រដ្ឋបាលខេត្តសៀមរាប នាំយកទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្តបាលីដំរីក្រាប វេនបិណ្ឌទី១០

សៀមរាប៖ លោក សុខ ថុល អភិបាល រងខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និង ភរិយា រួមជាមួយអស់លោកលោកស្រី ក្រុមការងារស្រុក មន្ត្រីរាជការ និង រដ្ឋបាលស្រុកបន្ទាយស្រី បាននាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃ នៅវត្តបាលីដំរីក្រាប ស្ថិតក្នុងភូមិ ស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីចូលរួមកាន់បិណ្ឌ ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទនៅវេនទី១០ ដើមី្បឧទ្ទិសកុសលផលបុណ្យជូនដល់ដូនតាញ្ញាតិកាទាំងប្រាំពីរសណ្តាន និង កម្មាភិបាលដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិ ការពារកសាងអភិវឌ្ឍន៍ប្រទេស ដែលបានចែកឋានទៅកាន់លោកខាងមុខ ឲ្យបានរួចចាកផុតពីឧបាយភូមិទាំងឡាយ តាមរយៈព្រះសង្ឃជាស្រែបុណ្យ ។
បន្ទាប់ពីជួបជុំថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានរៀបចំនមស្សការព្រះរតនត្រៃសមាទានសីល និងធ្វើការវេរប្រទាននូវទេយ្យវត្ថុដល់ព្រះសង្ឃ ព្រមទាំងបានធ្វើការរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ធចំពោះមាតាបិតា ជីដូនជីតា និងញាតិកាលទាំង ៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ និងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិ កម្ពុជា សូមមកទទួលនូវផល្លានិសង្ឃ ដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃជា ស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ និងសូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ ។ ផ្តើមចេញពីកុសលផលបុណ្យនៃការកាន់បិណ្ឌវេនទី១០នេះ លោកអភិបាលរងខេត្ត បានប្រគេននូវទេយ្យទានមានគ្រឿងឧបភោគបរិភោគ ចំនួន១៣មុខ និង បច្ច័យ ២លានរៀល បានវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាក្នុងវត្តបាលីដំរីក្រាប សម្រាប់តំកល់ទុកក្នុងការកសាងក្នុងទីវត្ត ព្រមទាំងបានប្រគេននូវស្លាដក និងបច្ច័យមួយចំនួនដល់ព្រះសង្ឃ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។
សំណេះសំណាលជាមួយព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ អាជ្ញាធរមូលដ្ឋាននោះដែរ លោក សុខ ថុល បានលើកឡើងថា ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក រដ្ឋបាលខេត្តសៀមរាបរួមជាមួយ មន្ត្រីអ្នកមុខអ្នកការ តែងតែមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បាននាំមកនូវទេយ្យទាន និងបច្ច័យ ដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗមិនដែលខកខាននោះឡើយ ។ ជាក់ស្តែងឆ្នាំនេះ ទោះជាស្ថានភាពក្រោយពីវិបត្តិជម្ងឺកូវិដ ១៩ បានធូស្រាល ធ្វើឲ្យប្រជាពុទ្ធបរិស័ទយើង បានធ្វើការជួបជុំនិងចូលរួមកាន់បិណ្ឌ នៅតាមបណ្តាវត្តអារាមមិនដាច់នោះឡើយ ក្នុងគោលបំណងចូលរួមផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ដែលមានរយៈពេល៣ខែ ចាប់ពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា និងសមណសិស្សកំពុងសិក្សាក្នុងទីវត្តអារាមផងដែរ ។ លោកអភិបាលរង ខេត្ត ក៏បានរំឭកផងដែរថា ពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីធំៗផ្សេងទៀតរបស់ដូនតាខ្មែរយើង ដែលមានតាំងពីបុរាណកាលរហូតមកដល់សម័យបច្ចុប្បន្ននេះ ។ ជាមួយនោះប្រជាជនខ្មែរ តែងប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខានម្តងណាឡើយដលពេលដល់រដូវកាល លើកលែងតែក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ ដែលធ្វើឲ្យគ្រប់វិស័យធ្លាក់ដល់កម្រិតសូន្យ ។ ក្នុងនោះដែរ លោកបានចាត់ទុកថា បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យធំជាងគេនៅក្នុងចំណោមបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ ហើយជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែចូលរួមអភិរក្ស ថែរក្សាមិនឲ្យបាត់បង់ប្រយោជន៍ ទុកសម្រាប់កូនចៅជំនាន់ក្រោយៗប្រតិបត្តិ បន្ត ។ លោកក៏បានរំលឹកថា ជាការពិតណាស់ នៅក្នុងអំឡុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជារដូវវស្សាមានរលឹម ភ្លៀងផ្គរ ជោគជាំ តែងតែបង្កការលំបាកដល់ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ ពេលធ្វើគោចរបិណ្ឌបាត ដូចនេះហើយបានជាពុទ្ធបរិស័ទយើងបានបង្កើតកម្មវិធីវេនកាន់បិណ្ឌនេះឡើង មានរយៈពេល១៥ថ្ងៃ ទាំងថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្កភាពងាយស្រួលដល់ព្រះសង្ឃគ្រប់ទីវត្តអារាម ។ ទាំងនេះក៏ដោយសារការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកស្នងបន្ត ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍រីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។ ជាមួយគ្នានោះ លោកក៏បានក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់ អំពីបញ្ហាសុខុមាលភាពផ្ទាល់ខ្លួននិងធ្វើការដាំដុះដំណាំរួមផំ្សផ្គត់ផ្គង់ដល់ក្រុមគ្រួសារ ដើម្បីបង្កើនជីវភាពឲ្យកាន់តែប្រសើរឡើង។

ម៉ី សុខារិទ្ធិ ភ្នាក់ងារខេត្តសៀមរាប

                                                            
Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *