បិទការប្រកួតពានរង្វាន់ កម្រិតយុវជនប្រចាំខេត្តសៀមរាប U17 SIEM REAP YOUTH CUP ឆ្នាំ ២០២៤

សៀមរាប៖ ឆ្លងកាត់តាមការប្រកួតនៅរៀងរាល់ថ្ងៃអាទិត្យ ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី០៣ ខែ មីនា ឆ្នាំ២០២៤ ក្នុងយុទ្ធនាការប្រកួតពានរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប U17 SIEM REAP YOUTH CUP ឆ្នាំ ២០២៤ ត្រូវបានបិទ បញ្ចប់នៅរសៀលថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០២៤ ក្រោមវត្តមានចូលរួមរបស់ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ អស់លោក លោកស្រីជាប្រធានក្លឹបកីឡាបាល់ទាត់ និង ភ្ញៀវជាតិ អន្តរជាតិចូលរួមទស្សនាការប្រកួតនៅ កីឡាដ្ឋាន ហនុមាន ស្ថិត នៅសង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ។
តាមការបញ្ជាក់របស់លោកប្រធានគណៈកម្មការរៀបចំការប្រកួត បានឱ្យដឹងថា យុទ្ធនាការប្រកួតពានរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប U17 SIEM REAP YOUTH CUP ឆ្នាំ ២០២៤ បានចាប់ដំណើរការប្រកួតពីថ្ងៃទី ១១ កុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី ០៣ មីនា ឆ្នាំ២០២៤ ជាថ្ងៃបញ្ចប់ការប្រកួត ដោយមានក្រុមកីឡាបាល់ទាត់ ចំនួន៨ក្រុម បានចូល រួមធ្វើការប្រកួត ដោយបានធ្វើការបែងចែកជាពីរពូល គឺ ពូល A មានក្រុមសៀមរាបយូណាយធីត, ក្រុមយុវជនដំបងធំ, ក្រុមយុវជនដំរី និងក្រុមយុវជន KGM Cambodia និងពូលB មានក្លឹបក្រុមយុវជនផ្លូវជីវិតយូណាយធីត, ក្រុមយុវជន SRBC FC, ក្រុមយុវជនដើម្បីសង្គម និងក្រុមយុវជនឫស្សីស ។ ក្នុងនោះដោយប្រើប្រាស់ទីលានប្រកួតចំនួន២ គឺកីឡាដ្ឋានហនុមាន ក្នុងក្រុង សៀមរាប និងទីលានមជ្ឈមណ្ឌលហ្វឹកហាត់ SRU Training Center មានមូលដ្ឋាននៅភូមិខ្នារសណ្តាយ ស្រុកបន្ទាយស្រី ។ ឆ្លងកាត់ការប្រកួតវិលជុំក្នុងពូល ៣លើកកន្លងមក ដែលធ្វើតាមរយៈរូបមន្តរបស់គណៈកម្មការ SIEM REAP YOUTH CUP ក្រុមកំពូលតារាង នៃពូល ទាំងពីរនឹងចាប់ដៃគ្នាប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ។
ដើម្បីដណ្តើមជើងឯកការប្រកួតពានរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប U17 SIEM REAP YOUTH CUP ឆ្នាំ ២០២៤ នៅរសៀលថ្ងៃទី ៣ ខែមីនា នេះ ក៏មានធ្វើការប្រកួតផ្តាច់ព្រ័ត្រ យកចំណាត់ថ្នាក់លេខ១ ,លេខ២ និង លេខ៣ មាន ពីរប្រកួត រវាងក្លីបក្រុមយុវជនដំបងធំ ប្រកួតជាមួយក្រុមយុវជនដើម្បីសង្គម ដណ្ដើមយកចំណាត់ថ្នាក់លេខ ៣ ជាលទ្ធផលបានទៅក្រុមយុវជនដំបងធំ ។ ដើម្បីយកចំណាត់ថ្នាក់លេខ១ និង លេខ២ រវាង ក្រុមសៀមរាបយូណាយធីត ប្រកួតជាមួយ ក្រុមយុវជន SRBC FC ជាលទ្ធផលបញ្ចប់ការប្រកួតក្រុមសៀមរាបយូណាយធីត បានទាត់បញ្ចូលទីចំនួន ៦គ្រាប់ ទល់ នឹង សូន្យ ។ ជាលទ្ធផល ក្រុមសៀមរាបយូណាយធីត ទទួលបានចំណាត់ថ្នាក់លេខ១ និង ក្រុមយុវជន SRBC FC បានចំណាត់ លេខ ២ ។
លោក សំកុល សុចិត្រា បានបញ្ជាក់ថា គោលបំណងធំក្នុងការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា U17 នេះឡើង គឺជំរុញដល់យុវជនកម្ពុជាឱ្យមានជំនាញផ្នែកបាល់ទាត់នេះកាន់តែល្អប្រសើរបន្ថែមទៀត។ លើសពីនេះទៅទៀតគឺជំរុញការលេងបាល់នេះឱ្យកាន់តែខ្លាំង និងមានការប្រកួតប្រជែងគ្នាជាងមុនៗទៅទៀត ។ ការប្រកួតទាំងនេះនឹងធ្វើឱ្យយុវជនចូលរួមមានទំនាក់ទំនងទៅវិញទៅមកពិសេសរវាងខេត្តនិងខេត្តក្នុងតំបន់ប្រទេសជិតខាងផងដែរ ។ ម៉្យាងទៀតកីឡាបានធ្វើឱ្យ យុវជនយើងបានចាកចេញឆ្ងាយពីគ្រឿងញៀន និង ធ្វើឱ្យមានកាយសម្បទាសុខភាពមាំមួនទៀតផង ។ លោកបានផ្តាំផ្ញើដល់យុវជនទាំងអស់ត្រូវនាំគ្នាលេងកីឡា ព្រោះការលេងកីឡា នាំឱ្យមនុស្សជាតិជួបជុំគ្នា ជាពិសេសកីឡាជួយពង្រឹងនូវសាមគ្គីភាពក្នុងសង្គមមនុស្សជាតិ»។ កីឡាគ្រប់ប្រភេទ គឺជាការប្រកួត ប្រជែងដ៏ស្វិតស្វាញដើម្បីជ័យជម្នះ ប៉ុន្តែគ្រូកីឡាទាំងអស់ កីឡាករ កីឡាការិនី ជាទូតដែលនាំឱ្យគ្រប់គ្នា បានស្គាល់គ្នា បានជួបគ្នា បានស្រឡាញ់គ្នា ។ កីឡា គឺទីកន្លែងដែលធ្វើឱ្យយើងបានជួបគ្នា លើពិភពលោក ហើយក៏ ជាទីសុខសន្តិភាពដែរ ។ កីឡានាំមកសន្តិភាព យើងមានសុខសន្តិភាព បានយើងលេងកីឡាបាន ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *