ពិធីបិទសិក្ខាសាលា ឆ្លុះបញ្ចាំងលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ និងទិសដៅ អនុវត្តបន្តឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប

សៀមរាប៖ អង្គសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប ដែលបានដំណើរការទៅមួយថ្ងៃពេញទទួលបានលទ្ធផលជាផ្លែផ្កាតាមកម្មវិធីដែលបានគ្រោងទុក ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ត្រូវបានបិទអង្គសិក្ខាសាលានៅរសៀលថ្ងៃដដែល ដោយមានការអញ្ជេីញចូលរួមពី លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និង លោកស្រី យូ សុភា អភិបាលរងខេត្ត និង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកាគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារក្រុង ស្រុក (គ.ក.ន.ក) ឃុំ សង្កាត់ ស្មៀន ឃុំ សង្កាត់ អង្គការសង្គមស៊ីវិល សរុបចំនួន២៤២ស្រី១៤៥នាក់។
មានប្រសាសន៍បិទអង្គសិក្ខាសាលានោះដែរ ឯកឧត្តម អ៊ាន ឃុន បានគូសបញ្ជាក់ថា អង្គសិក្ខាសាលា ឆ្លុះបញ្ចាំងនេះ ឆ្លងតាមរយៈរបាយការណ៍ បានឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្ត សកម្មភាព តួនាទី ភារកិច្ច សិទ្ធិអំណាច និងការទទួលខុសត្រូវខ្ពស់របស់ (គ.ក.ស.ក)នៃរដ្ឋបាលខេត្ត នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តមមានសង្ឃឹមថា អង្គសិក្ខាសាលានេះពិតជាទទួលបាននូវបទពិសោធន៍ថ្មីៗ បន្ថែមទៀត នូវចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងនីតិវិធីដោះស្រាយបញ្ហាទាំងនោះ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ស្ត្រី យុវជន កុមារ និងជនងាយរងគ្រោះ ជាពិសេសបានអនុវត្តផែនការ កិច្ចការពារកុមារ ព្រមទាំងបង្កើនភាពអង់អាចដល់ស្ត្រីឲ្យកាន់តែល្អប្រសើរ ។ ម៉្យាងទៀតអង្គសិក្ខាសាលា ក៏បានចែករំលែកនូវបទពិសោធន៍នៃការអនុវត្តតួនាទី ភារកិច្ច របស់ (គ.ក.ស.ក) នៃរដ្ឋបាលស្រុក និង( គ.ក.ន.ក) ឃុំសង្កាត់ ព្រមទាំងមានរៀបចំវេទិកាសំនួរ ចម្លើយយ៉ាងផុលផុស ធ្វើឲ្យកិច្ចដំណើរការនៃអង្គសិក្ខាសាលា ប្រព្រឹត្តទៅដោយរលូនស្របតាមផែនការដែលបានគ្រោងទុក ។ ឯកឧត្តមបានបន្តទៀតថា ដើម្បីជាមូលដ្ឋាន សម្រាប់លើកជាយោបល់ និងអនុសាសន៍ ជូនក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការផ្តល់ការគាំទ្រដល់ការពង្រឹងភាពអង់អាចដល់ស្ត្រីជាអ្នកដឹកនាំ និង ជម្រុញឲ្យការងារពាក់ព័ន្ធលើកកម្ពស់សមភាពយេនឌ័រ ស្ត្រី យុវជន កុមារ និងជនងាយរងគ្រោះ ឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយនឹងកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងការធ្វើសមាហរណកម្មបុគ្គលិក ដែលកំពុងបម្រើការងារនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ និង ការិយាល័យជំនាញនានានៅថ្នាក់ក្រុង ស្រុក ខណ្ឌ ទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នាពេលនេះ ឯកឧត្តមសង្ឃឹម និងជឿជាក់ថា រដ្ឋបាលថ្នាក់ក្រោមជាតិ នឹងមានភាពងាយស្រួលក្នុងការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋបន្ថែមមួយកម្រិតទៀត ព្រមទាំងធានានូវប្រសិទ្ធភាព តម្លាភាព អព្យាក្រឹត្យ សមធម៌ និរន្តរភាពការងារ និងធានាបាននូវអត្ថប្រយោជន៍នានា។ ក្នុងនោះដែរឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានទទួលយកមតិយោបល់ក្នុងការលើកឡើងនៃអង្គសិក្ខាសាលា ដើម្បីរកវិធីសាស្រ្តផ្តល់ការគាំទ្របន្ថែមទៀត សម្រាប់អភិវឌ្ឍន៍សមត្ថភាពដល់ស្រ្តីឲ្យមានភាពអង់អាចក្លាហាន សំដៅលើកកម្ពស់ស្រ្តីសម្រាប់បន្តវេន ក្នុងភាពជាអ្នកដឹកនាំ។ ឯកឧត្តម អ៊ាន ឃុន បានផ្តល់អនុសាសន៍ល្អៗមួយចំនួន ជាមូលដ្ឋានគ្រឹះជូនដល់ (គ.ក.ស.ក)ខេត្ត ក្រុង ស្រុក និង ( គ.ក.ន.ក) ឃុំសង្កាត់ ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដៃគូ អភិវឌ្ឍន៍ទាំងអស់ ដើម្បីបន្ស៊ីរាល់ផែនការសកម្មភាពរវាងគ្នានឹងគ្នា សំដៅធ្វើឲ្យសម្រេចនូវការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ដំណាក់កាលទី២ (ពីឆ្នាំ២០២១ ដល់ ឆ្នាំ២០៣០) ។ ចំណុចសំខាន់ៗ ដែលបានលើឡើងនេះ គឺជាត្រីវិស័យមួយសម្រាប់ចង្អុលបង្ហាញ ណែនាំបន្ថែមដល់ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការចាត់ចែងអនុវត្តការងារ របស់ខ្លួន គួបផ្សំនឹងគំនិតច្នៃប្រឌិត បទពិសោធន៍របស់លោកជំទាវ ឯកឧត្តម លោក លោកស្រី ដែលធ្លាប់មានកន្លងមក។ ឯកឧត្តមសង្ឃឹមជឿជាក់ថា សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារ នៃការអនុវត្តផែនការ សកម្មភាពឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលខេត្ត នាថ្ងៃនេះ បានរកឃើញនូវធាតុចូល សំខាន់ៗមួយចំនួនបន្ថែមទៀត ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្វះខាត បទពិសោធន៍ អនុសាសន៍ ដើម្បីយកទៅអនុវត្តបន្ត ក្នុងឆ្នាំ២០២៤នេះ ឲ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាន ជោគជ័យតាមផែនការដែលបានការគ្រោងទុក ។ ឯកឧត្តមបានផ្តាំផ្ញើដល់ អង្គការដៃគូអភិវឌ្ឍន៍ និងអង្គការសមាគមនានា សូមបន្តកិច្ចសហការ និងគាំទ្រទាំងបច្ចេកទេស និងថវិកាដល់ (គ.ក.ស.ក)ខេត្ត ក្រុង ស្រុក និង (គ.ក.ន.ក)ឃុំសង្កាត់ ក្រុមការងារលើកកម្ពស់វិស័យសេវាសង្គម និងក្រុមការងារកិច្ចការពារកុមារខេត្ត ក្នុងការបំពេញមុខងារ ភារកិច្ច របស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *