កិច្ចប្រជុំពិភាក្សា ផ្សព្វ ផ្សាយ ណែនាំ ដើមី្បគាំទ្រដល់ការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

សៀមរាប៖ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិ ការ តំណាងឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សា ផ្សព្វផ្សាយ ណែនាំ ដើមី្បគាំទ្រដល់ការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយមានការចូលរួមជាសមាជិកសមាជិកាកិច្ចប្រជុំ របស់អស់លោក លោកស្រី ជាអាជ្ញាធរក្រុង ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និង មេភូមិ ប្រមាណជា៣០០០នាក់បានចូលរួម នៅសាលាប្រជុំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងកិច្ចស្វាគមន៍នោះដែរលោក អ៊ឹង គឹមលាង បានលើកឡើងថា ការចុះបញ្ជីដីមានលក្ខណៈជា ប្រព័ន្ធនៅក្នុងខេត្តសៀមរាប បានកំពុងធ្វើនៅតាមបណ្តាស្រុកគោលដៅមួយចំនួន ក្រោមការយកចិត្តទុកដាក់ខ្ពស់ របស់ប្រធានមន្ទីរ និង មន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តសៀមរាប ដើមី្បពន្លឿននូវផែនការដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៥ឲ្យរួចរាល់ទូទាំងប្រទេស ។ ដើម្បីឆ្លើយតបបញ្ហានេះ មន្រ្តីជំនាញ ពាក់ព័ន្ធ ត្រូវបានបន្តអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ឲ្យបានសម្រេចមុនផែនការកំណត់ គឺយើងត្រូវលើកយកបញ្ហាប្រឈម និងការខ្វះខាត ដើម្បីរកដំណោះស្រាយ ធ្វើយ៉ាងណាឲ្យការងារចុះបញ្ជីដីធ្លី ទទួលបានលទ្ធផលល្អ ដូចការគ្រោងទុក ។ ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ថា ក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង ហើយនៅមិនទាន់បានដាក់ពាក្យស្នើសុំ ចុះបញ្ជីដីនៅឡើយនោះ ត្រូវឲ្យបងប្អូនចូលរួមជាមួយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងការបំពេញបែបបទលិខិតបទដ្ឋាន ។ ម៉្យាងទៀត សូមឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយ និង ណែនាំដល់ប្រជាពលរដ្ឋខ្លួន ឲ្យពួកគាត់ត្រៀមលក្ខណៈនូវរាលឯកសារពាក់ព័ន្ធក្នុង ការចុះបញ្ជីដីធ្លី ដើមី្បជៀសវាងក្នុងកិច្ចដំណើរការទៅមានភាពយឺតយ៉ាវ និង បង្កការលំបាកដល់បងប្អូនទៀតផង ។
ដើមី្បធ្វើឲ្យសមាជិកនៃកិច្ចប្រជុំបានកាន់តែយល់ច្បាប់ និងស៊ីជម្រៅទៅលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ឯកឧត្តម សរ សុវណ្ណ បានលើកនូវទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដាន នឹងស្តាប់ពីការផ្សព្វផ្សាយណែនាំក្នុងកិច្ចប្រជុំនេះ ជាពិសេសត្រូវចូលរួមលើកជាសំណួរ ឲ្យបានផុលផុស ដើម្បីពង្រឹងចំណេះដឹង មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមអនុវត្តន៍តាម គោលការណ៍ណែនាំទាំងនេះឲ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តម សរ សុវណ្ណ បានណែនាំដល់អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ ទាំងអស់ក្នុងខេត្ត សៀមរាប គឺត្រូវគោរពឲ្យបានទៅតាមការណែនាំ របស់ក្រុមអ្នកបច្ចេកទេស ក្នុងការចុះបញ្ជីដីធ្លីនេះ សូមឲ្យធ្វើការផ្សព្វ ផ្សាយ ណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យមានឯកសារគ្រប់គ្រាន់ ព្រមទាំងត្រូវកំណត់ទំហំក្បាលដីនិងចំនួនក្បាលដីរបស់ខ្លួនឲ្យបានច្បាស់លាស់ និង ត្រូវកំណត់ព្រំដី ជាមួយដីជិតខាងឲ្យបានច្បាស់លាស់ ដើម្បីសម្រួលដល់ក្រុមការងារ ងាយស្រួលក្នុងការវាស់វែង ព្រមទាំងបញ្ជាក់ពីប្រវត្តិដីឲ្យបានជាក់លាក់ និង ត្រូវបញ្ជាក់ អ្នកគ្រប់គ្រង សំដៅងាយស្រួល ក្នុងការចុះបញ្ជីដីធ្លី ជាទ្រព្យសម្បត្តិខាងប្រពន្ធ ឬ ប្តី ឬក៏ជាទ្រព្យសម្បត្តិរួម ឲ្យមានប្រសិទ្ធិភាពខ្ពស់ ។ ឯកឧត្តម ក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ជាមូលដ្ឋានគ្រឹះសម្រាប់អាជ្ញាធរមូលដ្ឋានធ្វើការអនុវត្ត សហការជាមួយក្រុមការងារចុះបញ្ជីដីធ្លី ឲ្យដំណើការទៅដោយរលូនទៀតផង ។ ក្នុងនោះដែរឯកឧត្តម ក៏បានលើកនូូវគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋ សភា នៅយុទ្ធសាស្ត្របញ្ចកោណនោះដែរ ក៏មានការងារដីធី្ល ដែលប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ។ ទន្ទឹមនឹងនោះដែរឯកឧត្តមក៏បានជម្រុញដល់ក្រុមការងារ ចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចឲ្យបានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ឲ្យបានរួចរាល់ទូទាំងប្រទេសនាឆ្នាំ២០២៥ ។ ក្នុង នោះឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវធ្វើការទប់ស្កាត់ចំពោះអ្នកកាប់ទន្ទ្រានព្រៃយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ព្រមទាំងក្រុមការងារចុះបញ្ជីដីធ្លី ត្រូវក្តាប់ឲ្យបានអំពីសាវតាដីដែលបានសុំចុះបញ្ជីឲ្យបានច្បាស់ លាស់ផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *