ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយ និងណែនាំអំពីនីតិវិធី បែបបទ ក្នុងការបំពេញសាលាកបត្រព័ត៌មាន ដើម្បីពិនិត្យវាយតម្លៃ នៃការដំឡើងឋានន្តរសក្តិ ថ្នាក់ ជូនមន្ត្រីរាជការនគបាលជាតិ

ខេត្តពោធិសាត់៖ ឯកឧត្តម ស៊ុម សុខម្ភូ អនុរដ្ឋលេខាធិការ តំណាងលោក ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចំពោះកិច្ច បានលើកឡើងថា ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យវាយតម្លៃ លើដំណើរការប្រព្រឹត្តទៅ នៃការដំឡើងឋានន្តរសក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ចំណុះឱ្យក្រសួងមហាផ្ទៃ។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានលើកឡើងបែបនេះ នៅសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ក្នុងឱកាសអញ្ជើញជាអធិបតី ប្រជុំផ្សព្វផ្សាយ និងណែនាំអំពីនីតិវិធី បែបបទ ក្នុងការបំពេញសាលាកបត្រព័ត៌មាន មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ ជូនដល់ លោក លោកស្រី សមាជិក សមាជិកានៃក្រុមការងារចំពោះកិច្ច អភិបាលរងក្រុង ស្រុក នាយរដ្ឋបាល នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងមន្ត្រីជំនាញ ប្រធានមណ្ឌលអប់រំកែប្រែ ចំណុះឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង និងខេត្តប៉ៃលិនចំនួន១៥០នាក់។

លោក រុនសារី អភិបាលរងខេត្តតំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងនូវមតិស្វាគមន៍ដោយបាន បញ្ជាក់ថា ខេត្តពោធិ៍សាត់ គិតត្រឹមខែកក្កដាឆ្នាំ២០២៣ មានមន្ត្រីរាជការចំនួន៥,៨៧១នាក់ ក្នុងនោះក្របខណ្ឌប្រភេទ(ក)ចំនួន១,០៥០នាក់ ប្រភេទ(ខ)ចំនួន ២,៣៧៩នាក់ ប្រភេទ(គ) ចំនួន២,៤៤២នាក់  មន្ត្រីជាប់កិច្ចសន្យាចំនួន ៤២៧នាក់ និង មន្ត្រីពន្ធនាគារខេត្តចំនួន៤៩នាក់។

ឯកឧត្តម  ស៊ុម សុខម្ភូ អនុរដ្ឋលេខាធិការ តំណាងលោក ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចំពោះកិច្ច បានបញ្ជាក់ថា ការបង្កើតក្រុមការងារចំពោះកិច្ចនេះ មានតួនាទីភារកិច្ច សិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការតំឡើងឋានន្តរសក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងរៀបចំទម្រង់បែបបទ នីតិវិធី សម្រាប់បម្រើឱ្យការពិនិត្យ វាយតម្លៃ ការតំឡើងឋានន្តរសក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល។ 

កន្លងមក៍មានមតិរិះគន់ច្រើន ដែលលើកឡើងថា ក្រសួងមហាផ្ទៃ ហាក់មិនមានការអើពើ និងយកចិត្តទុកដាក់ ចំពោះមន្ត្រីដែលគ្មានខ្សែ បក្ខពួក ឬខ្នងបង្អែក ពិសេសមិនមានលុយកាក់ឱ្យឡើងតំណែង ឋានន្តរសក្តិ ថ្នាក់ ដោយទុកមន្ត្រីទាំងនោះឱ្យនៅក្រិន។

ដើម្បីឱ្យការងារនេះមានតម្លាភាព ប្រសិទ្ធិភាពខ្ពស់ និងមិនមានភាពចន្លោះប្រហោងនោះ ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង បានបង្កើតក្រុមការងារចំពោះកិច្ចនេះឡើង ដើម្បីលើកទឹកចិត្ត ស្វែងរកមន្ត្រីរាជការដែលបម្រើការងារយូរឆ្នាំ មិនជាប់ពិន័យអ្វីទាំងអស់ ដែលមិនទាន់បានតម្លើងឋានន្តរស័ក្តិ ថ្នាក់ ជូនពួកគាត់នៅឡើយ ឱ្យបានឡើងដូចគ្នា។

ឯកឧត្តម  ស៊ុម សុខម្ភូ បន្តថា ការងារនេះក៏ដើម្បីស្វែងរកទិន្នន័យពិតប្រាកដ នៃចំនួនអ្នកឡើងឋានន្តរស័ក្តិ និងអ្នកមិនទាន់បានឡើងឋានន្តរស័ក្តិផងដែរដូច្នេះហើយគ្រប់មន្ត្រីរាជការទាំងអស់ ទាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ចំណុះឱ្យក្រសួងមហាផ្ទៃ អាចទទួលបានការតំឡើងឋានន្តរសក្តិ និងថ្នាក់បាន ដូចគ្នាទៅតាមប្រភេទក្របខណ្ឌនីមួយៗ ប្រសិនបើក្រុមការងាររកឃើញពីស្នាដៃល្អ សកម្មការងារ គ្រប់លក្ខណៈសម្បត្តិ អតីតភាពការងារ និងបានធ្វើការយូរឆ្នាំ ពិសេសមិនមានជាប់ពិន័យរដ្ឋបាល៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *