ឯកឧត្តមបណ្ឌិត សឺង សំណាង អញ្ជើញជាអធិបតីបញ្ចុះខណ្ឌសីម៉ា និងសមិទ្ឌិផលនានាវត្តព្រះរាមរង្សី ស្ថិតនៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សឺង សំណាង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងអាកាស តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេសនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីបញ្ចុះខណ្ឌសីម៉ា និងសមិទ្ធិផលនានាវត្តព្រះរាមរង្សី ស្ថិតនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរស្ថាប័នជុំវិញខេត្ត មន្រ្តីសង្ឃស្រុក អាជ្ញាធរដែនដី យាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធិបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ។

តាមរបាយការណ៍ស្វាគមន៍របស់លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានបញ្ជាក់ដឹងថា ព្រះវិហារដែលធ្វើពិធីបញ្ចុះខណ្ឌសីមានាពេលនេះ បានដំណើរការសាងសង់ជាយូរយាណាស់មកហើយ ក្រោមការដឹកនាំរបស់ព្រះចៅអធិការវត្ត ចំនួន១១ជំនាន់មកហើយ បានជួយគាំទ្រពីសំណាក់ពីសប្បុរសជន ប្រជាពលរដ្ឋ ពុទ្ធិបរិស័ទ ជិតឆ្ងាយផងដែរ ។

លោក សេង វិចិត្រ បានបន្តថានៅក្នុងរបបប៉ុលពត នៅក្នុងបរិវេណ និងព្រះវិហារវត្តព្រះរាមរង្សីនេះ ត្រូវបានរលាយសាបសូន្យគ្មានសល់អ្វីនោះឡើយ ប៉ុន្តែក្រោយថ្ងៃ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់ប្រមុខរាជរដា្ឋភិបាល បានធ្វើឱ្យវត្តព្រះរាមរង្សី មានការរីកចម្រើនជាបន្ត បន្ទាប់ ដោយមានការចូលរួមពីសប្បុរសជន និង ប្រជាពលរដ្ឋ ពុទ្ធិបរិស័ទបានរួមកម្លាំងគ្នាកសាងចេញជាសមិទ្ធិផលនាថ្ងៃនេះ សរុប៣០៧.១៣៦ដូល្លា ។

ឯកឧត្តមបណ្ឌិត សឺង សំណាង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងអាកាស បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែង ដែលបានមកចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធផលនានា ស្ថិតនៅវត្តព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាឱកាសនេះ។

ជាមួយគ្នានោះឯកឧត្តមបណ្ឌិតបានចូលរួមត្រេកអរ អនុមោទនាជាមួយព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសបងប្អូនប្រជាពលរដ្ឋអ្នកឃុំជ្រៃបាក់ទាំងអស់ ដែលបានទទួលនូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតសម្រាប់បម្រើឱ្យសេចក្តីត្រូវការ នៅក្នុងទីវត្តអារាមនេះ។

ឯកឧត្តមបណ្ឌិតបានបន្តថា សមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ពុទ្ធ សាសនិកយើង និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំប្រឹង ប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

ឯកឧត្តមបានបន្តបន្ថែមថា ទីវត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់គោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសិក្សារៀនសូត្រ ព្រះធម៌ វិន័យ និងផ្សព្វផ្សាយ អប់រំកាយ វាចាចិត្តដល់ប្រជាពលរដ្ឋគ្រប់ៗរូបតាមគន្លងព្រះពុទ្ធសាសនា ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុមក្នុងគ្រួសារ និងសង្គមជាតិ ថែមទៀតផង ។

ចុងបញ្ចប់ពិធីឯកឧត្តមបណ្ឌិតបានប្រគេនបច្ច័យព្រះចៅអធិកា ចំនួន១១លានរៀល និងរោងទិសទាំង៨ ក្នុង១ទិស២០មុឺនរៀលផងដែរ ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *