បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅខេត្តសៀមរាប

សៀមរាប÷ បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅខេត្តសៀមរាប
នៅព្រឹកថ្ងៃអាទិត្យទី២៣ខែកក្កដាឆ្នាំ២០២៣ ជាប្រក្រតិទិននៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលកំណត់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។ សម្រាប់ខេត្តសៀមរាប ពេលនេះ នៅតាមបណ្តាការិយាល័យបោះឆ្នោតទាំង១៥២១ការិយាល័យ ក្នុង១០០ឃុំសង្កាត់ទូទាំងខេត្ត មន្ត្រីនៅតាមការិយាល័យនីមួយៗបានដំណើរការចាក់សោរបើកហិបឆ្នោត ត្រួតពិនិត្យសម្ភារៈឯកសារសម្រាប់បំរើឱ្យការបោះឆ្នោត ក្រោមការចូលរួមពីអ្នកសង្កេតការណ៍មកពីអង្គការ សមាគមនានា និងមានការយាមកាមការពារ ពីមន្ត្រីសមត្ថកិច្ចនិងភ្នាក់ងារសន្តិសុខនៅខាងក្រៅការិយាល័យផងដែរ ជាមួយគ្នានេះ ប្រជាពលរដ្ឋទាំងពីរភេទដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោតក្រោយពីបានពិនិត្យ មើលឈ្មោះរៀងៗខ្លួន និងខ្លះទៀតបានមកដល់ហើយឈរតម្រង់ជួរនៅមុខការិយាល័យបោះឆ្នោត ខណៈដែល ការិយាល័យបោះឆ្នោតនិមួយៗបានបើកដំណើរការបោះឆ្នោតនៅម៉ោង៧ព្រឹកនឹងគ្រោងបិទបញ្ចប់នៅម៉ោង៣រសៀល តាមការកំណត់របស់គ.ជ.ប។ មន្ត្រីរៀបចំការបោះឆ្នោត អ្នកសង្កេតការណ៍នានា តាមការិយាល័យនីមួយៗមានសិទ្ឋអាទិភាពបោះឆ្នោតមុន ដោយឡែកភ្នាក់ងារការពារសន្តិសុខ សណ្តាប់ធ្នាប់បោះមុនដោយការប្តូរវេនគ្នា រួចហើយផ្តល់សិទ្ឋអាទិភាពចំពោះព្រះសង្ឃ ជនពិការ មនុស្សចាស់ ស្រ្តីមានផ្ទៃពោះនិងស្រ្តីមានកូនតូចជា ដើម បានចូលបោះមុន។ លេខាធិការដ្ឋានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត សំណូមពរដល់អ្នកបោះឆ្នោតទាំងអស់ ពេលទៅបោះឆ្នោតសូមយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារពាក់ព័ន្ឋសម្រាប់បោះឆ្នោតបាន ដើម្បីជូនទៅមន្ត្រីក្នុងការិយាល័យបោះឆ្នោត និង ហាមជាសាធារណៈមិនឱ្យប្រើទូរស័ព្ទនិងថតរូបក្នុងការិយាល័យបោះឆ្នោត ជាពិសេសហាមរូបភាពសញ្ញាគណបក្សទាំងអស់ ព្រមទាំងហាមការនាំយកអាវុធជាតិផ្ទុះចូលក្នុងរង្វង់ ការិយាល័យបោះឆ្នោតដែលបានកំណត់និងបានផ្សព្វផ្សាយជូនដំណឹងរួចហើយ។
លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានគណកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប(គ.ខ.ប) មុនថ្ងៃបោះឆ្នោតមកដល់ ពោលគឺកាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៣ ក្រុមការងារ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត ទទួលបានពីគ.ជ.បនូវសម្ភារៈសំខាន់ៗសម្រាប់បំរើឱ្យការបោះឆ្នោតមាន៥មុខ រួមមានសន្លឹកឆ្នោត ត្រាសំងាត់ ទឹកខ្មៅលុបមិនជ្រះ បញ្ជីឈ្មោះបោះឆ្នោត និងហិបឆ្នោត ហើយបានដឹកជញ្ជូនយកទៅដល់គោលដៅទាំង១០០ឃុំសង្កាត់ ក្នុងទូទាំងខេត្តតាំងពីថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៣ មកដល់ពេលនេះ អ្វីៗបាននឹងកំពុងប្រព្រឹត្តិទៅតាម ប្រក្រតីទិននិងនីតិវិធី ដែលគ.ជ.ប បានកំណត់។ លោក នឹម វ៉ាន់សំ បង្ហាញរបាយការណ៍ថា៖ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ សរុបចំនួន៦១៨. ៨៣៥នាក់ និងមាន១៥២១ការិយាល័យបោះឆ្នោត មានមន្ត្រីបំរើនៅតាមការិយាល័យបោះឆ្នោតសរុបចំនួន៩១២៦នាក់ ក្នុង១០០ឃុំសង្កាត់ទូទាំងខេត្ត និងមានអ្នកសង្កេតការណ៍ជាតិ មកពី២៥អង្គការ សមាគម ជាមួយគ្នានោះ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត បានផ្តល់បណ្ណ័ដល់អ្នកសង្កេតការណ៍ជាតិ សរុបចុងក្រោយ ចំនួន៦៦៧៨នាក់ ក្នុងនោះស្រីចំនួន ៥០១៤នាក់។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧នេះ ខេត្តសៀមរាប មានអាសនៈចំនួន៦ សម្រាប់បេក្ខភាពតំណាងរាស្ត្រ។

ប្រធានលេខាធិការដ្ឋាន គ.ខ.ប បន្ថែមថា៖ នៅលើសន្លឹកឆ្នោតអាណត្តិនេះដែរ មានគណបក្សនយោបាយឈរឈ្មោះចំនួន ១៤គណៈបក្ស រួមមាន៖ .គណៈបក្សខ្មែរតែមួយ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ .គណបក្សកម្លាំងប្រជាធិបតេយ្យ .គណបក្សកសិករ គណបក្សស្ត្រីដើម្បីស្ត្រី .គណបក្សខ្មែរឈប់ក្រ គណបក្សហ្វុនស៊ីនប៉ិច . គណបក្សធម្មាធិបតេយ្យ .គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន .គណបក្សបំណងពលរដ្ឋ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សយុវជនកម្ពុជា និង . គណបក្សប្រជាជនកម្ពុជា ។

គណបក្សនយោបាយដែលមិនមានវត្តមាននៅក្នុងសន្លឹកឆ្នោតសម្រាប់ខេត្តសៀមរាប គឺគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សអភិវឌ្ឍសេដ្ឋកិច្ច គណបក្សឯកភាពជាតិខ្មែរ និងគណបក្សខ្មែរអភិរក្ស៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *