រដ្ឋបាលខេត្តសៀមរាប ប្រារព្ឋទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ»

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត សហការជាមួយស្ថាប័នអង្គភាពពាក់ព័ន្ឋ បានប្រារព្ឋទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ» រយៈពេល៣ថ្ងៃពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែមីនាឆ្នាំ២០២៤នៅសួនច្បារមាត់ស្ទឹងមុខព្រះរាជដំណាក់ក្រុងសៀមរាប ។ ទិវាដ៏មានសារៈសំខាន់នេះ រាជ រដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់គុណូបការៈដ៏ធំធេងរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏សំបូរបែបសម្រាប់យើង គ្រប់ៗគ្នាជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើតនូវសេចក្តីស្រឡាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សា ការពារសម្បត្តិទាំងនេះឱ្យស្ថិតស្ថេរគង់វង្ស។
លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត មានប្រសាសន៍ថា៖ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ»ផ្តោតសំខាន់លើការបន្តលើកកម្ពស់ស្មារតីប្រជាជនមហាជនជាពិសេសយុវជនដែលជាអ្នកបន្តវេនឱ្យកាន់តែមានការយល់ដឹងពីតម្លៃពិតនៃពហុវប្បធម៌ ចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ ដែលជាមូលដ្ឋានគ្រឺះនៃសេចក្តីស្រឡាញ់ គោរពដឹងគុណបុព្វការីជននិងបង្កើននូវសាមគ្គីធម៌ គុណធម៌ និងការអភិវឌ្ឍន៍។លោកមួន សុភាព បង្ហាញបញ្ហាប្រឈមមួយចំនួនថា៖ទំនៀមទម្លាប់ប្រពៃណី និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃបន្សល់ទុកពីដូនតារបស់យើងនៅតាមមូលដ្ឋានភាគច្រើន បានបាត់បង់ជាបន្តបន្ទាប់ ដូចជាសិប្បកម្មតម្បាញប្រឈមនឹងការបាត់បង់ដោយគ្មាវត្ថុធាតុដើម និងពុំមានអ្នកបន្តវេន។ទម្រង់សិល្បៈ ភ្លេងអារក្ខ មហោរី ក៏កំពុងប្រឈមបាត់បង់ដោយគ្មានការគាំទ្រនិងខ្វះទីផ្សារ គុណភាពនិងចំណេះដឹងផ្នែកសិល្បៈតាមសមាគមនានានៅមានកម្រិតដោយការរៀនតៗគ្នាពុំមានគ្រូត្រឹមត្រូវ ។ ខ្លែងឯកខ្មែរក៏ប្រឈមនឹងការបាត់បង់ដែរដោយសារអ្នកជំនាញមាននៅតិចតួចនិងដោយសារជំនឿអវិជ្ជមានរបស់មហាជនចំពោះខ្លែងឯក ផ្ទុយទៅវិញខ្លែងឯកនាំមកនូវសេរីភាព សុភមង្គល មានរឿង ធនញ្ជ័យជាឧទាហរណ៍ ធនញ្ជ័យរស់រានជីវិតរួចចេញពីគុកដោយសារតែខ្លែងឯងនេះហើយ។
ថ្លែងបើកទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ នារសៀលថ្ងៃទី២៩ខែមីនាឆ្នាំ២០២៤ លោក យុន លីនណេ អភិបាលរងខេត្ត បានឯកភាពចំពោះចំណុចប្រឈមទាំងឡាយ ដែលមន្ទីរលើកឡើងថា ជាការពិតការវិវត្តន៍នៃសាកលលោក ការរីកចម្រើននៃបច្ចេកវិទ្យា ការហូរចូលនៃពហុវប្បធម៌ និងជាពិសេសការខ្វះខាតនូវលទ្ធភាពដោះស្រាយទាំង ឡាយលើធនធានមនុស្ស ថវិកា សម្ភារជាដើម សុទ្ធតែជាកត្តាដែលបង្កឱ្យរាំងស្ទះក្នុងការសម្រេចទិសដៅសកម្មភភាព។ ប៉ុន្តែឈរលើស្មារតីទទួលខុសត្រូវ យើងតែងតែខិតខំជាបន្តបន្ទាប់ដោះស្រាយជាជំហានៗ ដើម្បីកាត់បន្ថយនូវចំណុចអវិជ្ជមានទាំងអស់នោះ។ លោក អភិបាលរងខេត្ត បានបញ្ជាក់ថា សម្បត្តិវប្បធម៌ គឺជាដួងព្រលឹង ជាអត្តសញ្ញាណប្រកប ដោយកិត្យានុភាពជាតិ ជាមរកតប្រកបដោយសក្តានុពលដ៏ធំធេងបំផុតក្នុងការចូល ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សង្គម និងមូលដ្ឋានក្នុងការផ្សារភ្ជាប់ទំនាក់ទំនងដ៏រឹងមាំពីសង្គមមួយទៅសង្គមមួយ ពីក្រុមមួយទៅក្រុមមួយ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ឱ្យចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមភាព និងគ្មានការរើសអើង។ ហេតុនេះហើយក្នុងនាមយើងទាំអស់គ្នាដែលជាអ្នកបន្តវេន ត្រូវបំពេញកាតព្វកិច្ចក្នុងការធានាឱ្យបាននូវសុខដុមភាពនៃវប្បធម៌ជាតិ តាមរយៈការយកចិត្តទុក ដាក់ថែរក្សា ការពារ និងអភិវឌ្ឍន៍តាមរយៈការបណ្តុះបណ្តាល ការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ដ៏សំបូរណ៍បែបឱ្យបានដល់សាធារណជន ពិសេសដល់អ្នកជំនាន់ក្រោយដែលជាអ្នកបន្តវេន។លោក យុន លីនណេ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានខិតខំប្រឹងប្រែងដំណើរការនៃការបណ្តុះបណ្ដាលសិល្បៈដូនតា ជាពិសេសភ្លេងបុរាណ របាំបុរាណ របាំប្រពៃណី និងសិល្បៈសូនរូប នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ដល់យុវជនជំនាន់ក្រោយលើវិស័យសិល្បៈ និងឈានទៅកែលំអ គុណភាព បច្ចេកទេស កាត់បន្ថយនូវបញ្ហាប្រឈម សម្រាប់ថ្ងៃអនាគត់ ។ ចំណែកបញ្ហាប្រឈមផ្សេងៗទៀត សូមឲ្យមន្ទីរខិតខំដោះស្រាយឱ្យអស់លទ្ធភាព ចំណុចណាដែលធ្ងន់ធ្ងរ ខេត្តនឹងចូលរួមជួយដោះស្រាយ ដើម្បីឲ្យការអនុវត្តនូវភារកិច្ច ក៏ដូចជាផែនការ ការងារបានទទួលជោគជ័យ ។ ជាមួយនេះសូមថ្នាក់ដឹកនាំ មន្រ្តីរាជការ សិល្បករ សិល្បការិនីទាំងអស់ បន្តបង្កើននូវស្មារតីទទួលខុសត្រូវ គ្រប់គ្រង អនុវត្តបង្កើតនូវសកម្មភាពជំនាញឲ្យបានខ្លាំងក្លាបន្ថែមទៀត៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *