កិច្ចប្រជុំ សមាគមក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន ខេត្តសៀមរាប ប្រចាំឆ្នាំ២០២៣

សៀមរាប៖ កិច្ចប្រជុំក្រុមប្រឹក្សាសមាគម របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប ឆ្នាំទី៥ អាណត្តិទី៣ ប្រចាំឆ្នាំ២០២៣ និង លើកទិសដៅ ការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង ជាអនុប្រធានសមាគមជាតិក្រុមប្រឹក្សា រាជធានី ខេត្ត និង ជាកម្រងទី៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា និង លោក សុខ ថុល អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អង្គការដៃគូពាក់ព័ន្ធ ព្រមទាំងអស់លោក លោកស្រីជាសមាជិក សមាជិកាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត ប្រមាណ ១៥០នាក់ចូលរួម នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោក សាម ឡម ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាប ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានធ្វើការវាយតម្លៃខ្ពស់ពីលទ្ធផលរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាប ក្នុងឆ្នាំ២០២៣ ព្រមទាំងបានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន៥ចំណុច ជាមូលដ្ឋានសម្រាបសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាបយកទៅអនុវត្តឲ្យចំគោលដៅ ។
ឯកឧត្តម អ៊ាន ឃុន បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ក្នុងឆ្នាំទី៥ អាណត្តិទី៣ បាននាំមកនូវសមិទ្ធផលចំបងៗ ជូនដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ក្នុងគោលបំណង លើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាព ការពារផលប្រយោជន៍ គុណប្រយោជន៍ ពង្រឹងនីតិរដ្ឋស្របច្បាប់ ជំរុញលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងសុខមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈគណនេយ្យភាព តម្លាភាព និងប្រសិទ្ធិភាព នៃការផ្តល់សេវាសាធារណនៅមូលដ្ឋាន ។ កិច្ចប្រជុំរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរៀបចំឡើង ដេីម្បីបង្កើនការយល់ដឹងអំពីការអនុវត្តតួនាទី ភារកិច្ចនិងការដាក់ចេញនូវផែនការអភិវឌ្ឍស្ថាប័ន តាមរយៈបូកសរុបនិងឆ្លុះបញ្ចាំង លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៣ និង ផ្តល់ឱកាសដល់ថ្នាក់ដឹកនាំនិងសមាជិកពិនិត្យ ឆ្លុះបញ្ចាំង រៀនសូត្រពីគ្នាទៅវិញទៅមកនិងកំណត់បាននូវបញ្ហាប្រឈមនិងរកដំណោះស្រាយ ។ ឯកឧត្តមបានថ្លែងទៀតថា សមាគមក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាខេត្តសៀមរាបទាំងអស់ ខិតខំបន្តនិងចូលរួមអនុវត្តគម្រោង លើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិ ដើម្បីធានានូវការពេញចិត្តរបស់សមាជិកក្រុមប្រឹក្សាមូលដ្ឋាន ទាំងការងារគ្រប់គ្រង ដឹកនាំ បំពញមុខងារនិងការទទួលខុសត្រូវ ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានបញ្ជាក់ថា ក្នុងអាណត្តិទី៣នេះ សមាគមក្រុមប្រឹក្សា ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈកាន់តែរហ័សនិងកាន់តែគួរឲ្យទុកចិត្ត ឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ។ ជាមួយគ្នានោះមានកិច្ចសហការជាមួយអង្គការដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន ក្នុងការចូលរួមជួយជ្រោមជ្រែងក៏ដូចជួយដោះស្រាយ ពីទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីក្រីក្រ កុមារកំព្រានិងក្រុមជនងាយរងគ្រោះ ដូចពាក្យថាមូលដ្ឋានរឹងមាំដោយសារការដឹកនាំល្អ ។ ឯកឧត្តម អ៊ាន ឃុន បានឲ្យសមាជិកសមាជិកាទាំងអស់ មេត្តាយកចិត្តទុកដាក់ស្តាប់ពិភាក្សានិងអនុម័តលក្ខន្តិកៈព្រោះថាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន គឺជាដៃគូររបស់រាជរដ្ឋាភិបាលនៅក្នុងដំណើរការកំណែទម្រង់វិមជ្ឈការនិងវសហមជ្ឈការនៅកម្ពុជា។ ឯកឧត្តមក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ដែលក្នុងរយៈពេលកន្លងមកនេះ បានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបង្កើតសមិទ្ធផលធំៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមលក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ។ ជាមួយគ្នានេះដែរ ក៏សូមស្នើឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តសៀមរាប បន្តការគាំទ្រដល់ការអនុវត្តសកម្មភាពរបស់សមាគម ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានាដែលសមាជិកកំពុងជួបប្រទះក្នុងការផ្តល់ សេវាជូនប្រជាពលរដ្ឋ ៕
ម៉ី សុខារិទ្ធ ភ្នាកងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *