ពិធីប្រគល់រង្វាន់ទង់បៃតង វិញ្ញាបនបត្រ បរិវេណអេកូឡូស៊ីជូន សាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូល ឌុលប៊្រូល

នៅសាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូល ឌុលប៊្រូល នាព្រឹកថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ មានរៀបចំធ្វើពិធី ប្រគល់រង្វាន់ទង់បៃតង វិញ្ញាបនបត្រ បរិវេណអេកូឡូស៊ី ដល់សាលា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិេសស និង ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ , ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត , អនុរដ្ឋលេខាធិការ លោកលោកស្រីជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និង តំណាងទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ ) , តំណាងមូលនិធិអប់រំបរិស្ថាន និង អ្នកគ្រប់គ្រងមកពីសណ្ឋាគារដែលជាដៃគូមួយចំនួនក្នុងខេត្តសៀមរាប ព្រមទាំងតំណាងវិទ្យាស្ថាន សកលវិទ្យាល័យ ,អង្គការក្រៅរដ្ឋាភិបាល , អង្គការអន្តរជាតិខាងការងារ (ILO) សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង បុគ្គលិកសិក្សា ចំនួនសរុបប្រមាណ ៣០០នាក់ចូលរួម ។
បន្ទាប់ពីកិច្ចស្វាគមន៍លោក ហ្វ្រាងស្វ័រ ស្នូបេលែន នាយកសាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូល ឌុយប្រ៊ូល និង ចំណាប់អាម្មរណ៍ របស់ លោក Stefan Hanseimann ប្រធានកម្មវិធី ICON នៃអង្គការ GIZ និង បទបង្ហាញរបស់លោក Pramod Kumar Sharma នាយកជាន់ខ្ពស់ផ្នែកអប់រំ នៃស្ថាប័នមូលនិធិអប់រំបរិស្ថាន បានបញ្ជាក់ថា មូលនិធិសម្រាប់ការអប់រំបរិស្ថាន (FEE) គឺជាអង្គការអន្តរជាតិដែលធ្វើឡើង ដើម្បីឧទ្ទិសដល់ការអប់រំសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយ ចីរភាព (ESD) ។ ដែលមានសមាជិកជាង១០០ នឹងកំពុងធ្វើការនៅក្នុង៨១ប្រទេស មូលនិធិសម្រាប់ការអប់រំ បរិស្ថាន (FEE) បានផ្តល់នូវសិទ្ធសេរីភាព ដល់មនុស្សឲ្យធ្វើសកម្មភាពប្រកបដោយអត្ថន័យ និងមានគោលបំណងដើម្បីបង្កើតនិរន្តរភាពពិភពលោកដែលឲ្យមានលក្ខណៈប្រសើរជាងមុន។
មានចំណាប់អារម្មណ៍នោះដែរលោកស្រី ម៉ននី រងី្ស អភិបាលរងខេត្តសៀមរាប បានគូសបញ្ជាក់ថា ក្រោមកិច្ចដឹក នាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ-កម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ ដូចជាផែនការយុទ្ធសាស្រ្តជាគន្លឹះជាច្រើន ដើម្បីឆ្លើយតបនិងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជាពិសេសគឺជម្រុញដល់ការរីកចម្រើននូវសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ក្នុងនោះវិស័យដែលលេចធ្លោជាងគេនោះ គឺវិស័យទេសចរណ៍ ដោយហេតុថាខេត្តសៀមរាប គឺជាទឹកដីនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកដ៏អស្ចារ្យ ដែលជាស្នាដៃដ៏ល្អឯកបន្សល់ទុកពីបុព្វបុរសខ្មែរយើង និងជាទឹកដីពោរពេញទៅដោយរមណីយដ្ឋានទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជម្រុញឲ្យតំបន់សៀមរាប-អង្គរនេះ ក្លាយជាទិសដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ គ្រប់មជ្ឈដ្ឋានជុំវិញពិភពលោក ចូលមកទស្សនាកម្សាន្ត។

បន្ទាប់ចំណាប់អារម្មណ៍ និង ការផ្តល់ដំបូន្មាន ព្រមទាំងបទពិសោធន៍ អនុសាសន៍ល្អៗមួយចំនួនរបស់ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ រួច មក មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិេសស ក៏បានលើកផងដែរថា ការទទួលបានរង្វាន់ទង់ បៃតង វិញ្ញាបនបត្រ បរិវេណអេកូឡូស៊ី របស់សាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូលឌុលប៊្រូល គឺត្រូវពឹងផ្អែកលើការវាយតម្លៃរបស់ មូលនិធិសម្រាប់ការអប់រំបរិស្ថាន ដែលបានកំណត់ទៅលើការ ចូលរួមជាមួយសិស្សនៅក្នុងសកម្មភាពរួមគ្នាដើម្បីលើកកម្ពស់ជីវចម្រុះ ការអភិរក្សនិងនិរន្តរភាពនៅក្នុងសាលារៀននិងសហគមន៍។ ការអប់រំអំពីបញ្ហាសម្រាម និងកាកសំណល់ ដែលផ្តល់សិទ្ធិអំណាចដល់ពួកគេក្នុងការជំរុញការផ្លាស់ប្តូរ អាកប្បកិរិយាជាវិជ្ជមាន , លើកកម្ពស់ការអប់រំ និងការអភិរក្សព្រៃឈើ និង លើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាពនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានលើកនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោល របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តោតសំខាន់ឆ្ពោះទៅការកសាងបណ្តុះបណ្តាលនូវធនធានមនុស្សនៅកម្ពុជា សំដៅក្នុងកិច្ចអភិវឌ្ឍប្រទេសឲ្យមានភាពជឿលឿនដូចបណ្តាប្រទេសលើពិភពលោក ព្រមទាំងផ្តល់នូវយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀតដែលអ្នកពាក់ព័ន្ធទាំងអស់បានខិតខំជម្រុញអនុវត្តន៍ជាបន្តបន្ទាប់ សំដៅធ្វើឲ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព តាមរយៈការបញ្រ្ជាបចំណេះដឹង និងចំណេះធ្វើ និងមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត និងឥរិយាបថទាំងស្ថាប័នរដ្ឋ វិស័យឯកជន ចំពោះអនាម័យ និងបរិស្ថាន។ ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ថា តាមរយៈកម្មវិធី មូលនិធិសម្រាប់ការអប់រំបរិស្ថាន បានលើកទឹកចិត្តឲ្យមានការយល់ដឹង ចំណេះដឹង និង អាកប្បកិរិយានៃការព្រួយបារម្ភចំពោះបរិស្ថាន ជម្រុញអនាគតប្រកប ដោយនិរន្តរភាពបន្ថែមទៀតសម្រាប់ទាំងអស់គ្នា។ លើសពីនេះទៅទៀតនោះ ការអប់រំបរិស្ថានដែលបានកំណត់ដោយ US EPA រួមមានសមាសភាគសំខាន់ៗចំនួនបី គឺ ការយល់ដឹង និងបញ្ហាប្រឈមនឹងបរិស្ថានដែលកំពុងកើតមានឡើង, ចំណេះដឹង និងការយល់ដឹងអំពីបរិស្ថាន និងបញ្ហាប្រឈមរបស់វា និង ការយកចិត្តទុកដាក់ចំពោះបរិស្ថាន ការលើកទឹកចិត្តបុគ្គលឲ្យកែលម្អ ឬរក្សានូវគុណភាពនៃបរិស្ថាន ។ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ក៏បានបញ្ជាក់ថា បញ្ហាបរិស្ថាន អនាម័យ សុខភាពគឺជាកត្តាចំបងនៅលើភពផែនដីយើងនេះ ដោយបច្ចុប្បន្នត្រូវបានធ្វើការកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទីក ។ ជាក់ស្តែងក្នុងថ្ងៃនេះ នៅសាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូលឌុលប្រ៊ូល ត្រូវបានលែងប្រើប្រាស់សម្ភារៈប្លាស្ទីក ដែលធ្វើឲ្យសាលាមួយនេះ បានទទួលរង្វាន់ទង់បៃតង វិញ្ញាបនបត្រ បរិវេណអេកូឡូស៊ី ជាលើកដំបូងគេនៅលើ សកលលោកយើងនេះ ។ ក្នុងនោះ ដែរឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់សិស្ស ក៏ដូចថ្នាក់ដឹកនាំទាំងអស់ ចូលរួមលើការផ្សព្វផ្សាយអំពីបញ្ហាបរិស្ថាន អនាម័យ សុខភាព ដល់ប្រជាពលរដ្ឋ ពីផលប៉ពាល់នៃការប្រើប្រាស់ប្លាស្ទីក ក៏ដូចជាឧបករណ៍ផ្សេងៗ ដែលធ្វើ ឲ្យប៉ះពាល់ដល់បរិស្ថានភពផែនដីទៀតផង ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *