ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើក ទី១៧ ធ្វើឡើងនៅសៀមរាប រយៈពេល៤ថ្ងៃ

ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។ ពិព័រណ៍នេះ មានការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរ បន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ ផលិតផលរបស់សហគមន៍ និងផលិតផលភូមិ១ ផលិតផល១ មកពីរាជធានី-ខេត្តចំនួន១៦ ដោយមានក្រុមហ៊ុន សហគ្រាស និងអាជីវករក្នុងស្រុកចូលរួមចំនួន១១៣ក្រុម ។ ក្នុងពិព័រណ៍នេះ ក្រសួងពាណិជ្ជកម្ម ក៏មានរៀបចំព្រឹត្តិការណ៍អមមួយចំនួន លើកការបង្ហាញម៉ូតផលិតផលសូត្រខ្មែរ ក្នុងការផ្សព្វផ្សាយផលិតផលសក្កានុពលកម្ពុជា ព្រមទាំងមានការសម្តែងសិល្បៈកំដរក្នុងពេលរាត្រី ។ ក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និង បន្លែផ្លែឈើលើកទី១៧ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៩ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៣ នៅបរិវេណសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកជំរុញពាណិជ្ជកម្ម ស្តីពីការរៀបចំ ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ ឆ្នាំ២០២៤ និង លោកជំទាវ ខេង រ៉ាស៊ី សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប លោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប ឧត្តរមានជ័យ ព្រមទាំងលោកឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ផលិតករ ពាណិជ្ជករ កសិករ និស្សិត សរុបប្រមាណ ៣០០នាក់។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកជំទាវ ខេង រ៉ាស៊ី សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង សេចក្តីរាយការណ៍របស់គណៈកម្មការរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្នុងការតាំងពិព័រណ៌ផលិតផលខ្មែរ និងបន្លែផ្លែឈើ ដោយមានរាជធានី.ខេត្ត ចំនួន១៦ចូលរួម មាន១១៣ក្រុម ដែលមានស្តង់សរុប ១២៥ស្តង់ ក្នុងនោះដោយផ្តោតសំខាន់នូវ សូត្ររបស់ខ្មែរ ) ។
ថ្លែងនៅក្នុងពិធីសម្ពោធពិព័រណ៍នោះឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា យុទ្ធនាការទិញផលិតផលខ្មែរ គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ។ យុទ្ធនាការ ប្រើប្រាស់សូត្រកម្ពុជា គឺជាសំឡេងជួងដាស់ស្មារតីប្រជាជនកម្ពុជាឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ សំខាន់សូត្ររបស់ខ្មែរ ។ ឯកឧត្តមបន្តថា តាម រយៈការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ ចំនួន៨រដូវកាលកន្លងមកនេះ បានជួយពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុកជាបណ្តើរៗ ហើយផលិតករកម្ពុជា ក៏មានចំណេះដឹង ចំណេះធ្វើ និងទទួលបានបទពិសោធល្អៗជាច្រើន សម្រាប់ពង្រឹង និងពង្រីកផលិតកម្ម អភិវឌ្ឍន៍ផលិតផល និងសេវារបស់ខ្លួនបម្រើឱ្យទីផ្សារ ។ ឯកឧត្តមបានគូសបញ្ជាក់ថា វិស័យពាណិជ្ជកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ហើយការអភិវឌ្ឍ វិស័យពាណិជ្ជកម្ម នៅតែជាចំណុចអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអភិក្រមសេដ្ឋកិច្ចទីផ្សារសេរី ។ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងបុព្វហេតុចូល រួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្រសួងពាណិជ្ជកម្ម បានខិតខំធ្វើការកែទម្រង់ និង បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ។ ឯកឧត្តមបានលើកផងដែរថា ទាក់ទងនឹងផលិតផលសូត្រ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យសូត្រជាវិស័យសំខាន់មួយក្នុង ចំណោមផលិតផលសំខាន់ចំនួនទាំង១០ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដោយសង្កត់ធ្ងន់លើការអភិរក្សប្រពៃណីវប្បធម៌ខ្មែរ កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន ព្រមទាំងការលើកកម្ពស់វិស័យសូត្រកម្ពុជានៅលើ ឆាកអន្តរជាតិផង ។ ឯកឧត្តមបានគូសបញ្ជាក់ថា ផលិតផលរបស់ខ្មែរមានវត្តមាននៅលើទីផ្សារកាន់តែច្រើន ទាំងទីផ្សារក្នុងស្រុក ហាងលក់ទំនិញក្នុងអាកាសយានដ្ឋាន និងទីផ្សារនៅបរទេស និងមានការរីកចម្រើនទៅមុខទាំងគុណភាព សុវត្ថិភាព សោភ័ណភាពនិងអនាម័យ ដែលអាចទុកចិត្តបានសម្រាប់អ្នកប្រើប្រាស់ទូទៅ ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានប្រៀបធៀបផលិតផលកម្ពុជា ជាមួយផលិតផលរបស់បរទេស ដែលកំពុងធ្វើចរាចរនៅលើទីផ្សារទាំងក្នុងក្របខ័ណ្ឌតំបន់ និង ទីផ្សារសកល ឃើញថា ការរីកចម្រើនរបស់ផលិតផលខ្មែរនៅមានកម្រិតនៅឡើយ ។ ឯកឧត្តម ម៉ៅ ថូរ៉ា បានលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាស្វែងយល់ពីការអត្ថប្រយោជន៍នៃការចូលរួមតាំងពិព័រណ៍ និងទទួលយកភាព ស្រស់ស្អាតនៃវប្បធម៌ខ្មែររបស់យើង។ ចំពោះការរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៧ ឆ្នាំ២០២៤ នេះ បានទាក់ទាញអាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ ម្ចាស់កសិដ្ឋាន អង្គការ សមាគមអាជីវកម្ម និងសហគមន៍ផលិតបន្លែផ្លែឈើខ្មែរក្នុង ខេត្តសៀមរាប និងមកពីរាជធានី-ខេត្ត ចំនួន១៦ បាននាំយកផលិតផល កសិផល មកចូលរួមដាក់តាំងបង្ហាញ និង ស្វែងរកដៃគូពាណិជ្ជកម្មនាឱកាសនេះ។ ផលិតផលដែលបានដាក់តាំងបង្ហាញ រួមមាន បន្លែផ្លែឈើស្រស់ ដំណាប់ ផ្លែឈើក្រៀម គ្រាប់ធញ្ញជាតិចម្រុះ អង្គរ ស្វាយចន្ទី ម្រេច ដំឡូងមីម្ហូបអាហារកែច្នៃ វត្ថុអនុស្សាវរីយ៍ និងផលិតផលធ្វើពីសូត្រជាដើម ដែលមានក្រុមហ៊ុន/សហគ្រាសចូលរួមចំនួនជាង១១៣ និង មានស្តង់ពិព័រណ៍សរុបចំនួន ១២៥ ស្តង់ ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញដល់ផលិតករ ពាណិជ្ជករកម្ពុជា ត្រូវខិតខំបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត និងរៀបចំទំនិញសម្រាប់បម្រើទីផ្សារ ដោយអនុលោមតាមគោលការណ៍ «ភក្ដីភាពចំពោះពាណិជ្ជកម្ម» គឺផលិតផលត្រូវតែមានគុណភាព មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ អនុលោមតាមស្ដង់ដាអនាម័យ និងមានតម្លៃសមរម្យ ទើបអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេរីបាន ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *