ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ ឆ្នាំ២០២៣

សៀមរាប៖ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ ឆ្នាំ២០២៣ នេះ នៅមុខប្រាសាទអង្គរវត្ត ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣នេះ ការវិលត្រឡប់មកកាន់ទឹកដីអង្គរដ៏បវរនាពេលនេះ គឺយើងទាំងគ្នាបានចូលរួមអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៧០ ទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន និង ខួបលើកទី២៨ នៃកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង អង្គការបេះដូងមាស ដែលមានមនុស្សចូលរួមប្រមាណជាង ១ម៉ឺននាក់ ក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ ឆ្នាំ២០២៣នេះ ។
ជាក់ស្តែងនៅព្រឹកនេះ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅមុខអង្គរវត្ត លើកទី២៨ ឆ្នាំ២០២៣ បានមានប្រសាសន៍ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៨ ឆ្នាំ២០២៣នេះ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ១០ពាន់១៥៤នាក់ ក្នុងនោះ អត្តពលិកខ្មែរចំនួន ៦ពាន់៥០០នាក់ និងអត្តពលិកអន្តរជាតិចំនួន ៣ពាន់៦៥៤នាក់ មកពី ៧៨ប្រទេស ដោយមានការកើនឡើង ៤០% បើធៀបនឹងឆ្នាំ២០២២ ដែលប្រទេសចូលរួមច្រើនជាងគេ គឺអង់គ្លេស សហរដ្ឋអាមេរិក និង បារាំង។ ឯកឧត្តមបណ្ឌិត ថោង ខុន បន្តទៀតថា សូមអត្តពលិកជាតិ និងអន្តរជាតិបន្តគាំទ្រ និងចូលរួមទិវារត់ប្រណាំងបន្តទៀតដើម្បីមនុស្សធម៌ និងរត់ដើម្បីជនរងគ្រោះដោយសារមីននៅកម្ពុជាផង និងជាកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នាឲ្យកាន់មានភាពស្អិតរមួតល្អប្រសើរថែមទៀត។ សកម្មភាពទាំងនេះ គឺជាគោលបំណងនៃការរៀបចំរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរដែលត្រូវបានធ្វើឡើងជារៀងរាល់ខែធ្នូនៃឆ្នាំនីមួយៗ និយាយជារួមគឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើម្បីបំផុសសកម្មភាពកីឡា បង្កើន សាមគ្គីភាព សុខភាពទាំងប្រជាពលរដ្ឋសាមញ្ញក៏ដូចជា អត្តពលិកអាជីពជាដើម។ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *