រដ្ឋបាលខេត្តសៀមរាប នាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខ ដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ អូរកូនតឹង តំបន់ព្រៃស្អាក ស្រុកវ៉ារិន

សៀមរាប៖ កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តតំណាង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង និង រួមទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បានចុះសួរសុខទុក្ខកងទ័ពប្រចាំសមរភូមិមុខ យោធភូមិភាគទី៤ ប្រចាំទិសទី២ និង អង្គភាពវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ឈរជើងតំបន់អូរកូនតឹង ស្ថិតភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប តំបន់ព្រៃស្អាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ រោង ឆស័ក ព.ស ២៥៦៧ ប្រពៃណីជាតិខ្មែរយើងខាងមុខ ដោយនាំយកអំណោយជាគ្រឿង ឧបភោគបរិភោគ សម្ភារៈ និងថវិកាមួយចំនួនផងដែរ។គិតមកដល់ពេលនេះ រដ្ឋបាលខេត្តសៀមរាប បានបង្កើតអនុស្សរណៈ ស្តីពីការចងសម្ព័ន្ធមេត្រីជាមួយអង្គភាពជួរមុខចំនួន២ គឺកងពលតូចអន្តរាគមន៍លេខ៥ ចំណុះឱ្យកងពលធំអន្តរាគមន៍លេខ២ និងវរៈសេនាតូចលេខ១ (អូរកូនតឹង) ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ក្នុងន័យបង្កើនភាពស្និទ្ធស្នាលរវាងសមរភូមិ មុខ និងសមរភូមិក្រោយ ឲ្យកាន់តែកៀកជិតជីវភាពរស់នៅរបស់បងប្អូនកងទ័ព។
ក្នុងនាម ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានរំលឹកថា៖តាមរយៈចំណងសម្ព័ន្ធមេត្រីភាពនេះ រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលក្រុង-ស្រុកទាំង១២ និងមន្ទីរ-អង្គភាព តែងតែបានចងភ្ជាប់មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ មានសកម្មភាពដូចភ្លៀងរលឹម ដែលយ៉ាងហោចណាស់ យើងបានរៀបចំព្រឹត្តិការណ៍១ដងក្នុងមួយឆ្នាំ គឺក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួនជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រអង្គភាពជួរមុខ និងសម្រាលការលំបាកក្នុងជីវភាពរស់នៅបានមួយកម្រិត ដែលនេះគឺជាផ្លែផ្កានៃចំណងសម្ព័ន្ធមេត្រី រវាងអង្គភាពជួរមុខ និងអង្គភាពជួរក្រោយ ស្របតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោក អភិបាលរងខេត្ត បានលើកទឹកចិត្តឱ្យបងប្អូននាយទាហាន នាយទាហារង និងពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព អនាម័យ និងត្រូវធ្វើការកសាងជម្រកក្នុងអង្គភាព ព្រមទាំងធ្វើការដាំដុះដំណាំបន្លែ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពកងទ័ពក្នុងអង្គភាព និងគ្រួសារកងទ័ព សំខាន់លើការគ្រប់គ្រង និងថែរក្សានូវគ្រឿងបំពាក់សម្ភារកងទ័ពឱ្យបានល្អក្នុងការទ្រទ្រង់នៅពេលមានសភាពការណ៍ណាមួយកើតឡើង។ លោក សំកុល សុចិត្រា ក៏បានក្រើនរម្លឹកដល់កងកម្លាំងការពារព្រំដែនទាំងអស់ ត្រូវខិតខំបង្កើនសាមគ្គីភាពផ្ទៃក្នុង ខិតខំបន្តសហការជាមួយកងកម្លាំងជួរមុខ តាមខ្សែបន្ទាត់ព្រំដែនឱ្យបានល្អ ពិសេសជាមួយភាគីថៃ ឱ្យក្លាយជាតំបន់មានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍលើគ្រប់វិស័យ។ មួយវិញទៀត កងកម្លាំងការពារព្រំដែន ក៏ត្រូវចូលរួមក្នុងការបង្ការ ទប់ស្កាត់អំពើរភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ផ្សេងៗ ដូចជាការចរាចរណ៍គ្រឿងញៀនជាដើម។
អំណោយដែលគណៈប្រតិភូបានប្រគល់ជូនដល់ទីបញ្ជាការប្រចាំទិសទី២ នៃយោធភូមិភាគទី៤ នូវស្រាបៀរ ៥០កេសថវិកា ៥លានរៀល មី ៤០កេស គោ ១ក្បាល, អង្គភាពវរៈសេនាតូចលេខ១ មានគ្រឿងឧបភោគបរិភោគ ចំនួន ២៧មុខ និងថវិកា សរុប ១២លានរៀល ស្រាបៀរ ៥០កេស ,ប្រេងម៉ាស៊ូត ៥០០លីត្រ ពុយដាក់ប្រេង ០៥ពុយ និង តង់០១ , គោ ១ក្បាលជ្រូក ៣ក្បាល និង បានចែកជូនយោធិនម្នាក់ៗ ៤ម៉ឺនរៀលផងដែរ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *