ពិធីសូត្រមន្តប្រោះព្រំ និង រាប់បាត្រ ទទួលទេវតាឆ្នាំថ្មី របស់រដ្ឋបាលខេត្តសៀមរាប

សៀមរាប៖ នៅថ្ងៃ ១៣រោច ខែ ផល្គុន ឆ្នាំ ថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងព្រឹកថ្ងៃទី០៦ ខែ មេសា ឆ្នាំ២០២៤ នៅរដ្ឋបាលសាលាខេត្តសៀមរាប បាននិមន្តព្រះសង្ឃ សូត្រមន្ត ប្រោះព្រំលើករាសី ទទួលអំណរសាទរទេវតាឆ្នាំថ្មី ក្នុងគោលបំណងសុំនៅពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី នឹង សុំជួយដល់ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការរដ្ឋបាលសាលាខេត្តសៀមរាប អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និង ប្រជាពលរដ្ឋខេត្តសៀមរាប ឲ្យជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ បន្ថែមទៀតនៅគ្រប់ភារកិច្ចរបស់ខ្លួន។
ក្នុងពិធីសូត្រមន្ត ប្រោះព្រហ្មទទួលទេវតាឆ្នាំថ្មីនេះ បានប្រព្រឺត្តទៅក្រោមវត្តមានរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត,ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្នងការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និង ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញ ខេត្ត បានធ្វើពិធីបួងសួង និងសូមពរជ័យសិរីមង្គលពីទេវត្តាឆ្នាំថ្មី ក្នុងការប្រកបការងារជូនជាតិមាតុភូមិ ឲ្យមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យនាឆ្នាំថ្មីនេះ ។ ពិធីនេះ ក៏បាននិមន្ត ព្រះមេគណខេត្តទាំងពីរគណៈ មន្ត្រីសង្ឃខេត្ត ព្រមទាំងព្រះគ្រូចៅអធិការវត្ត សូត្រជ័យន្តោប្រោះព្រហ្មសុំសុខសិរីសួស្តីគ្រប់ប្រការ និងបានវេរភ័ត្តរាប់បាត្រព្រះសង្ឃចំនួន៥៦អង្គទៅតាមលំអានប្រពៃណីព្រះពុទ្ឋសាសនា។
ក្នុងឱកាសចូលឆ្នាំៗនេះ រដ្ឋបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងរួមសហការរៀបចំនូវ ព្រឹត្តិការសៀមរាប-សង្ក្រាន្ត នៅតាមដងស្ទឹងសៀមរាបពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៤ ដើម្បីញ៉ាំងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឱ្យកាន់តែអធិកអធម ដើម្បីបង្កើននូវភាពទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ ក្នុងនិងក្រៅប្រទេស ចូលមកទស្សនាកម្សាន្តខេត្តសៀមរាបកាន់តែមានការកើនឡើងជាបន្តបន្ទាប់ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី «ទស្សនាសៀមរាបឆ្នាំ២០២៤» ព្រមទាំងវិធានការមួយចំនួន ដើម្បីចូលរួមស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តនេះឱ្យមានសន្ទុះឡើងវិញ ក្នុងគោលដៅ«ស្ដារនិងលើកស្ទួយវិស័យទេសចរណ៍» ជាវិស័យមួយដែលបានផ្ដល់នូវការងារជាច្រើន ដល់ប្រជាពលរដ្ឋ ហើយបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងសេដ្ឋកិច្ចជាតិ។ ក្នុងពិធីនោះដែរក៏បានធ្វើការឧទ្ទិសបួង សួងដល់ទេវតាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ដែលមានទេវតាព្រះនាម មហោទរាទេវី ដែលនឹងយាងចូលមក ដល់នៅរាត្រីថ្ងៃសៅរ៍ទី ១៣៤ខែ មេសា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃ ៥កើត ខែ ចេត្រ វេលាម៉ោង២២និង ១៧នាទី សូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ដល់ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ ស្ថាប័ន អង្គភាពជុំវិញខេត្ត។ ក្នុងឱកាសនោះដែរក៏មានការនិមន្តព្រះសង្ឃ និងសីលវ័ន្តសីសវតី ធ្វើពិធីរាប់បាត្រ ដើមី្បឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ធមាតាបិតា ជីដូនជីតា ញាតិកាទាំងប្រាំពីរសណ្តាន បុព្វការីជន និងកម្មាភិបាល យុទ្ធជនយុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និង ប្រជាជនដែលបានស្លាប់ដោយភាពអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានចែកឋានទៅកាន់លោកខាងមុខ ។ ក្នុងនោះដែរក៏មានការសម្តែងនូវរបាំត្រុដ៏ ដើមី្បធ្វើការបណ្តេញចេញនូវឧបឌ្រុបចង្រៃឆ្នាំចាស់ និង ទទួលយកនូវពរជ័យសិរីមង្គលឆ្នាំថ្មី ជូនដល់ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជុំវិញខេត្ត បំពេញការងារភារកិច្ចឆ្នាំថ្មី បានទទួលជោគជ័យផងដែរ ។
សូមបញ្ជាក់ថា តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បញ្ជាក់ថាការរៀបចំសៀមរាបសង្ក្រាន្ត នៅឆ្នាំ២០២៤ មានរយៈពេល៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប និងនៅតាមផ្លូវសងខាងដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ខេត្ត រហូតដល់ស្ពានវត្តដំណាក់។
ព្រឹត្តិការណ៍នេះនឹងមានរួមបញ្ចូលនូវកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា ការលេងល្បែងប្រជាប្រិយខ្មែរ ការជិះទូកលេងតាមដងស្ទឹង ការវាយកូនហ្គោលសៀមរាបសង្ក្រាន្ត ការតាំងពិព័រណ៍ម្ហូបអាហារ ការទស្សនាផ្សារបណ្តែតទឹក និងការប្រគំតន្ត្រីនាពេលរាត្រី ជាដើម ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *