ពិធីស្រង់ព្រះ ស្រង់ទឹកជូនរូបសំណាក ទសបារមីលោកយាយទេព និង ស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះអនុគណក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅវត្តទេពធិតារាម ហៅវត្តយាយទេពដែល ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុង និងខេត្តកំពង់ឆ្នាំងបានរៀបចំប្រារព្ធពិធីស្រង់ព្រះស្រង់ទឹកជូនរូបសំណាកទសបារមីលោកយាយទេព និងស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះអនុគណក្រុងកំពង់ឆ្នាំងតាមប្រពៃណីទំនៀមទម្លាប់ដូនតាបន្ទាប់ពិធីបុណ្យចូលឆ្នាំខ្មែរ រួចមក ដោយមានការចូលរួម ឯកឧត្តម ឡុង ឈុនឡៃ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង  និង លោកជំទាវ​ ខែក សាវឿន ឡុង ឈុនឡៃ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង អាជ្ញាធរសង្កាត់ ព្រះវិមលញាណ ឆន ឆុង ព្រះអនុគណក្រុងកំពង់ឆ្នាំង ព្រះសង្ឃ និង ពុទ្ធបរិស័ទ ចូលរួមផងដែរ។

ព្រះវិមលញាណ ឆន ឆុង បានមានសង្ឃដីកាថាៈ ពិធីស្រង់ព្រះ និង ពិធីស្រង់ទឹកជូនរូបសំណាកទសបារមីលោកយាយទេព និង ស្រោចស្រពព្រះសុគន្ធវារី តាមប្រពៃណីទំនៀម ទម្លាប់ដូនតា និង តាមបែបព្រះពុទ្ធសាសនា បន្ទាប់ពិធីបុណ្យចូលឆ្នាំខ្មែរ រួចមក ក្នុងកម្មវិធីនិមន្តព្រះសង្ឃ ចំរើនព្រះបរិត្តជម្រះឧបទ្រុបចង្រៃពីឆ្នាំចាស់ លើករាសីឆ្នាំថ្មី និង សុំអោយពុទ្ធបរិស័ទនៅទូទាំងខេត្តកំពង់ឆ្នាំងបានសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំ និង ទទួលបាននូវបុណ្យកុសលល្អទៅថ្ងៃខាងមុខ និងជាតិក្រោយពិធីនេះតែងតែធ្វើឡើងរៀងរាលឆ្នាំផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឡុង ឈុនឡៃ បានថ្លែងថាៈរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្រ្តី និង ជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិចេញពីវាលពិឃាត ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេច បានរំលាយអង្គការចាត់តាំងពួកខ្មែរក្រហមទាំងស្រុង ធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ ជាពិសេសក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បន្តការអភិវឌ្ឍប្រទេសអោយមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ បានផ្តល់ឱកាសអោយប្រជាពលរដ្ឋយើងបានធ្វើបុណ្យទានតាមប្រពៃណី និង ជំនឿសាសនារៀងៗខ្លួន។

ឯកឧត្តម ឡុង ឈុនឡៃ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ទាំងអស់សូមថែទាំសុខភាពអោយបានល្អ អប់រំកូនចៅអោយខិតខំរៀនសូត្រជៀសអោយឆ្ងាយពីអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ចូលរួមគោរពច្បាប់ចរាចរណ៍ និង រួមគ្នាថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្ន អោយនៅគង់វង្ស។
នៅបញ្ចប់ពិធី ឯកឧត្តម លោកជំទាវ ព្រមទាំងពុទ្ធបរិស័ទ បានស្រង់ព្រះ ស្រង់ទឹកជូនរូបសំណាកទសបារមីលោកយាយ ទេព និង ស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះវិមលញាណ ឆន ឆុង ព្រះអនុគណក្រុងកំពង់ឆ្នាំងផងដែរ៕សុខក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *