ពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត

ខេត្តសៀមរាប ជាខេត្តនៃសម្បត្តិវប្បធម៌ ប្រពៃណី ជំនឿសាសនា ដែលបង្កប់នៅក្នុងជីវិតរស់នៅរបស់ប្រជា ពលរដ្ឋកម្ពុជា នៅមុនថ្ងៃចូលឆ្នាំថ្មីមកដល់ បានរៀបចំធ្វើពិធីបួងសួងសុំនូវសេចក្តីសុខ ។ ពិធីដ៏មានសារៈសំខាន់នេះបានធ្វើឡើង នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប គឺស្ថិតក្នុងកាលវេលា ដ៏ខ្លី ឆ្ពោះទៅរកការបើកទំព័រថ្មី នៃព្រឹត្តិការណ៍ សៀមរាបសង្ក្រាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រ ។ ពិធីបួងសួងសុំសេចក្តីសុខ បានប្រារព្ធឡើងនៅវេលាព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំ ថោះ បញ្ចស័កព.ស ២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែមេសា គ.ស ២០២៤ គឺនៅសល់តែមួយថ្ងៃប៉ុណ្ណោះ ទេវតាឆ្នាំថ្មីនឹងយាងចុះមកបន្តសង្ក្រាន្តថ្មី ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវគ.ស ២០២៤ ។ ក្នុងពិធីបួងសួងនេះបានប្រព្រឹត្តទៅ ក្រោមវត្តមានរបស់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និង មន្ត្រីរាជការ ប្រជាពលរដ្ឋផងដែរ ។ កម្មវិធីសាសនា បួងសួងបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក រួមមានបារមីប្រាងប្រាសាទអង្គរវត្ត និងប្រាសាទបុរាណនានាកេរ្តិ៍ដំណែលស្ថាបត្យកម្មដូនតាខ្មែរ មានលោកតារាជ្យ លោកយាយទេព្យ ព្រះអង្គចេកព្រះអង្គចម បារមីព្រះអង្គធំខ្នងភ្នំគូលែនជាដើមផង ដើម្បីសុំសេចក្តីសុខ នៃកិច្ចដំណើរការព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤ ឲ្យ ប្រកបដោយជោគជ័យ សេរីមង្គលដ៏បវរ ប្រកបតាមសេចក្តីប៉ងប្រាថ្នា នៃប្រជាពលរដ្ឋខ្មែរ ព្រមជាមួយភ្ញៀវជាតិ-អន្តរជាតិ កុំបីក្លាយជាប្រការដទៃឡើយ ។
តាមសេចក្តីប្រកាសអំពាវនាវរបស់លោកតាអាចារ្យ ដែលបានប្រសិទ្ធីពិធីការ នាក្នុងឱកាសនោះ ពិធីបួងសួងសុំនូវសេចក្តីសុខ គឺជាពិធីនេះដែលត្រូវបានរៀបចំប្រាព្ធឡើងតាមបែបព្រហ្មញ្ញសាសនាសុទ្ធសាធ ។ តាមរយៈនៃការប្រារព្ធពិធីបួងសួងនេះផងដែរ គឺបានបង្ហាញ អំពីវប្បធម៌ ប្រពៃណីរស់នៅរបស់ប្រជាជនខ្មែរ ដែលបានបង្កប់ជ្រៅនៅក្នុងជំនឿនិងសង្គម ។
ពិធីបួងសួង ក៏ដូចជាពិធីក្រុងពាលីផងដែរ គឺជាពិធីដែលស្ថិតក្នុងជំនឿតាមបែបព្រលឹងដែល ប្រជាជនខ្មែរយើង មានជំនឿជឿថា នៅលើលោកនេះ អ្នកខ្លាំងពូកែដែលបានចែកស្ថានទៅ ពិតជាបានប្រើប្រាស់ព្រលឹងរបស់ខ្លួន នៅតាមថែរក្សាកូនចៅជំនាន់ក្រោយៗ នឹងមើលការខុសត្រូវដោយឬទ្ធានុភាពជួយគាំទ្រកូនចៅដែលប្រព្រឹត្តិតែអំពើល្អ និង មានមនសិការស្នេហាជាតិ ស្រឡាញ់ការពារទឹកដីមាតុភូមិ កេរ្តិ៍ដំណែលដូនតាដោយពិតប្រាកដ ។ ការប្រារព្ធពិធីនេះ ក៏បានបង្ហាញអំពីបេះដូងដ៏ទូលំទូលាយរបស់ប្រជាជនខ្មែរ ដែលបានរក្សាប្រពៃណីជំនឿនៃជាតិសាសន៍របស់ខ្លួនតាំងតែពីសម័យកាលដ៏រុងរឿងនៃអាណាចក្រអង្គរ ដែលជាសម័យកាលនៃព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែ បានធ្វើសមាហរណកម្មរវាងព្រហ្មសាសនា និង ការហូរចូលព្រះពុទ្ធសាសនាមកកាន់កម្ពុជា ។ ប្រជាជនខ្មែរ ពិតជាមានមោទនភាពក្រៃលែងតាមរយៈនៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត បានបង្ហាញនូវពិធីសាសនាជាច្រើនដែលទាក់ទងទៅនឹងព្រហ្មញ្ញសាសនា នឹងពិធីផ្សេងៗទៀត ដូចជាពិធីពូនភ្នំខ្សាច់ជាដើម ដែលត្រូវបានប្រារព្ធឡើងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ហើយទាំងនេះ គឺជាការសបញ្ជាក់ដល់ កូនចៅខ្មែរជំនាន់ក្រោយឲ្យ នៅតែគោរពថែរក្សាវប្បធម៌ ប្រពៃណី ជំនឿសាសនាយ៉ាងខ្ជាប់ខ្ជួនបំផុត ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *