សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) នាំយកថវិកា ប្រគល់ជូន មន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប

សៀមរាប៖ ឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងជាស្ថាបនិកនៃ (កម្មវិធីការប្រកួតវាយកូនហ្គោលមិត្តភាពសប្បុរសធម៍ រវាងសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងយុវជនសហរដ្ឋអាមេរិក សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ) រួមទាំងសប្បុរសជនក្នុង និងក្រៅប្រទេស ព្រមទាំងតំណាងក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភក្នុងកម្មវិធី បាននាំយកថវិកាសរុបចំនួន ២៥ពាន់ដុល្លា និង១០លានរៀលព្រមទាំងសាប៊ូលាងដៃ ២០កេស ស្មើ ២៤០ដប ទៅប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា នារសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤។
មានប្រសាសន៍សំណេះសំណាលឯកឧត្តម ម៉ឹង ពន្លក បានថ្លែងអំណរគុណ និង កោតសរសើរដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តជួយសង្រ្គោះព្យាបាល ផ្តល់នូវក្តីអាណិតស្រឡាញ់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារកម្ពុជា ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ ប្រកបដោយស្នាមញញឹម មិនប្រកាន់វណ្ណៈ ពូជសាសន៍អ្វីឡើយ ។ ឯកឧត្តមក៏បានលើកផងដែរថា សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានប្រតិបត្តិលើការងារមនុស្សធម៌ សប្បុរសធម៌ ជួយដល់ជនរងគ្រោះ ដោយគ្រោះធម្មជាតិ រងគ្រោះឧប្បទ្ទវហេតុផ្សេងៗ កុមារកំព្រា ជនពិការ ចាស់ជរាគ្មានទីពឹង គ្រួសារក្រីក្រ និង អ្នកមានជម្ងឺជាដើម ។ ម៉្យាងទៀតមន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យដែលព្យាបាលជម្ងឺកុមារ យកចិត្តទុកដាក់បំផុតប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ហើយការព្យាបាល គឺឥតគិតថ្លៃនេះ ចាប់តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ។ ដើម្បីរួមចំណែកជួយទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរ (មាតាដ៏អស្ចារ្យដើមី្បស្នាមញញឹមកុមារ) ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា ។ ឯកឧត្តមក៏បានបញ្ជាក់ថា ថវិកាដែលនាំយកមកប្រគល់ដល់មន្ទីរពេទ្យកុមារអង្គរនៅពេលនេះ ទទួលបានមកពីកម្មវិធីការប្រកួតវាយកូនហ្គោលមិត្តភាពសប្បុរសធម៍រវាងសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងយុវជនសហរដ្ឋអាមេរិក សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ដែលមានកីឡាករចូលរួមប្រមាណ ១០០នាក់ និងមានការឧបត្ថម្ភធំពីក្រុមហ៊ុនចំនួន០៣ មាន ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ,ក្រុមហ៊ុន ជីប ម៉ុង លែន និងក្លឹបវាយកូនហ្គោលហ្រ្គេន ភ្នំពេញ។ ឯកឧត្តមបានបន្តទៀតថា ការទទួលបានពីមូលនិធិនៃការប្រកួតវាយកូនហ្គោលមិត្តភាពសប្បុរសធម៍ ដើមី្បទ្រទ្រង់សុខភាពកុមារកម្ពុជា ។ ឯកឧត្តមបានសង្ឃឹមថា សកម្មភាពនេះ ពិតជាបានចូលរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីទ្រទ្រង់សកម្មភាពជួយសង្គ្រោះកុមារកម្ពុជា ដែលមកសម្រាកព្យាលបាលនៅមន្ទីរពេទ្យនេះ។ ឯកឧត្តម ម៉ឹង ពន្លក ក៏បានអំពាវនាវដល់សប្បុរសជននានាឬម្ចាស់ក្រុមហ៊ុនអាជីវកម្មផ្សេងៗ សូមបន្តបរិច្ចាគដោយផ្ទាល់ ឬ តាមរយៈការបង្កើតកម្មវិធីរៃអង្គាសមូលនិធិផ្សេងៗ ដើម្បីជួយបំពេញបង្គ្រប់ថវិកាដែលកំពុងតែត្រូវការរបស់មន្ទីរពេទ្យ ។
មានប្រសាសន៍ស្វាគមន៍នោះដែរលោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ បានបញ្ជាក់ជូនដល់ គណៈប្រតិភូ ឲ្យបានដឹងផងដែរថា មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានដំណើរការ ២៥ ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ១៩៩៩ មក ហើយក្នុងរយៈពេល ២៥ ឆ្នាំមកនេះ មន្ទីរពេទ្យកុមារអង្គរ អាចប្រតិបត្តិការទៅបាន គឺដោយសារតែជំនួយទាំងស្រុងពីមូលនិធិទាំងនៅក្នុងស្រុក និង ក្រៅស្រុក ។ ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យកុមារអង្គរ ត្រូវការថវិកាប្រមាណ ៦ លានដុល្លារអាមេរិក ដើម្បីដំណើរការមន្ទីរពេទ្យទាំងមូល ហើយតាមការប៉ាន់ ប្រមាណមានថវិកាប្រមាណជា ៣០ ភាគរយជាជំនួយ មកពីសប្បុរសជនក្នុងប្រទេស ក្នុងនោះក៏មានរាជរដ្ឋាភិបាលកម្ពុជាផងដែរ និង ៧០ ភាគរយទៀត ជាជំនួយសប្បុរសធម៌មកពីបរទេស និង ព្រឹត្តិការណ៍រៃអង្គាសនៅក្នុងនិងក្រៅប្រទេស ។ លោកវេជ្ជបណ្ឌិតបានឲ្យដឹងពីលទ្ធផលរយៈពេល២៥ឆ្នាំក្នុងការព្យាបាលរបស់មន្ទីរកុមារអង្គរ បានជួយព្យាបាលដល់កុមារកម្ពុជា មានជាង២លាន៥សែនករណី ព្រមទាំងបានធ្វើការ បណ្តុះបណ្តាលធនធានមនុស្ស និង ដោយមានសេវាបច្ចេកទេសជាច្រើន ក្នុងការព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ ។ លោកវេជ្ជបណ្ឌិត ក្នុងនាមតំណាងឲ្យថ្នាក់ដឹកនាំ បុគ្គលិក និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាគ្រួសារប្រជាពលរដ្ឋ ដែលទទួលសេវា សុខាភិបាលពីមន្ទីរពេទ្យកុមារអង្គរ ថ្លែងអំណរគុណចំពោះគណៈប្រតិភូ សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ដែលបន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ ដែលនេះជាការលើកទឹកចិត្តដ៏ថ្លៃថ្លា ក្នុងការបន្តបេសកកម្ម របស់ក្រុមគ្រូពេទ្យ ក្នុងការព្យាបាលកុមារនៅកម្ពុជា ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *