សិស្សសាលាបឋមសិក្សាដែលជាប់ចំណាត់ថ្នាក់ ពីលេខ១ដល់លេខ៥ ចំនួន៣៨៣នាក់ ទទួលបានលិខិតសរសើរនៅសាលាបឋមសិក្សាពោធិ៍សាត់

ពោធិសាត់៖ មានធ្វើពិធីចែកលិខិតសរសើរដល់សិស្សានុសិស្សចំនួន ៣៨៣នាក់ ស្រី២៥៨នាក់ ដែលបានខិតខំរៀនសូត្ររហូតទទួលបានចំណាត់ពីលេខ១ដល់លេខ៥។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីប្រធានមន្ទីរអប់រំយុវជននិងកីឡា អភិបាលរងក្រុងពោធិ៍សាត់ និងមន្ទីរអង្គភាពក្នុងខេត្តមួយចំនួនទៀត នៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៣។

លោក ឆេង រិទ្ធ នាយកសាលាបឋមសិក្សាពោធិ៍សាត់បានរាយការណ៍ថា អនុវត្តតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩ – ២០២៣ និងឆ្ពោះទៅឆ្នាំ២០៣០ ដើម្បីសម្រេចឲ្យបានគោលដៅអភិវឌ្ឍជាតិ ប្រកបដោយចីរភាពក្នុងវិស័យអប់រំ សាលាបានដាក់ចេញនូវទស្សនៈវិស័យមួយចំនួន ក្នុងការអប់រំកុមារយើងឲ្យទទួលបានលទ្ធផលល្អ ប្រកបដោយគុណភាពនិងប្រសិទ្ធភាព។

១.ធានាការអប់រំប្រកបដោយសមធម៌និងប្រសិទ្ធភាព ២.អប់រំកុមារអំពីចរិយាធម៌ សុជីវធម៌ និងគុណធម៌ ៣.រៀបចំបរិស្ថានសាលារៀនជាសាលារៀនបៃតងប្រកបដោយផាសុកភាព និង៤.គោលដៅប្រកួតប្រជែងដើម្បីក្លាយជាសាលារៀនស្អាត នាយកល្អ គ្រូបង្រៀនល្អ នៅឆ្នាំសិក្សា២០២២២០២៣នេះ សាលាមានបុគ្គលិកសរុប៧០នាក់ ស្រី៤៣នាក់ មានថ្នាក់រៀនសរុប៥៩ថ្នាក់ មានសិស្ស ២៨២០នាក់ ស្រី១៣៧៤នាក់សិស្សជាប់មធ្យមភាគសរុប២៧០០នាក់ សិស្សធ្លាក់មធ្យមភាគ៨៥នាក់ និងសិស្សបោះបង់ការសិក្សា៣៥នាក់។

ដើម្បីជាការលើកទឹកចិត្តដល់សិស្សា នុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ មានសីលធម៌ល្អ និងឥរិយាបទថ្លៃថ្នូរ ទទួលបានចំណាត់ថ្នាក់ល្អពី លេខ១ដល់លេខ៥ សាលាបានសហការជាមួយមាតាបិតានិងអាណាព្យាបាលសិស្ស ចែកលិខិតសរសើរប្រចាំឆ្នាំនាពេលនេះ សរុបចំនួន៣៨៣នាក់ក្នុងនោះស្រី២៥៨នាក់។

លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានកោតសរសើរដោយស្មោះចំពោះលោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បំពេញកាតព្វកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់នាពេលកន្លងមក ក្នុងការផ្ដល់នូវពុទ្ធិល្អដល់ក្មួយៗសិស្សានុសិស្ស ប្រកបដោយតម្លាភាព គុណភាព និងប្រសិទ្ធភាព គួរជាទីមោទនៈ។

ជាមួយគ្នានេះលោកក៍បានកោតសរសើរចំពោះមាតាបិតា អាណាព្យាបាលសិស្ស ដែលបានបន្តយកចិត្តទុកដាក់ខ្ពស់ ចូលរួមឧបត្ថម្ភគាំទ្រទាំងសម្ភារៈនិងថវិកា សំដៅលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពអប់រំឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាពពេញលេញ ទាំងវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា តាមរយៈកំណែទម្រង់សាលារៀនឆ្ពោះទៅឧត្តមភាព។

លោក ងួន ប៉ោសេង បានលើកឡើងថា នៅក្នុងកិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រី នីតិកាលទី៧ នាថ្ងៃទី២៤ខែសីហាឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការលើកកម្ពស់គុណភាពអប់រំ ដោយផ្ដោតលើការពង្រឹងសាលារៀនរដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗរួមមាន៖ទី១.ពង្រឹងអភិបាលកិច្ចសាលារៀន ទី២.ការពិនិត្យកែសម្រួលរៀបចំកម្មវិធីសិក្សា សកម្មភាពក្រៅម៉ោងសិក្សាឲ្យស្របតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤.ការជម្រុញលើកទឹកចិត្ត ការចូលរួមរបស់មាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក (ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីអប់រំ)។

លោក ងួន ប៉ោសេង សូមឲ្យលោកគ្រូអ្នកគ្រូ ចូលរួមអនុវត្តកម្មវិធីកំណែទម្រង់សាលារៀន ប្រកបដោយប្រសិទ្ធភាព ស្របតាមចក្ខុវិស័យរបស់ក្រសួងអប់រំយុវជននិងកីឡា និងចក្ខុវិស័យអប់រំរបស់សម្ដេចធិបតី ដោយប្រែក្លាយសាលារៀបទៅជាសាលារៀនគំរូ ប្រែក្លាយគ្រូបង្រៀនទៅជាគ្រូបង្រៀនសតវត្សទី២១ ព្រមទាំងបន្តពង្រឹងអប់រំសិស្សានុសិស្សរបស់យើង ឲ្យស្គាល់អំពីវប្បធម៌ ទំនៀមទំលាប់ ជាពិសេសព្រះពុទ្ធសាសនា ដើម្បីលើកកម្ពស់ការអប់រំចរិយាធម៌ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ ដែលមានជ្រុងមួយស្ដីពី ការអភិវឌ្ឍមូលធនមនុស្ស៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *