ប្រជុំក្រុមប្រឹក្សា គណៈកម្មាធិការ ប្រតិបត្តិលើកទី៥ អាណត្តិទី៣ របស់សមាគមស្រុក ក្រុង ឃុំ សង្កាត់នៃខេត្តពោធិ៍សាត់

ពោធិសាត់៖ សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តពោធិ៍សាត់ ក្រោមការគាំទ្រពីអង្គការ អាក់សិនអ៊ីដូខេសិន នាព្រឹកថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២៣ បានបើកកិច្ចប្រជុំក្រុមប្រឹក្សា គណៈកម្មាធិការប្រតិបត្តិលើកទី៥ អាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សា ស្រុក ក្រុងឃុំ សង្កាត់នៃខេត្តពោធិ៍សាត់ ប្រចាំឆ្នាំ២០២៣ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារអនុវត្តកន្លងមក និងបញ្ហាប្រឈមនានាព្រមទាំង អនុម័តនូវផែនការ សកម្មភាព ថវិកាសម្រាប់ទិសដៅអនុវត្តឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តក្រោមអធិបតីភាពឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តនិងមានអ្នកចូលរួម១៦០រូប ។

លោក មោក កោ អនុប្រធានអចិន្ត្រៃយ៍និងលោក សំរិទ្ធិ អេង ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត អនុប្រធាន សម្ព័ន្ធភាពជាតិ តំណាងឯកឧត្តម សយ កុសលប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានបានលើកឡើងថា សមាគមក្រុមប្រឹក្សាស្រុក ក្រុង ឃុំ សង្កាត់នៃខេត្តពោធិ៍សាត់បានបង្កើតឡើងតាមរយៈមហាសន្និបាតកាលពីថ្ងៃទី២១-២២ខែវិច្ឆិកាឆ្នាំ២០១៣។

ការបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍនសមត្ថភាព ការពារផលប្រយោជន៍ស្របច្បាប់សមាជិក និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អភិវឌ្ឍន៍មូលដ្ឋានពង្រឹងនីតិរដ្ឋ និងជម្រុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយបច្ចុប្បន្ននេះ ខេត្តពោធិ៍សាត់មានក្រុមប្រឹក្សាស្រុក ក្រុងចំនួន១២១នាក់និងក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន៣៤១នាក់។

លោកស្រី ខាត់ទី ឯកវិសុទ្ធ តំណាងអង្គការ អាក់សិនអ៊ីដូខេសិន បានថ្លែងថា ដោយបានការគាំទ្រពីសហគមន៍អឺរ៉ុប បាន នឹងកំពុងធ្វើកិច្ចសហការជាមួយស្ថាប័ននានាជាពិសេសសមាគមក្រុមប្រឹក្សាថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីរួមចំណែកអភិវឌ្ឍសហគមន៍ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រនិងវិសមភាព។អង្គការមានគោលបំណងជាក់លាក់៣-គឺរួមចំណែកធ្វើឱ្យប្រសើរសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈកិច្ចសហការក្នុងភាពជាដៃគូទាំងសង្គមស៊ីវិល វិស័យឯកជននិងរាជរដ្ឋាភិបាល ២-ផ្តល់ឱកាសទទួល បានការអប់រំទៅដល់កុមារទាំងសេវាទឹកស្អាត និងអនាម័យនិង៣-ជួយអភិរក្សបរិស្ថាន ប្រកបដោយលក្ខណបរិយាបន្ន។

លោកស្រីបានឱ្យដឹងដែរថា អង្គការប្រមាណ៥០និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាស្រុក ក្រុង ឃុំ សង្កាត់ខេត្តគោលដៅ អង្គការអេដអេអាក់ស្យុង បានអនុវត្តនិងគាំទ្រកុមារក្រៅសាលាដែលបោះបង់ការសិក្សាឱ្យចូលរៀនឡើងវិញបានជាង៣ម៉ឺននាក់ដែលគ្របដណ្តប់១០០០ សាលាទូទាំងប្រទេស ដោយឡែកខេត្តពោធិ៍សាត់ អង្គការសេវាកម្ម អភិវឌ្ឍន៍ជនពិការនិងអង្គការពន្លឺកុមារមកដល់ពេលនេះគ្រប ដណ្តប់សាលាបឋមសិក្សាជាង១០០និងកុមារជួបការលំបាកប្រមាណ៥ពាន់នាក់ទទួលបានអត្ថប្រយោជន៍ផ្ទាល់។

ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានថ្លែងក្នុងពិធីបើកនោះថា កិច្ចប្រជុំដែលបានដំណើរការនាពេលនេះក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាព បញ្ហាប្រឈម និងអនុម័តលើរបាយការណ៍ សកម្មភាពលទ្ធផលការងារកន្លងមកនិងថវិកាសម្រាប់ឆ្នាំ២០២៤ដោយផ្តោតសំខាន់វិស័យអប់រំនិងជនមានពិការភាពនៅក្នុងមូលដ្ឋាន។

ប្រមុខរាជរដ្ឋាភិបាល បានយល់ឃើញនិងចាត់ទុកថា សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាស្ថាប័នមួយជាដៃគូរយ៉ាងសំខាន់ក្នុងការជម្រុញ អនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនិងការអនុវត្តអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន។

ជាមួយគ្នានោះក៏បានដាក់ចេញកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំឱ្យមានលទ្ធភាពបំពេញមុខងារប្រកបដោយប្រសិទ្ធភាព ស្វ័យភាព គណនេយ្យភាព និងជួយពង្រឹងអាណត្តិតាមផ្លូវច្បាប់។

ក្នុងន័យនេះសមាគមក្រុមប្រឹក្សាត្រូវមានសមត្ថភាព ធនធាន វិជ្ជាជីវៈសមស្របនិងរៀបចំឱ្យមានសម្ព័ន្ធភាពជាតិ ដែលជាដៃគូរបស់រាជរដ្ឋាភិបាល ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត សូមសមាជិក សមាជិការ យកចិត្តទុកដាក់ ស្តាប់ និងចូលរួមពិភាក្សា អនុម័ត ក្នុងបំណងបង្កើនការយល់ដឹង ឱ្យកាន់តែស៊ីជម្រៅ អំពីតួនាទី ភារកិច្ច ឋានៈ អភិវឌ្ឍសមត្ថភាព ការពារផលប្រយោជន៍ គុណប្រយោជន៍ ពង្រឹងនីតិរដ្ឋស្របច្បាប់ ជម្រុញលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ដែលជាដៃគូររបស់រាជរដ្ឋាភិបាលនៅក្នុងដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៅកម្ពុជា។

ឯកឧត្តម បានស្នើឱ្យលោក លោកស្រីក្នុងជួរសមាគមក្រុមប្រឹក្សា ស្រុក ក្រុង ឃុំ សង្កាត់ ត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្តនូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ផ្តល់សេវាសាធារណៈ និងផែនការ សកម្មភាពប្រចាំឆ្នាំ និងគម្រោងគាំទ្រពីអង្គការ អាក់សិនអ៊ីដូខេសិននិងអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការក្នុងន័យលើកកម្ពស់ការងារអប់រំបរិយាបន្នបញ្ហាពិការភាពនៅមូលដ្ឋាន។

នៅក្នុងកិច្ចប្រជុំអង្គការ អាក់សិនអ៊ីដូខេសិន បានប្រគល់សម្ភារៈដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសម្រាប់យកទៅចែកជូនសាលារៀនបន្តរួមមានសៀវភៅជំនាញកាត់ដេរចំនួន១០០ក្បាល សៀវភៅជំនាញជួលជុលកង់ចំនួន១០០ក្បាល សៀវភៅជំនាញធ្វើតំណាប់ផ្លែឈើចំនួន១០០សៀវភៅ សរសេរចំនួន២៣៦០ក្បាលនិងកាតាប៥១៥នាពេលនោះផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *