កម្មវិធីព្យុះហយាត្រាឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្សលើកទី២ ឆ្នាំ២០២៣

ខេត្តសៀមរាប៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប សហការជាមួយអង្គការមូលនិធិ អេ២១ ប្រចាំនៅកម្ពុជា បានរៀបចំកម្មវិធីព្យុះ ហយាត្រាឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្ស លើកទី២ ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ សិស្សនិស្សិត មន្រ្តីរាជការ អង្គការសង្គមស៊ីវិល និងសាធារណជន ពីអំពើជួញដូរមនុស្ស។ ការប្រារព្ធកម្មវិធីនេះឡើង ក្នុងគោលបំណង ដើម្បីបង្ហាញពីឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការមូលនិធិអេ២១ និងប្រជាពលរដ្ឋចម្រុះជាតិសាសន៍គ្រប់រូប ក្នុងការរួមសហការគ្នា ឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្ស ។ កម្មវិធីនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍(គ.ជ.ប.ជ) ដោយមានការអញ្ជីញ ចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជា មេបញ្ជាការ-បញ្ជាការរង តំណាងសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត គណ អភិបាលក្រុង ស្រុក មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ អង្គការដៃគូជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម សមាគមន៍សិស្សនិស្សិតបញ្ញាវ័ន្តក្មេងវត្ត សិស្សានុសិស្ស និង ក្រុមអ្នកស្ម័ត្រចិត្ត សរុបជាង ៦០០ នាក់ ដែលបានចូលរួមផងដែរ។
មានប្រសាសន៍នោះដែរកញ្ញា គ្រីស្ទីន នាយិការអង្គការមូលនិធិអេ២១ ប្រចាំនៅកម្ពុជា បានធ្វើការបង្ហាញអំពីគោល បំណងនៃការរៀបចំកម្មវិធីឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្សនៅកម្ពុជា ក៏ដូចនៅ លើពិភពលោកទាំងមូល។
លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប បានបញ្ជាក់ថា ខេត្តសៀមរាប ជាប៉ូលទេសចរណ៍មួយដ៏សំខាន់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិអេកូទេសចរណ៍ជាច្រើនកន្លែងផ្សេងទៀត សម្រាប់ភ្ញៀវទេសចរទស្សនាកម្សាន្ត។ ទន្ទឹមនឹងផលវិជ្ជមានពីសេវាកម្មទេសចរណ៍ ក៏យើងបានទទួលរងផលជាអវិជ្ជមានផងដែរ ពីអ្នកទេសចរណ៍មួយចំនួន ដែលមានបំណងទុច្ចរិត បានប្រព្រឹត្តបទល្មើសរំលោភបំពាន ការកេងប្រវ័ញ្ចផ្លូវភេទទៅលើកុមារ តាមរូបភាពផ្សេងៗ និងការយកខេត្តសៀមរាប ជាខេត្តសម្រាប់ឆ្លងកាត់ការនាំចេញមនុស្សដោយខុសច្បាប់ និងកន្លែងសម្រាប់ប្រព្រឹត្តបទល្មើសផងដែរ ។
លោកជំទាវ ជូ ប៊ុនអេង ក៏បានលើកឡើងថា កម្មវិធីព្យុះហយាត្រាឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្ស ក្នុងគោល បំណង បង្ហាញអំពីឆន្ទះមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា និង ប្រជាពលរដ្ឋគ្រប់រូបក្នុងការរួមគ្នា បង្ការបង្រ្កាប ផ្តន្ទាទោស សង្រ្គោះ និង ការពារ ដើមី្បកម្ពុជាបញ្ឈប់អំពើជួញដូរមនុស្ស។ ម៉្យាងទៀតរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ការលំបាក ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព ដើមី្បឲ្យប្រជាជនកម្ពុជា និង មនុស្សជាតិ ទទួល បានការគោរពសិទ្ធិសេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ស្របច្បាប់ និង ភាពសុខុដុមរមនា ។ លោកជំទាវក៏បានបញ្ជាក់ ពីការប្តេជ្ញារចិត្តរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចសហការជាមួយបណ្តាដៃគូពាក់ព័ន្ធនានា និង ទាមទារឲ្យមានកិច្ចសហការ កាន់តែជាក់លាក់ពីបណ្តាប្រទេសពាក់ព័ន្ធទាំងឡាយក្នុងតំបន់ និង លើពិភពលោក ដើមី្បរួមគ្នាបង្រ្កាបអំពើជួញដូរមនុស្ស គ្រប់រូបភាព និង ផ្តន្ទាទោសជនល្មើសឲ្យបានម៉ឹងម៉ាត់ ដើមី្បកាត់បន្ថយ លុបបំបាត់ប្រសិទ្ធភាពបទល្មើស ។ លោកជំទាវ ជូ ប៊ុនអេង ក៏មានសង្ឃឹមជឿជាក់ថា ការបា្ររព្ធកម្មវិធីព្យុះហយាត្រាឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្សនេះ ជាលើកទី២ហើយនៅកម្ពុជា ដែលប្រារព្ធធ្វើនៅខេត្តសៀមរាប ក្រោមកិច្ចសហការជាមួយអង្គការមូលនិធិ អេ២១ ប្រចាំនៅកម្ពុជា ជាស្មារតីយល់ដឹងដ៏មានសារៈសំខាន់បំផុត ក្នុងការផ្សព្វផ្សាយជាសាធារណៈ បំផុសកិច្ចចូលរួមក្នុងការអនុវត្តច្បាប់ ស្តីអំពីការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្រ្តីនិងកុមារ ព្រមទាំងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ផ្តល់ការគាំទ្រ បន្តការសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ដើម្បីអនុវត្តច្បាប់នេះ ឲ្យកាន់តែមានប្រសិទ្ធិភាព និងជោគជ័យថែមទៀត ដើម្បីប្រជាជននិងប្រទេស ជាតិយើង ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *