កិច្ចប្រជុំសាមញ្ញលើកទី ៥៦ អាណត្តីទី៣នៃក្រុមប្រឹក្សាខេត្តសៀមរាប

សៀមរាប៖ នៅរសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងអាជ្ញាធរអប្សារា ,គ្រឹះស្ថានអង្គរ និង លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព ,អាជ្ញាធរក្រុង-ស្រុក លោកនាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្តចូលរួមផងដែរ ។
បន្ទាប់ពីការប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការផ្លាស់ប្តូរ និង ទទួលសមាសភាពក្រុមប្រឹក្សាខេត្ត និង សេចក្តីប្រកាស ទទួលស្គាល់សមាសភាពប្រធាន និង អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាបរួចមក ក្នុងកិច្ចប្រជុំនេះដែរសមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត បានលើនូវបញ្ហាពាក់ព័ន្ធមួយចំនួនទៅនឹងរដ្ឋបាលខេត្ត ដោយបានផ្តោត បញ្ហា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ,ក្រុមក្មេងទំនើង ,បញ្ហាការតវ៉ារបស់ក្រុមអ្នកដឹកជញ្ជូនភ្ញៀវ អំពីបញ្ហាតម្លៃចូលទៅអាកាសយានដ្ឋានអន្តរជាតិថ្មី ,ករណីចំណតសាធារណៈតាមបណ្តោយផ្លូវជាតិលេខ៦ អាជីវករយកធ្វើទីតាំងដាក់ទំនិញរបស់ខ្លួន ,ករណីលំនៅដ្ឋានមិនទាន់រុះរើនៅតំបន់រមណីយដ្ឋានអង្គរ ,ករណីការបម្រើសេវាច្រកចេញចូលតែមួយមានភាពយឺតយ៉ាវ លើវិស័យ សាធារណៈការ , និង សំណង់ សុរិយោដី , បញ្ហានៅតាមភោជនីយដ្ឋានយកផ្លូវថ្មើរជើងធ្វើជាចំណតរថយន្តក្រុង ,បញ្ហាការគ្រប់គ្រងផ្សារ និង ភ្លើង នៅផ្សារឃ្យុងយូរ , ករណីផ្លូវខូចខាតខ្វះការថែទាំ ស្ថិតក្នុងដែនសមត្ថកិច្ចអប្សរា និង រដ្ឋបាលខេត្ត ព្រម ទាំងខ្វះការថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវចូលពហុកីឡាដ្ឋានខេត្ត និង បញ្ហាគ្មានគំនូស និង ចំណាំងផ្លាតភ្លើងចរាចរណ៍ នៅតាម ទីប្រជុំជនស្រុក ។ បន្ទាប់ពីបណ្តាលមន្ទីរ អង្គភាព ពាក់ពន្ធ័ បានធ្វើការបំភ្លឺជូនដល់កិច្ចប្រជុំរួចមក សមាជិកនៃកិច្ចប្រជុំសាមញ្ញ លើកទី៥៦ បានអនុម័តទៅលើពង្រាងរបាយការណ៍ ប្រចាំខែ ធ្នូ ឆ្នាំ២០២៣ និង របាយការណ៍ប្រចាំឆ្នាំ២០២៣របស់រដ្ឋបាលខេត្តសៀមរាប ព្រមទាំងបានអនុម័តទៅលើផែនការសកម្មភាព និង ផែនការថវិកាឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ នៃរដ្ឋបាលខេត្ត និង កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល២០២៤.២០២៦របស់រដ្ឋបាល ខេត្ត ព្រមទាំងបានអនុម័តលើសមាសភាពឯកឧត្តម ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្ត ជាសមាជិកក្រុមប្រឹក្សាជាតិ និង ជា សមាជិកគណៈកម្មការទំនាក់ទំនងសាធារណៈរបស់សមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត ជំនួសឯកឧត្តម សាម សុជាង ដែលបានទៅទទួលភារកិច្ចថ្មី ។
មានប្រសាន៍នាឱកាសនោះ លោក នាក់ ណេរ៉ុន បានវាយតម្លៃខ្ពស់ ទៅលើលទ្ធផលការងារប្រចាំខែ ធ្នូ និងលទ្ធផលប្រចាំឆ្នាំ២០២៣ ព្រមទាំងបានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក សំខាន់គ្រប់ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ដែលជាសេនាធិការ ជូនគណៈអភិបាលខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចកសាង និង អភិវឌ្ឍន៍ ដោយផ្តោតសំខាន់ទៅ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន តាមក្រុង ស្រុក និងអនុវត្តឲ្យខាងតែបាននូវទិសដៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃយុទ្ធសាសន៍បញ្ចកោណ របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ ។ ក្នុងនោះដែរលោកក៏បានជម្រាបទៅបងប្អូន ប្រកបរបរដឹកភ្ញៀវទេសចរណ៍ ពីតម្លៃក្នុងការចេញចូល នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាប.អង្គរ ដោយស្មារតីកិច្ចប្រជុំរបស់អន្តរក្រសួន ត្រូវបានបញ្ចុះពី៣០% ទៅ៥០% លើផ្លូវ និងចំណត ។

ឯកឧត្តម អ៊ាន ឃុន បានបញ្ជាក់ថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកប ដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និង អ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥៦របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និង ទទួលបានលទ្ធផលតាមការគ្រោងទុក ។ ឯកឧត្តម ក៏បានលើកឡើងថា ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត បានអនុវត្តលើកិច្ចការរដ្ឋបាល ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់ក្នុង ឱកាសបុណ្យឆ្លងឆ្នាំសកល២០២៣ បានបង្កភាពសប្បាយរីករាយដល់ភ្ញៀវជាតិ និង អន្តរជាតិ ប្រកបដោយសុវត្ថិភាព និង ការគ្រប់ គ្រងគ្រោះមហន្តរាយ ការដោះស្រាយបញ្ហាផ្សេងៗ ព្រមទាំងសភាពការជាក់ស្តែងដែលកើតមានឡើងក្នុងខេត្ត ។ ក្នុងនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជម្រុញដល់សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុង ទីចាត់ការ អង្គភាពជាសេនាធិការរបស់ខេត្ត ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការអនុវត្តនូវផែនការបន្តចំពោះមុខ សំដៅនូវភាពជោគជ័យសម្រាប់ខេត្តផងដែរ ។ ឯកឧត្តមបានបញ្ជាក់ថា គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺ ជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និង វិសហ មជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *