កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្ស ទី២១ ប្រចាំឆ្នាំ២០២៣ បានជំរុញឱ្យយុវជន ទទួលបានការអភិវឌ្ឍន៍សមត្ថភាព លើជំនាញសរសេរគម្រោងស្នាដៃ

សៀមរាប៖ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងពិធីបិទកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ប្រចាំឆ្នាំ២០២៣ នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះថា កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ប្រចាំឆ្នាំ២០២៣ បានធ្វើឱ្យយុវជនទាំងអស់ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តចូលរួមប្រកួតប្រជែងស្នាដៃរបស់ខ្លួនប្រកបដោយជោគជ័យ។ និងបានធ្វើឱ្យយុវជនទទួលបានការអភិវឌ្ឍន៍ សមត្ថភាពលើជំនាញ  សរសេរគម្រោងស្នាដៃ ដោយផ្តើមចេញពីការផ្សារភ្ជាប់ទ្រឹស្ដី ទៅនឹងការអនុវត្ត និងពង្រីកការយល់ដឹង ចេះវិភាគ ថ្លឹងថ្លែងបានត្រឹមត្រូវ  ជាពិសេសយុវជនមានសេចក្ដីក្លាហាន ហ៊ានចូលរួមចែករំលែក និងទទួលយកបទពិសោធថ្មីៗ បង្កើតបានជាមូលធនមនុស្សដែលមានសក្ដានុពលនៅក្នុងទីផ្សារការងារ  និងអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាពលរដ្ឋឌីជីថលមានតម្លៃនៅក្នុងសង្គមឌីជីថល ឆ្លើយតបទៅភាពរីកចម្រើននៃបច្ចេកវិទ្យាបដិវត្ឧស្សាហកម្ម៤.០។ឯកឧត្តមបានជំរុញឱ្យយុវជនទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែង និងបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងក្លាលើការសិក្សា ការស្រាវជ្រាវមុខវិជ្ជាទាក់ទងនិងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និគណិតវិទ្យានិងត្រូវចេះច្នៃប្រឌិតនូវអ្វីដែលស្រាវជ្រាវបន្ទាប់ពីសិក្សារួច។លោក ស្រ៊ីវ គឹមស្រេង អនុប្រធាននាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នេះជាឆ្នាំទី៤ហើយ នៃការរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្ស ទី២១ ដោយការចាប់ផ្តើមកម្មវិធីនេះលើកដំបូងគឺនៅឆ្នាំ២០១៩ និងបានបន្តអនុវត្តប្រចាំឆ្នាំរហូតដល់ឆ្នាំ២០២៣ នេះ ដោយកំណត់ប្រធានបទតាមឆ្នាំនីមួយៗ និងមានទិសដៅអនុវត្តនៅឆ្នាំបន្តបន្ទាប់ទៀត។ សម្រាប់ឆ្នាំនេះ បានធ្វើឡើងក្រោមប្រធានបទ “STEM និងការផលិតអាហារ” ដែលចាប់ផ្តើមនៅថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកនេះ មានយុវជនចូលរួមប្រកួតចំនួន២៥ក្រុម  មកពី ២៥រាជធានី ខេត្តមានបេក្ខជនសរុប ២៥០នាក់ ស្រី ១២១នាក់ គ្រូដឹកនាំ ២៥នាក់ ដែលក្នុង១ក្រុមមានគម្រោងស្នាដៃ១ ដែលកើតចេញពីគំនិតច្នៃប្រឌិតបង្កើតថ្មីរបស់ខ្លួន ដោយមានរៀបចំជាវីដេអូខ្លី២នាទី។ ជាលទ្ធផល ជ័យលាភីលេខ១ បានទៅក្រុមសិស្សមកពីខេត្តកែប គម្រោង ”ព្រះក្រុងទ្រង់គ្រឿង”  លេខ២ បានទៅលើក្រុមសិស្សមកពីខេត្តព្រះវិហារ គម្រោង ”Magical oil”និងលេខ៣ បានទៅលើក្រុមសិស្សមកពីខេត្តកណ្ដាល គម្រោង” Multea-Automatic-Drye”៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *