កម្ពុជា ដឹកនាំមហាសន្និបាតគុនខ្មែរអន្ដរជាតិ នៅក្រុងសៀមរាប

សហព័ន្ធគុនខ្មែរអន្ដរជាតិ បានធ្វើ មហាសន្និបាត លើកទី៤ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងការដឹកនាំមហាសន្និបាតនេះ ដោយមានតំណាងពី១៣ប្រទេសចូលរួម រួមមាន បារាំង ,ម៉ូរីស, ឥណ្ឌា ,អ៉ីរ៉ង់ ,ជប៉ុន ,ហ្វីលីពីន ,កាម៉េរូន ,ម៉ាឡេស៊ី ,រុស្ស៊ី និង កម្ពុជា នៅល្ងាចថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ បុរីអង្គរ ខេត្តសៀមរាប ។ នេះជាលើកទី៤ហើយ ដែលកម្ពុជា ម្ចាស់ក្បាច់គុនខ្មែរ បានធ្វើនូវមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ។ មហាសន្និបាតនេះ ធ្វើឡើងមុនការប្រកួតជ្រើសជើងឯកគុនខ្មែរពិភពលោក លើកទី៤ ដែលនឹងត្រូវធ្វើចាប់ពីថ្ងៃទី ២៦,២៧, ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើទឹកដីខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ។
មហាសន្និបាតប្រចាំឆ្នាំនេះធ្វើឡើង ដើម្បីបង្ហាញនូវវឌ្ឍនភាពការងារ ពិសេស គឺការដាក់ចេញនូវ គោលការណ៍យុទ្ធសាស្ដ្រមួយចំនួន ដើម្បីជម្រុញការអភិរក្ស និងអភិវឌ្ឍន៍ ក្បាច់គុនខ្មែរនៅលើឆាកអន្ដរជាតិ។ សូមបញ្ជាក់ផងដែរថា ក្នុងពេលបច្ចុប្បន្ននេះ សហព័ន្ធគុនខ្មែរអន្ដរជាតិ មានសមាជិកជាង ៦០ ប្រទេសនៅលើពិភពលោក ដែលចំនួននេះមានការកើនឡើង បន្ទាប់ពីគុនខ្មែរ ត្រូវបានដាក់បញ្ចូល និង រៀបចំការប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីពេលកន្លងថ្មីៗមកនេះ ។ ទោះជាយ៉ាងនេះក៏ដោយ កម្ពុជា ក៏បាននឹងកំពុងខិតខំ ដើម្បីពង្រីកក្បាច់គុនបុរាណខ្មែរនេះ ទៅបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីបង្កើនសមាជិក ក្នុងគោលដៅឆ្ពោះទៅរកការទទួលស្គាល់ ពីអូឡាំពិកអាស៊ី ក៏ដូចជាឈានទៅដល់កម្រិតអូឡាំពិក នាថ្ងៃអនាគត។
តាមប្រសាសន៍បញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាស្ថាបនិក បានឲ្យដឹងថា មហាសន្និបាតរបស់ សហព័ន្ធគុនខ្មែរអន្ដរជាតិឆ្នាំនេះ មានប្រតិភូចូលរួមជាង ២០ ប្រទេស ដើម្បីពិភាក្សាលើការងារសំខាន់ៗ ស្របពេលកម្ពុជា នឹងចេញគោលការណ៍ ឲ្យប្រទេសសមាជិកទាំងអស់ មានលទ្ធភាព ទទួលធ្វើម្ចាស់ផ្ទះគុនខ្មែរ ជើងឯកពិភពលោក ចាប់ពីឆ្នាំ២០២៥ ។ ក្នុងនោះឯកឧត្តម ក៏បានលើកឡើងពីលទ្ធផលនៃអង្គមហាសន្និបាត ទទួលបាន ដោយបានធ្វើការពន្យល់ថា ការធ្វើបែបនេះ យើងនឹងទទួលបានជោគជ័យ បានន័យថា គុនខ្មែរ ទៅដល់ប្រទេសណា នឹងបង្កភាពភ្ញាក់ផ្អើល និងទាក់ទាញការគាំទ្រ កាន់តែខ្លាំង រួមទាំងបណ្ដាប្រទេស ឬតំបន់នៅជិតខាងយើងផងដែរ ។ នេះគឺជាទស្សនៈ វិស័យនៃគោលការណ៍រដ្ឋបាល និង ទំនាក់ទំនងអន្ដរជាតិរបស់យើង ដើម្បីពង្រីកសក្ដានុពលគុនខ្មែររបស់យើង តាមរយៈនៃការរៀបចំព្រឹត្តិការណ៍កម្រិតពិភពលោកនេះ ឲ្យទៀងទាត់ ហើយកាន់តែធំឡើងៗរៀងរាល់ឆ្នាំ ។ ឯកឧត្តមអគ្គលេខាធិការ ក៏បានលើកពីលទ្ធផល និង សារៈសំខាន់នៃអង្គមហាសន្និបាត ដល់ការធ្វើយុទ្ធនាការ អភិវឌ្ឍន៍ អភិរក្សកីឡាគុនខ្មែរ របស់យើងសម្រាប់ទៅអនាគត ។ ឯកឧត្តមបានសង្ឃឹមជឿជាក់ថា គុណខ្មែរ និងមានការរីកដុះដាលនៅលើឆាកអន្តរជាតិ និង ធ្វើឲ្យអ្វីៗក្លាយទៅជាការពិត ដែលជាមរតកដូន តាខ្មែរយើង និងដឹងគុណដល់ដូនតាយើង ដែលបានបន្សល់ទុកនូវមរតកដ៏មានតម្លៃ បានចារឹកទុកនៅតាមប្រាង្គប្រាសាទ ដែលធ្វើឲ្យកីឡាគុនខ្មែរបង្ហាញនៅលើឆាអន្តរជាតិ ។
មហាសន្និបាតនេះ ពិតជាសំខាន់បំផុត គឺយើងនឹងសម្រេចគោលដៅសំខាន់ របស់សហព័ន្ធគុនខ្មែរអន្ដរជាតិ ទៅថ្ងៃ អនាគត។ ក្នុងអង្គមហាសន្និបាតនេះដែរ ក៏បានដាក់ចេញនូវគោលការណ៍ យុទ្ធសាស្ដ្រគុនខ្មែរអន្ដរជាតិរបស់យើង ឲ្យប្រទេស ផ្សេងៗ គាត់យកទៅអនុវត្ត សំខាន់យើងត្រៀមបញ្ចូលប្រទេសមួយចំនួន នៅតាមទ្វីបនីមួយៗ ឲ្យគាត់ធ្វើជាអ្នកដឹកនាំជាមួយ កម្ពុជា ក្នុងន័យថា បញ្ចូលគាត់ធ្វើជាអនុប្រធាន ទៅតាមតំបន់ ឬទ្វីប ដើម្បីលើកកម្ពស់ពួកគាត់ ឲ្យមានកិត្តិយស ក្នុងការចូលរួមដឹកនាំ គ្រប់គ្រងគុនខ្មែរ នៅលើពិភពលោក ព្រមទាំងបង្កើតទិវាគុនខ្មែរ នៅតាមបណ្តាប្រទេសជាសមាជិក បានប្រារព្ធធ្វើឡើងក្នុងការបណ្តុះបណ្តាល បង្ហាញដល់ក្មេងៗ ពីគុនខ្មែរ ឲ្យកាន់តែទូលំទូលាយលើពិភពលោកទៀតផង។
ការប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី៤ ដែលនឹងធ្វើឡើង ៣ ថ្ងៃជាប់គ្នា បន្ទាប់ពី មហាសន្និបាតគុនខ្មែរអន្ដរជាតិ វិញ គឺមានកីឡាករបរទេស ៣៩រូប មកពី១៦ ប្រទេសចូលរួម រួមមានរុស្ស៊ី, ម៉ូរីស ជប៉ុន កាហ្សាក់ស្ថាន ឥណ្ឌា អ៊ីរ៉ង់ អូស្ដ្រាលី អាហ្សង់ទីន កាមេរ៉ូន ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និងឡាវ ជាដើម ក្រៅពីនេះក៏មានកីឡាករ -កីឡាការិនីម្ចាស់ផ្ទះកម្ពុជា ២៥រូប ដែលត្រូវធ្វើការប្រកួតប្រជែងខ្សែក្រវាត់៦កម្រិតនិងការប្រកួតមិត្តភាពអន្ដរជាតិរួមទាំងការប្រកួតថ្នាលក្មេងៗផងដែរ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *