ឯកឧត្តម ខូយ រីដា និងលោកជំទាវ អាំង សុជាតា អញ្ជើញសួរសុខទុក្ខ ជនរងគ្រោះ៣នាក់ដែលត្រូវខ្មាន់កាំភ្លើង ២នាក់បាញ់ប្រហារដល់លំនៅឋាន

ពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត អមដំណើរដោយលោកអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង និងមន្ទីរមួយចំនួនទៀតនាល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញចុះសួរសុខទុក្ខ ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងចូលបាញ់ស្រោច ចំនួន០៦គ្រាប់ កាលពីយប់ថ្ងៃទី២ខែកុម្ភៈ បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល ចំនួន០៣នាក់ ខណៈដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណអភិបាលខេត្ត បានជម្រាបជូនដល់គ្រួសាររងគ្រោះទាំង៣នាក់ សូមឱ្យសម្រាកព្យាលបាល ថែទាំសុខភាពឱ្យបានល្អ កុំបារម្ភរឿងផ្សេង ទុកឱ្យសមត្ថកិច្ចជំនាញក្នុងខេត្ត សហការជាមួយសមត្ថកិច្ចក្រសួងកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

ជាមួយគ្នានោះឯកឧត្តម បានថ្លែងអំណរគុណដល់លោកគ្រូពេទ្យទាំងអស់ដែលបានធ្វើការវះកាត់និងព្យាបាលសង្គ្រោះដល់ជនរងគ្រោះបានទាន់ពេលវេលានេះបញ្ជាក់ឱ្យឃើញថាមន្ទីរពេទ្យបង្អែកខេត្តពិតជាមានលទ្ធភាពជំនាញក្នុងការវះកាត់និងព្យាបាលជំងឺយ៉ាងច្បាស់លាស់ប្រកបដោយវិជ្ជាជីវៈពិតៗ។

       សូមជម្រាបជូនថា ករណីបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃ លើក្រុមគ្រួសារអ្នករកស៊ីត្រី ក្នុងក្រុងពោធិ៍សាត់ គឺបានកើតឡើងកាលពីវេលាម៉ោង០៦ និង៤០នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបណ្ដុះសណ្ដែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់តែករណីនេះត្រូវបានសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បានដាក់ការសន្និដ្ឋានជំហានដំបូង គឺអាចផ្តើមចេញពីរឿងគំនុំ។

តាមរបាយការណ៍របស់នគរបាលខេត្ត បានឱ្យដឹងថា ខ្មាន់កាំភ្លើងមិនស្គាល់មុខ មានគ្នាចំនួន០២នាក់ ប្រដាប់ដោយអាវុធខ្លី មិនស្គាល់ម៉ាក ជិះម៉ូតូ០១គ្រឿង គ្មានស្លាកលេខ មកឈប់មុខផ្ទះជនរងគ្រោះ រួចដើរសំដៅចូលទៅបាញ់ បណ្ដាលឱ្យរងរបួសមនុស្សប្រុសស្រីចំនួន៣នាក់ រួមមាន៖ ទី១- ឈ្មោះ ទិត្យ កុសល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវកម្មទិញ-លក់ត្រី រងរបួសស្រាល ទី២- ឈ្មោះ ជា វួចហេង ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ រងរបួសធ្ងន់ (បែកថ្លើម ធ្លាយថង់ប្រម៉ាត់ និងធ្លាយក្រពះ)និងទី៣- ឈ្មោះ ជា ណៃហួយ ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរ ជនរងរបួសធ្ងន់ បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ 

       ក្រោយពេលកើតហេតុ ជនដៃដល់បានឡើងម៉ូតូជិះគេចខ្លួនបាត់ស្រមោលករណីនេះ សមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ និងកំពុងដុតដៃដុតជើង ដើម្បីស្រាវជ្រាវវែងរកមុខជនដៃដល់ មកចាត់ការតាមនីតិវិធីច្បាប់។

សូមជម្រាបថា ក្រុមគ្រូពេទ្យផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានជួយសង្គ្រោះជនរងគ្រោះ ដែលមានសភាពធ្ងន់ធ្ងរជាងគេ ដោយធ្វើការវះកាត់ភ្លាមៗ។

ចំពោះស្ថានភាពអំឡុងពេលវះកាត់ ជនរងគ្រោះ ឈ្មោះ ជា វួចហេង មានការហូរឈាមក្នុងពោះធ្ងន់ធ្ងរ បែកថ្លើមទាំងសងខាង (ឆ្វេង និងស្ដាំ) ធ្លាយថង់ទឹកប្រម៉ាត់ និងធ្លាយក្រពះ ចំនួន០៣កន្លែង ស្ថិតក្នុងការតាមដាននៅឡើយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *