កិច្ចប្រជុំពិនិត្យ និងពិភាក្សា លើការបង្កើតក្រុងរុនតាឯក នៃខេត្តសៀមរាប

សៀមរាប៖ ក្រោយពីក្រុមប្រតិភូនៃក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមដំណើរ ដោយឯកឧត្តម ប្រាក់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងឯកឧត្តមជាអគ្គនាយកដ្ឋាន និងសហការី ព្រមទាំងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ ដែលមានការពាក់ព័ន្ធទៅនឹងភូមិសាស្ត្រ ក្នុងការបង្កើតក្រុងរុនតាឯក មានស្រុកបន្ទាយស្រី ,ស្រុកប្រាសាទបាគង និង ស្រុកសូទ្រនិគម បានចុះត្រួត ពិនិត្យពីស្ថានភាពភូមិសាស្ត្រ និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំបល័ង្គ ស្រុកប្រាសាទបាគង , ឃុំ ខ្នារពោធិ ស្រុក សូទ្រនិគម និង ឃុំរុនតាឯក , ឃុំត្បែង ស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០២៣ ។ លុះនៅរសៀលនាថ្ងៃ ដដែលនោះ នៅសាលប្រជុំសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំស្តីពី ពិនិត្យ និងពិភាក្សា លើការបង្កើតក្រុងរុនតាឯក នៃខេត្តសៀមរាប ក្រោមការដឹកនាំប្រជុំរបស់ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានគ្រប់ស្ថាប័ន អង្គភាព និង អាជ្ញាធរស្រុក ឃុំ ពាក់ព័ន្ធចូលរួមផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ប្រាក់ សោភណ្ឌ បានគូសបញ្ជាក់ថា ភូមិធម្មជាតិរុនតាឯក គឺស្ថិតនៅក្នុងភូមិតានី ឃុំ រុនតាឯក ស្រុកបន្ទាយស្រី ដែលមានប្រជាពលរដ្ឋរស់នៅ ៤៤២គ្រួសារ ហើយត្រូវបានអាជ្ញាធរជាតិអប្សរា បានធ្វើការអភិវឌ្ឍ ជាភូមិធម្មជាតិរុនតាឯក ត្រូវបានបងប្អូនដែលមានលំនៅដ្ឋាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានស្ម័ត្រទៅរស់នៅទីនោះ ដោយមានផ្តល់ផ្ទះ និង ដីកសិកម្មផងដែរ ។ នៅក្នុងដំណាក់កាលទី៣ រាជរដ្ឋាភិបាលបានផ្តល់ដីឡូត៌ ចំនួន ១ពាន់១២៦ឡូត៌ ដើមី្បធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ដែលរស់នៅដីចំណីស្ទឹងសៀមរាប ក្នុងពេលធ្វើការអភិវឌ្ឍន៍ផ្លូវ៣៨ខ្សែ និង រៀបចំសោភណ្ឌភាពដងស្ទឹងសៀមរាប ។ នៅក្នុងដំណាក់កាលទី៤នេះ រាជរដ្ឋាភិបាលបានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋស្ម័ត្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ មានដី ៥ពាន់៨៦៥ឡូត៌ មានប្រជាពលរដ្ឋ ៥ពាន់៨៦៥គ្រួសារ ។ ក្នុងពេលបច្ចុប្បន្ន នេះប្រជាពលរដ្ឋបានទៅរស់នៅតំបន់រុនតាឯក មានចំនួន ៦ពាន់៤៤៥គ្រួសារ ដោយក្រុមការងារយើង បានរៀបចំនូវហេដ្ឋា រចនាសម្ព័ន្ធផ្លូវ ថ្នល់ ប្រព័ន្ធទឹកកខ្វក់ ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី សាលាស្រុក , សាលារៀន ,មន្ទីរពេទ្យ វត្តអារាម ,ផ្សារ លក់ដូរ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលទៀតផង ។ ឯកឧត្តមបានបន្តទៀតថា ការរៀបចំក្រុងរុនតាឯក អនុវត្តទៅតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍន៍តំបន់រុនតាឯក ឲ្យក្លាយទៅ ជាក្រុងមួយដ៏ស្រស់ស្អាតរបស់ខេត្តសៀមរាប ក្នុងការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ជាការលើកទឹកចិត្តប្រជាពលរដ្ឋ ដែលនៅសេសសល់ ដែលគ្រោងឲ្យពួកគាត់ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ។ ក្រៅពីតំបន់រុនតាឯក គឺនៅសល់ តំបន់ពាក់ស្នែង ស្រុកអង្គរធំ ដែលមានដីឡូត៌ច្រើនជាងនៅរុនតាឯក ។ ឯកឧត្តមបានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែន បានផ្តល់នូវប័ណ្ណសមធម៌ដល់បងប្អូនដែលបានចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ជូន បងប្អូនរយៈពេល១០ឆ្នាំ ក្នុងការទ្រទ្រង់ជីវភាពរបស់បងប្អូនទៅកាន់ទីតាំងថ្មី ។ ក្នុងការរៀបចំក្រុងរុនតាឯកនេះដែរ ឯកឧត្តមសូមឲ្យក្រុមការងារ អនុវត្តនូវឃុំ២ គឺ ឃុំរុនតាឯក ស្រុកបន្ទាយស្រី និង ឃុំបល័ង្គ ស្រុកប្រាសាទបាគង ក្នុងជំហានដំបូងនេះ ។

ក្រោយពីបានស្តាប់នូវរបាយការណ៍របស់នាយករដ្ឋបាលសាលាខេត្ត ស្តីពីសាវតាភូមិសាស្ត្ររបស់ស្រុក និង ឃុំពាក់ព័ន្ធ ព្រមទាំងធ្វើកិច្ចពិភាក្សារួចមក មានប្រសាសន៍បូកសរុបកិច្ចប្រជុំនោះឯកឧត្តម ប្រាក់ សំអឿន បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ក្នុងពេលធ្វើការរៀបចំក្រុងនេះ ដោយផ្តោតទៅលើសតិអារម្មណ៍របស់ប្រជាពលរដ្ឋ សំខាន់ចំពោះជីវភាពនៃ ការរស់នៅរបស់បងប្អូន ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ក្នុងដំណើរចុះជួបបងប្អូនប្រជាពលរដ្ឋ ពួកគាត់មានចិត្តត្រេកអរ សាទរដោយភូមិសាស្ត្រភូមិឃុំរបស់ពួកគាត់បានក្លាយទៅជាក្រុង ដែលធ្វើឲ្យដីធ្លីរបស់ពួកគាត់កាន់តែមានតម្លៃខ្ពស់ ដូចនៅក្រុងសៀមរាបដែរ ។ ឯកឧត្តមក៏បានបញ្ជាក់ថា ដោយផ្អែកទៅលើការវិនិច្ឆ័យក្នុងការបង្កើតជាទីក្រុង ដោយផ្តោតទៅលើចំនួន ប្រជាពលរដ្ឋជាធំ និង សក្តានុពលផ្នែកសេវាកម្ម ពាណិជ្ជកម្ម ប្រព័ន្ធរោងចក្រ ឧស្សាហកម្ម ដែលមានកសិកម្ម៣០%យ៉ាងច្រើន ។ ម៉្យាងទៀតតាមការពិនិត្យមកនេះ ទៅលើឃុំ៣ គឺមានតែឃុំពីរទេ ដែលអាចបង្កើតជាក្រុងបាននោះ គឺឃុំ រុនតាឯក ស្រុកបន្ទាយស្រី និង ឃុំ បល័ង្គ ស្រុកប្រាសាទបាគង ដែលជាឃុំមានហេដ្ឋារចនាសម្ព័ន្ធសមស្រប ទៅនឹងលក្ខ័ន្តក្នុងការបង្កើត ទីក្រុងបាន ។ ក្នុងនោះដែរឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រុញ និង ណែនាំដល់អាជ្ញាធរខេត្ត ត្រូវធ្វើការពិភាក្សាឲ្យបានជាក់ លាក់ ជាមួយក្រុមប្រឹក្សាខេត្ត ក្នុងការដាក់ឈ្មោះទីក្រុងថ្មីនេះ ព្រមទាំងត្រូវពន្លឿនក្នុងការរៀបចំធ្វើសំណើរជាបន្ទាន់ ដើមី្បដាក់ ជូនដល់រាជរដ្ឋាភិបាល ស្មើសុំទៅរដ្ឋសភា សុំការសម្រេចជាផ្លូវការ ។ ម៉្យាងទៀត តំបន់រុនតាឯកនេះ ក៏ជាសក្តានុពលនៃវិស័យ ទេសចរណ៍មួយរបស់ខេត្ត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទៅកម្សាន្ត ហើយក៏ជាប្រភពចំណូលសេដ្ឋកិច្ច របស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *