប្រជ្រាយ ឃុំអង្គប្រាសាទ ស្រុក. គិរីវង់ ខេត្តតាកែវ ដោយជនសង្ស័យទាំង៩នាក់គឺរស់នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ដោយក្រុមជនសង្ស័យបានយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះបណ្តាលអោយរងរបួសយ៉ាងដំណាំរួមមាន ៖
ទី១.ឈ្មោះ នី ចាន់ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ នគរបាលជាតិ មានស្រុកកំណើតភូមិចេក ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ បច្ចុប្បន្នរស់នៅភូមិដំណាក់ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលអោយរងរបួសក្បាលផ្នែកខាងឆ្វេងដេរចំនួន០៥ថ្នេរ ។
២.ឈ្មោះ ថាន ប៊ុនធីម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលអោយរងរបួសក្បាលលើគុម្ពត្រចៀកផ្នែកខាងឆ្វេងដេរចំនួន០៧ថ្នេរ ក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យ បានយកម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាBEAT ពណ៌ខៀវលាយស សេរី២០២២ ពាក់ស្លាកលេខ តាកែវ 1AA-9440 យកទៅប្លុងចោលនៅចំណុចឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ។
ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាបន្ត ព្រមទាំងបានសាកសួរ នឹងកសាងសំណុំរឿងតាមនីតិវិធី ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *