គ្រួសារជនរងគ្រោះធ្លាក់ពីលើអគារ និងឆក់ខ្សែភ្លើងស្លាប់នៅសង្កាត់ចំរើនផល ទទួលអំណោយមនុស្សធម៌ពីសប្បរសជន

ខេត្តពោធិ៍សាត់៖ លោក វ៉ាន់ ហៀង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងសហការី តំណាងឯកឧត្តម ខូយ រីដា អភិបាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់សាខា ទៅចូលរួមបុណ្យសពចំនួន២គ្រួសារ នៅសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ដែលពិធីនេះក៍មានការចូលរួមពីលោក ក្រូច សុខុន អភិបាលរងក្រុងពោធិ៍សាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ចូលរួមផងដែរ។

លោកអភិបាលរងក្រុងពោធិ៍សាត់ បានអោយដឹងថា សពជនរងគ្រោះទាំង២គ្រួសារនេះ ទី១ ឈ្មោះ លឹម កើត ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិក្ដីខ្វាវ (គ្រោះថ្នាក់ធ្លាក់ពីលើអគារស្លាប់) និងទី២សពឈ្មោះ ឈឿន ឡូញ ភេទប្រុសអាយុ៣៣ឆ្នាំ មានប្រពន្ធនិងកូនប្រុសស្រីចំនួន៣នាក់ នៅភូមិកំពង់ស្ទោង សង្កាត់ចំរើនផល ក្រុងខេត្តពោធិ៍សាត់ (ស្លាប់ដោយខ្សែភ្លើងឆក់)។

គ្រួសារសពទាំង២នេះ ក្នុងមួយគ្រួសារទទួលបានអង្ករ៥០គក្រ ទឹកក្រូច២កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធ០២កេស និងថវិកាចំនួន១០ម៉ឺនរៀល។

លោក វ៉ាន ហៀង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍ថា បន្ទាប់ពីទទួលបានដំណឹងថាមានបងប្អូនប្រជាពលរដ្ឋ ជួបគ្រោះថ្នាក់ធ្លាក់ពីលើអគារនិងខ្សែភ្លើងឆក់ស្លាប់ភ្លាម ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឲ្យរូបលោកនិងសហការី នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត មកចូលរួមបុណ្យសពជាបន្ទាន់។

លោក វ៉ាន់ ហៀង បានចូលរួមរំលែកទុកជាមួយគ្រួសារសពដោយក្ដីក្រៀមក្រំ និងសូមឲ្យឪពុកម្ដាយសព ប្រពន្ធសព កាត់បន្ថយក្ដីសោកសៅ ព្រោះគ្រោះថ្នាក់មើលមិនឃើញនោះទេ។ ខិតខំថែរក្សាសុខភាពដើម្បីចិញ្ចឹមកូនដែលនៅរស់ ឲ្យបានរៀនសូត្រសម្រាប់អនាគតរបស់ពួកគេ។

លោក វ៉ាន់ ហៀង បានលើកឡើងថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានខិតខំគៀងគររកមូលនិធិពីសប្បុរសជនគ្រប់លំដាប់ថ្នាក់ ដើម្បីទុកជួយដល់ជនរងគ្រោះគ្រប់ប្រភេទ ដោយគ្មានប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយអ្វីឡើយ កាកបាទក្រហមកម្ពុជា រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ។

សមាគមាននាំមុខគេក្នុងវិស័យមនុស្សធម៌ ប្រមូលផ្ដុំដើម្បីបន្តជួយដល់ជនរងគ្រោះ តាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព ការថែទាំសុខភាពក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សថម៌របស់ចលនា ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *