សិក្ខាសាលាឆ្លុះបញ្ចាំង លទ្ធផលការងារនៃការ អនុវត្ត ផែនការ សកម្មភាពឆ្នាំ២០២៣ របស់គណៈ កម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារនៃរដ្ឋបាលខេត្តសៀមរាប

សៀមរាប៖ បើកអង្គសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្ត ផែនការសកម្មភាពឆ្នាំ២០២៣ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារនៃរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ និង លោកស្រី យូ សោភា អភិបាលរងខេត្ត និងជាអនុប្រធាន(គ.ក.ស.ក)នៃរដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមជាសិក្ខាកាម របស់លោក លោកស្រី ជា(គ.ក.ស.ក) រដ្ឋបាលក្រុង.ស្រុក និង គ.ក.ន.ក ឃុំសង្កាត់ និងអង្គការដៃគូ ចូលរួមសរុប២៤២នាក់ស្រី១៤៥នាក់ ។
ក្នុងកិច្ចស្វាគមន៍របស់លោកជំទាវ ស៊ិន ណម ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការងារសកម្មភាពឆ្នាំ២០២៣ព្រមទាំងបានបញ្ជាក់ថា អង្គសិក្ខាសាលាឆ្លុះបញ្ចាំងនេះ រៀបចំឡើងក្នុងគោលបំណង ធ្វើការឆ្លុះបញ្ចាំង ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត ផែនការសកម្មភាព និងផែនការថវិកាឆ្នាំ ២០២៣ របស់ (គ.កស.ក) នៃរដ្ឋបាលខេត្ត និង ជាការផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធនានា ពិសេស(គ.ក.ស.ក) នៃរដ្ឋបាលក្រុង ស្រុក និង គ.ក.ន.ក ឃុំ សង្កាត់ និង ដើមី្បពិភាក្សាអំពីបទពិសោធន៍ការងារ ព្រម ទាំងបញ្ហាប្រឈមនានា ដែលបានជួបប្រទះ ក្នុងពេលអនុវត្តការងារ សម្រាប់ជាបទពិសោធន៍ ក្នុងការគ្រប់គ្រង និង អនុវត្ត ផែនការសកម្មភាព និង ថវិកាឆ្នាំ២០២៤បន្ត ។
ថ្លែងនៅក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ (គ.ក.ស.ក )រដ្ឋបាលខេត្ត លោកស្រី យូ សុភា បានចាត់ទុក (គ.ក.ស.ក) គឺ ជាគណៈកម្មាធិការដ៏មានសារៈសំខាន់ មាន តួនាទីភារកិច្ច ចូលរួមសម្របសម្រួល ពិគ្រោះយោបល់ តាមដាន ពិនិត្យជម្រុញ និងសហការដោះស្រាយ នូវការងារទាំង ឡាយ ដែលពាក់ព័ន្ធនឹងស្ថានភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ សំដៅលើកកម្ពស់ ការអភិវឌ្ឍន៍ស្ថានភាព ស្ត្រី និងកុមារក្នុងខេត្តសៀមរាប ។ លោកស្រីអភិបាលរងខេត្ត ក៏បានបញ្ជាក់ថា រដ្ឋបាលខេត្ត តែងយកចិត្តទុកដាក់ខ្ពស់លើការងារស្ត្រី និងកុមារ ដោយបានធ្វើការវិភាជន៍ថវិការដ្ឋបាលខេត្ត ក្នុងឆ្នាំ២០២៣ ជូន គ.ក.ស.ក ខេត្ត ដើម្បីយកទៅអនុវត្តសកម្មភាពនានាស្របតាមផែនការ ការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ហើយសម្រាប់ក្នុងឆ្នាំ២០២៤នេះ រដ្ឋបាលខេត្ត នឹងបន្តធ្វើការគាំទ្រ ដោយបានវិភាជន៍ថវិកា ជូន(គ.ក.ស.ក)ខេត្ត សម្រាប់អនុវត្តការងាររយៈពេល១ឆ្នាំផងដែរ ។ លោកស្រីបានគូសបញ្ជាក់ថា អង្គសិក្ខាសាលាថ្ងៃនេះ នឹងឆ្លុះបញ្ចាំង អំពីវឌ្ឍនភាព និងការបោះជំហាន ទៅមុខប្រកបដោយភាពម៉ឺងមាត់ និងម្ចាស់ការក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ “គ.ក.ស.ក” នៃរដ្ឋបាលខេត្ត ដើម្បីសម្របសម្រួល និងផ្តល់យោបល់ដល់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ចាប់តាំងពីអាណត្តិទី១ រហូតដល់បច្ចុប្បន្ន ហើយសកម្មភាពទាំងនេះ ក៏បានរួមចំណែកក្នុងអនុវត្តគោលនយោបាយកំណែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជាមានជាអាទិ៍ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈសម្រាប់ធានាជោគជ័យនៃការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានអនុវត្តកន្លងមក រហូតទទួលបានជោគជ័យ និងបច្ចុប្បន្នបាន កំពុងអនុវត្តន៍នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញដោយផ្តោតលើបាវចនាប្រាំ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវចូលរួមអនុវត្តន៍ឱ្យសម្រេចបានលទ្ធផលល្អប្រសើរ ។ ក្នុងនោះដែរ លោកស្រី យូ សុភា ក៏បាន ជម្រុញដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និង (គ.ក.ស.ក) ខេត្ត ក្រុង-ស្រុក និង (គ.ក.ន.ក) ឃុំ-សង្កាត់ ត្រូវពង្រឹងកិច្ចការរបស់ខ្លួន ព្រមទាំងមន្ទីរវិស័យពាក់ព័ន្ធ ត្រូវខិតខំស្វែងរកដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលនានា ដើម្បីផ្តល់កិច្ចសហការគាំទ្រសកម្មភាពលើកកម្ពស់វិស័យសេវាសង្គម ។ លោកស្រី សង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលាទាំងមូល នឹងធ្វើការលើកឡើង នូវបញ្ហាប្រឈម និងដំណោះស្រាយឲ្យបានផុលផុស ដើម្បីស្វែងរកធាតុចូល សំដៅ ធ្វើយ៉ាងណាឲ្យសមាជិក សមាជិកា នៃអង្គសិក្ខាសាលា បានអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត ដើម្បីយកទៅធ្វើនវានុវត្តន៍នៅមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងទៀតសិក្ខាសាលាឆ្លុះបញ្ចាំងនេះ នឹងផ្តល់ឱកាសឲ្យអ្នកចូលរួមទាំងអស់ មានទំនាក់ទំនង និងសហការគ្នាក្លាយជាធ្លុងមួយ ក្នុងការលើកកម្ពស់ ព្រមទាំងជម្រុញការបង្ក្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី

ដើម្បីឲ្យស្របតាមផែនការយុទ្ធសាស្ត្រនារីរតនៈរបស់ក្រសួងកិច្ចការនារី។ ក្នុងនោះដែរលោកស្រីបានលើកទឹកចិត្ត ឲ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមលើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាពក្នុងការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ដើម្បីធ្វើការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *