ក្រសួងផែនការ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់និងសំណូមពរ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបសហការជាមួយនិងក្រសួងផែនការ និងដោយមានការគាំទ្រថវិកាពីអង្គការUND អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃអគ្គនាយក ដ្ឋានផែនការ របស់ក្រសួងផែនការ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់និងសំណូមពរនៃកម្មវិធីអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្តម ទុយ ស៊ីនណា រដ្ឋលេខាធិការក្រសួងផែនការ និង លោក សុខ ថុល អភិបាល រងខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ។ ក្នុងអង្គសិក្ខាសាលានេះដែរក៍មានការចូលរួមជាសិក្ខាកាមពីសំណាក់ លោក លោកស្រី អភិបាល អភិបាលរងក្រុងស្រុក លោក លោកស្រី ប្រធាន អនុប្រធាន តំណាង មន្ទីរអង្គភាពជុំវិញខេត្ត និង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកក្រុងស្រុក ព្រមទាំងលោក លោកស្រី ប្រធាន ការិយាល័យស្រុកប្រតិបត្តិសុខាភិបាលផងដែរ ។ ឯកឧត្តម ទុយ ស៊ីនណា រដ្ឋលេខាធិការក្រសួងផែនការ បានមានប្រសាសន៍ថា ការបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់និងសំណូមពរនាពេលនេះ គឺក្នុងគោល បំណង៖ ណែនាំនិងផ្សព្វផ្សាយបន្ថែមនូវនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រនៅកម្រិតថ្នាក់ជាតិ និងជំរុញ ការប្រើប្រាស់កម្មវិធីសាធារណៈ(Public IDPoor APP) ដល់ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ដើម្បីឱ្យមានការចូលរួមបានទូលំទូលាយ ក្នុងការផ្តល់មតិជំទាស់ និងសំណូមពរនៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ ឯកឧត្តម ទុយ ស៊ីនណា បានបន្តថាក្រៅពីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រសួងផែនការបានពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅផ្សេងៗបន្ថែមទៀតដែល ទាំងនេះបាន បង្ហាញពីចំណុចសំខាន់ៗចំនួន៧ គឺ៖ ១.ភាពធន់នៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ, ២.ការផ្លាស់ប្ដូរពីការប្រមូលទិន្នន័យតាមជុំទៅជាការប្រមូលទិន្ន័យតាមតម្រូវការ, ៣.បរិយាបន្ននៃគ្រួសារងាយរងហានិភ័យ(គ្រួសារក្បែរក្រ), ៤.ការធ្វើបច្ចុប្បន្នកម្មរបៀបរបបគណនាពិន្ទុនិងកម្រងសំណួរ, ៥.ដំណើរការឌីជីថល ភាវូបនីយកម្មពីការធ្វើការងារដោយប្រើក្រដាសទៅការកត់ត និងការរក្សាទុកទិន្នន័យតាមរយៈឌីជីថល, ៦.មុខងារថ្មីនៅក្នុងនីតិវិធី គឺការកែសម្រួលនិងលុប ទិន្នន័យដែលបានបញ្ចូល, និងទី៧.យន្តការគណនេយ្យភាព គឺ យន្តការគ្រប់គ្រងមតិជំទាស់ និងសំណូមពរ ដែលយើងប្រកាសឱ្យប្រើប្រាស់នាថ្ងៃនេះ។ឯកឧត្តម ទុយ ស៊ីនណា រដ្ឋលេខាធិការក្រសួងផែនការ បានថ្លែងបញ្ជាក់បន្ថែមឱ្យដឹងទៀតថាក្រសួងផែនការបានបង្កើតកម្មវិធីសាធារណៈនៃអត្តសញ្ញាណកម្មគ្រួសារក្រីក (Public IDPoor App) សម្រាប់ដំឡើងលើទូរស័ព្ទដៃ និងឧបករណ៍ឆ្លាតវៃ និងគេហទំព័រ www.idpoor.gov.kh សម្រាប់សាធារណជនផ្តល់មតិជំទាស់ និងសំណូមពរផ្សេងៗមកក្រុម ការងារឃុំ/សង្កាត់ មន្ទីរផែនការរាជធានី/ខេត្ត និងក្រសួងផែនការ។ហើយកម្មវិធីថ្មីនេះដែរក៍បានភ្ជាប់ជាមួយ ប្រព័ន្ធមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រថ្នាក់ជាតិ ដែលអាចឱ្យក្រសួងផែនការ និងមន្ទីរផែនការរាជ ធានី/ខេត្ត ដឹងអំពីមតិជំទាស់ និងសំណូមពរគ្រប់ប្រភេទដែលប្រជាពលរដ្ឋ និងអ្នកមានចំណែក ពាក់ព័ន្ធផ្សេងៗបានដាក់ស្នើសុំ និងលំហូរនៃការដោះស្រាយផងដែរ។ ក្នុងនាមរដ្ឋបាលខេត្តសៀមរាបលោក សុខ ថុល អភិបាលរងខេត្ត បានថ្លែងថា ដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិជាមួយរដ្ឋាភិបាលនីតិកាលទី៧ក្រោមការដឹកនាំដ៍ខ្ពង់ប្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តសៀមរាប និងខិតខំចូលរួមអនុវត្ត ឱ្យបានសម្រេចជោគជ័យនូវ«កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល» ដែល ផ្តោតការយកចិត្តទុកដាក់លើកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ ដែលបានដាក់ឱ្យចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០២៣ នេះរួមមាន ៖១. ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យនៅទូទាំងប្រទេស ៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ៤. ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ៥. ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង៦.ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមាន សកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ ។ លោក សុខ ថុល ក៍បានធ្វើការផ្តាំផ្ញើផងដែរ ដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារបស់ខ្លួន ដើមី្បធានាឲ្យបានក្នុងការគ្រប់គ្រងអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងមូលដ្ឋានខ្លួន ផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *