វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ឆ្នាំទី៥ អាណត្តិទី៣ នៅស្រុកភ្នំក្រវាញ

ពោធិសាត់៖ ឯកឧ្ត្តមម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំអង្គវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ឆ្នាំទី៥ អាណត្តិទី៣ នៅស្រុកភ្នំក្រវាញ ដែលបានប្រារព្ធធ្វើឡើងនៅសាលាស្រុក ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ផ្នែកវិស័យឯកជន ដែលពាក់ព័ន្ធ តំណាងអង្គការសង្គមស៊ីវិល អាជ្ញាធរភូមិ ឃុំ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋជាង ២០០នាក់ នៅថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០២៣។

ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍បើកអង្គវេទិកាដោយបានលើកឡើងថា វរទិកានេះមានគោលបំ ណងឲ្យក្រុមប្រឹក្សាខេត្ត ជម្រាបជូនដល់ក្រុមប្រឹក្សាស្រុក ឃុំ អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋអំពីសកម្មភាពសម្រេចបានក្នុង រយៈពេលមួយឆ្នាំ បញ្ហាប្រឈមនានា និងអាទិភាពនៃការងារអភិវឌ្ឍន៍សម្រាប់ឆ្នាំខាងមុខ។

ជាមួយគ្នានោះពិភាក្សាលើរបាយការណ៍ ទទួលយកនូវអនុសាសន៍ និងសំណូមពរ ពីប្រជាពលរដ្ឋពិគ្រោះ ពិភាក្សានិងឆ្លើយ តបនូវរាល់ ទុក្ខកង្វល់របស់បងប្អូនដែលកើតមានឡើងនៅក្នុងមូលដ្ឋាន។

ដើម្បីឲ្យវេទិកាប្រព្រឹត្តិទៅមានភាពរលូននោះ សូមស្នើអង្គវេទិកា ចាប់អារម្មណ៍និងបង្ហាញគន្លឹះសំខាន់ៗដែលសមាជិក សមាជិកាលើកឡើងទាក់ទងនឹងការផ្តល់សេវា ចាត់ទុកជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងការបំពេញភារកិច្ចរបស់មន្ត្រី និងជាយន្តការមួយនៃកំណែទម្រង់រដ្ឋាភិបាល។

ឯកឧត្តម បានចាត់ទុកថា វេទិកានេះ គឺជាសាលារៀន សម្រាប់អាជ្ញាធរមូលដ្ឋាននៅថ្នាក់ក្រោមជាតិ ត្រូវយល់ដឹង និងលុបបំបាត់ឲ្យបាននូវអំពើពុករលួយ ដែលកើតចេញពីការធ្វើលិខិតស្នាម ដែលមិនបានកំណត់ក្នុងច្បាប់ និងត្រូវផ្លាស់ប្តូរ ឥរិយាបថពីមន្ត្រីទៅជាអ្នកបម្រើសេវា ដើម្បីឆ្លើយតបទៅតាមការចង់បានរបស់ប្រជាពលរដ្ឋដោយត្រូវចាត់ទុកថា ប្រជាពលរដ្ឋ គឺជាចៅហ្វាយរបស់យើងទាំងអស់គ្នា។

បន្ទាប់ពីមានការបកស្រាយបំភ្លឺនូវរាលទុក្ខកង្វល់របស់សមាជិកអង្គវេទិកាលើកឡើង របស់បណ្តាមន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធ រួចមក លោក ចេង ឡៃ អភិបាលរងខេត្ត ក៏បានលើកឡើងពីគោលបំណងនៃអង្គវេទិការនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានាក្នុងឆ្នាំ២០២៣ យកមកធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាប្រឈម និង សំណូមពរ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឲ្យកាន់តែល្អប្រសើរឡើង។

នៅក្នុងបរិបទនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាកាលានុវត្តិភាព ដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់អំពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមានរយៈពេលកន្លងមក និង បានផ្តល់ឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ បានបញ្ចេញមតិរបស់ខ្លួនអំពីក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន។

ឯកឧត្តម ម៉ក រ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់សំណួរនិងសំណូមពរព្រមទាំងវាគ្មិនតំណាងមន្ទីរ-អង្គភាពនានា ជុំវិញខេត្ត ដែលបានលើកឡើងនិងធ្វើការបកស្រាយបំភ្លឺ ឆ្លើយតបទៅនឹងសំណួរ សំណូមពរដែលជាទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ផ្ទាល់មាត់មានចំនួន ៣៧សំណួរ សំណូមពរ ក្នុងនោះផ្ទាល់មាត់មានចំនួន១៦ ពាក់ព័ន្ធវិស័យធនធានទឹក បរិស្ថាន អភិវឌ្ឍន៍ជនបទ រៀបចំដែនដី អគ្គិសនីនិងរដ្ឋបាលស្រុក និងជាលាយល័ក្ខអក្សរ ចំនួន ២១ពាក់ព័ន្ធសន្តិសុខសណ្តាប់ធ្នាប់ វិស័យអភិវឌ្ឍន៍ជនបទ រៀបចំដែនដី វិស័យអប់រំ បរិស្ថាន សាធារណការនិង ធនធានទឹក និងកសិកម្ម ។

ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៏បានបញ្ជាក់ផងដែរថា វេទិកាសាធារណៈនេះ ជាឆ្នាំទី៥ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ពិតជាមានសារៈសំខាន់បំផុត ក្នុងការជួយជម្រុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ​

អង្គវេទិ កាសូមរក្សាសិទ្ធិរក្សាទុកសំណួរ និង កង្វល់ ដែលអង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្ត នឹងយកសំណួរ និង កង្វល់ទាំងនេះ ទៅពិនិត្យ ពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជាលាយលក្ខ័អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈមេឃុំ ក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានដែលបងប្អូនរស់នៅ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *