រដ្ឋបាលខេត្តសៀមរាបបានសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានបើកសិក្ខាសាលាពីគ្រោះយោបល់ត្រីភាគីថ្នាក់ក្រោមជាតិតិស្តីពី “ ការៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ “ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសោមាទេវី ដែលស្ថិតក្រោមអធិបតីភាពឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ អស់លោក លោកស្រី តំណាងអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេស ថៃ.កម្ពុជានិងប្រទេសឡាវ. តំណាងសហព័ន្ធនិយោគជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) តំណាងក្រុមប្រឹក្សាជាតិសហជីពសម្រាប់កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ព្រមទាំងអស់ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត សៀមរាប ចូលរួមជាសិក្ខាកាមផងដែរ ។ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ថ្លែងថាដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលនៃបរិការណ៍សេដ្ឋកិច្ច និងសង្គម រាជរដ្ឋាភិបាលកម្ពុជាគ្រប់នីតិកាល ពិសេសរាជរដ្ឋបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១៖ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភា និងបាននឹងកំពុងផ្សារភ្ជាប់ទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ ឆ្នាំ២០២៤-២០២៨ សំដៅបង្កើនឱកាសការងារសមរម្យដល់ប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់ ផលិត ភាពការងារ ជំរុញការអភិឌ្ឍន៍ជំនាញ និងធនធានមនុស្ស ព្រមទាំងពង្រឹងអភិបាលកិច្ចទីផ្សារការងារ ដើម្បីឆ្លើយ តបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការផ្លាស់ប្តូរនៃនិម្មាបកម្មសេដ្ឋកិច្ច ទាំងក្នុងប្រទេសតំបន់ និងសកលលោក ព្រមទាំងដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពការងារផងដែរ។លោកស្រីបន្តថាការបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីការងារ សមរម្យជូនពលករទាំងនេះ អាចនឹងផ្តល់ភាគលាភខ្ពស់ដល់កំណើនសេដ្ឋកិច្ចតាមរយៈការធានាបាននូវការងារ សមរម្យ ដែលអាចធ្វើ ឱ្យប្រសើរឡើងនូវជីវភាព សេចក្តីថ្លៃថ្នូរ និងសុខុដុមរមនាក្នុងសង្គម។ ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោកស្រី ម៉ននី រង្សី ក៍បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ ប្រចាំប្រទេសថៃ កម្ពុជា និងប្រទេសឡាវ ដែលបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ក្នុងការរៀបចំឱ្យមានសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីនៅថ្នាក់ក្រោមជាតិស្តីពី កម្មវិធី ការងារសមរម្យប្រចាំប្រទេសកម្ពុជា ដ៏មានអត្ថប្រយោជន៍សម្រាប់លើកកម្ពស់ការងារសមរម្យជូនប្រជាពលរដ្ឋ កម្ពុជា នៅលើទឹកអង្គរបវរនៃខេត្តសៀមរាប។ ក្នុងនោះដែរលោកស្រីអភិបាលរងខេត្ត ក៍បានមានប្រសាសន៍សង្ឃឹមយ៉ាងមុតមាំថា តាមរយៈសិក្ខាសាលា ពិគ្រោះយោបល់ត្រីភាគីនេះ នឹងជួយជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាសម្រេចបាននូវចក្ខុវិស័យនេះ នឹងរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងបរិយាប័ន្ន ការ បង្កើតការងារ ការបង្កើនតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចជាតិ និងការបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ប្រទេសកម្ពុជាបានចាប់ផ្តើមអនុវត្តកម្មវិធីការងារសមរម្យនេះតាំងពីឆ្នាំ២០០៥ ហើយក៍ជាប្រទេស១ក្នុងចំណោមប្រទេសចំនួន៥នៅក្នុងតំបន់អាស៊ានដែលបានអនុវត្តកម្មវិធីនេះ ហើយព្រះរាជាណាចក្រកម្ពុជា ក៍បានអនុវត្តកម្មវិធីការងារសមរម្យចំនួន៥ដំណាក់កាលរួចមកហើយ ក្រោមកិច្ចសហប្រតិបត្តិការ និងជំនួយ បច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ។ ឯកឧត្តម សោម ចំណាន បន្តទៀតថាការងារសមរម្យគឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថាបុរស និងស្ត្រីមានឱកាស ស្មើគ្នាក្នុងការទទួលបានការងារសមរម្យ ប្រាក់ឈ្នួលសមរម្យ លក្ខខណ្ឌការងារល្អ និងសុវត្ថិភាព សេរីភាព នៃការបញ្ចេញមតិ និងសេរីភាពនៃការធ្វើសេចក្តីសម្រេចចិត្តដែលជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់។ ឯកឧត្តម បន្ថែមទៀតថា កម្មវិធីការងារសមរម្យបានគាំទ្រដល់ការចូលរួមអនុវត្តគោលនយោបាយជាតិសំខាន់ៗ ចំនួន៣ រួមមាន៖ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥ និងក្របខណ្ឌគោលនយោបាយ ជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ដែលរួមគ្នាផ្ដល់នូវក្របខណ្ឌគោលនយោបាយសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជានៅទសវត្ស៍បន្ទាប់ ។ លើសពីនេះ ក៏មានគំនិតផ្តួចផ្តើមគោល នយោបាយ សំខាន់ៗផ្សេងទៀត ដូចជាគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥, គោលនយោបាយជាតិអភិវឌ្ឍន៍យុវជនកម្ពុជា, គោលនយោបាយស្តីពី ទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣, គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច, ផែនការជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារឆ្នាំ២០១៧-២០២៥ និងផែនការយុទ្ធសាស្ត្រស្តីពីសមភាពយេនឌ័រ។ ឆ្លៀតក្នុងឱកាសនោះផងដែរឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៍បានមានប្រសាសន៍អំពាវនាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់សូមចូលរួមយុទ្ធនាការក្នុងការផ្សព្វផ្សាយព័ត៌មាននិងជម្រុញលើកទឹកចិត្តដល់យុវ ជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ដូចជាបងប្អូនកម្មករនិយោជិតមកចុះឈ្មោះ តាមរយៈការចូលទៅក្នុងគេហទំព័ររបស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ឬទាក់ទងដោយផ្ទាល់ជាមួយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនៅជិតបំផុត ដើម្បីចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ដោយក្នុងនោះដែរក្រសួងការងារកំពុងខិតខំសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថា ភាពជោគជ័យពិតប្រាកដគឺត្រូវសម្រេចឱ្យបាននូវបាវចនា ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវធ្វើយ៉ាងម៉េចឱ្យយុវជនយើងបានចូលរៀន រៀនឱ្យចប់ រៀនឱ្យចេះ និងឱ្យមានការងារធ្វើ ឬសង្ខេបដោយសាមញ្ញគឺ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ផងដែរ៕
Related Posts
គណៈប្រតិភូក្រុមការងារក្រសួងការពារជាតិប្រទេសវៀតណាម បំពេញទស្សនកិច្ច និងពិនិត្យស្តូបមិត្តភាពកម្ពុជាវៀតណាមនៅខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ គណៈប្រតិភូក្រុមមការងារក្រសួងការពារជាតិនៃប្រទេសវៀតណាម ដែលដឹកនាំដោយលោក វីរសេនីយ៍ឯក ជិន គិងថាញ់ អនុប្រធាននាយកដ្ឋានគោលនយោបាយ ជាប្រធាន គណៈប្រតិភូបានមកបំពេញទស្សនកិច្ច និងពិនិត្យស្តូបមិត្តភាពកម្ពុជា វៀតណាមនៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤សីហា ឆ្នាំ២០២៣។ នៅក្នុងកិច្ចទទួលបដិសណ្ឋារកិច្ចគណប្រតិភូវៀតណាមនាពេលនោះ ឯកឧត្តម ញឹម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី…
ប្រតិភូសមាគមនារី ខេត្តពោធិ៍សាត់ចុះសួរសុខទុក្ខ លោកតា លោកយាយ និងកម្លាំងប្រជាការពារភូមិប្រឡាយធំ ឃុំវាល ស្រុក កណ្តៀង
ពោធិសាត់៖ លោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៣ខែមករា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ សំណេះសំណាលជាមួយជនចាស់ជរា និងកម្លាំងប្រជាការពារភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្តៀង ដោយនាំយកវត្ថុកំដៃនិងឯកសណ្ឋានប្រជាការពារចែកជូនផងដែរ។ នាឱកាសនោះលោកជំទាវ អាំង សុជាតា ខូយ…
សមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទនៃមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងមិនបន្ធូដៃនៅតែបន្តចុះធ្វើការបង្ក្រាបរុះរើរបាំងសាច់អួន ៤កន្លែងរបាំងស្បៃមុង៩កន្លែងផ្សេងគ្នានៅក្នុងស្រុកជលគីរី
ខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការជាមួយសង្កាត់ជលផល ស្រុកជលគីរី និងសហគមន៍នេសាទមិនបន្ធូដៃនៅតែបន្តចុះរុះរើ កាប់បំផ្លាញចោល នូវរបាំងស្បៃមុង ចំនួន៩កន្លែងនិងរបាំងសាច់អួន៤កន្លែងទីតាំងផ្សេងៗពីគ្នាក្នុងដែនទឹកស្រុកជលគីរីនៃខេត្តកំពង់ឆ្នាំង រយៈពេល២ថ្ងៃ ទី១៤ និងទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោក ខៀវ សុផាន់ណារិទ្ធ នាយផ្នែករដ្ឋបាលជល ផលកំពង់ប្រាសាទ ប្រើប្រាស់កម្លាំងសង្កាត់ជលផល…