សិស្សក្រីក្រនៅស្រុកពួក ទទួលបានកុំព្យូទ័រ សម្ភារៈសិក្សា កង់ និងទ្រនាប់ ជើង ពីអង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពូរ និង អង្គការសុបិន្តសហគមន៍កម្ពុជា

សៀមរាប៖ កុំព្យូទ័រ ១៥គ្រឿង កង់ ៥០គ្រឿង និង សម្ភារសិក្សា កីឡា ព្រមទាំងទ្រនាប់ជើង ដែលអំណោយរបស់ អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ និងអង្គការសុបិន្តសហគមន៍កម្ពុជា ត្រូវបានចែកជូនដល់សាលា និង ក្មួយៗសិស្សក្រីក្រនៅក្នុងអនុវិទ្យាល័យ ដូនកែវ ឃុំ ដូនកែវ ស្រុកពួក ខេត្តសៀមរាប ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីលោក ស៊ិន ចាន់ថុល អភិបាលនៃ គណៈអភិបាលស្រុកពួក និង លោកស្រី ជេនី លីប៉ា ប្រធានអង្គការសុបិន្តសហគមន៍កម្ពុជា និង លោកស្រី លី ដាយ និង លោកចន ចាន់ ប្រធានអង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ រួមទាំងសហការី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមាតាបិតា អាណាព្យាបាលសិស្សផងដែរ ។
ក្នុងកិច្ចស្វាគមន៍លោកស្រី សៀន សាអែម នាយិការអនុវិទ្យាល័យ ដូនកែវ បានលើកឡើងថា នេះជាលើកទី១ហើយសម្រាប់សាលាអនុវិទ្យាល័យដូនកែវ ដែលអង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ និងអង្គការសុបិន្តសហគមន៍កម្ពុជា ផ្តល់ជូនដល់សាលា ដោយបានសាងសង់នូវបង្គន់អនាម័យ បួនបន្ទប់ និងជូនកុំព្យូទ័រ សម្ភារៈសិក្សា និងផ្តល់កង់ជាមធ្យោបាយដល់ សិស្សក្រីក្រ សម្រាប់ធ្វើដំណើរមកសាលា ។ លោកស្រីនាយិការ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា នៅអនុវិទ្យាល័យដូនកែវនេះ មានគ្រូបង្រៀន ២១នាក់ ស្រី១៤នាក់ និង មានសិស្សសរុប ៥៣៣នាក់ ស្រី៣០៦នាក់ ក្នុងនោះសិស្សថ្នាក់ទី៧ មាន ២០៧ នាក់ស្រី១១២នាក់ , ថ្នាក់ទី៨ មាន ១៧៩នាក់ ស្រី១០៣នាក់ និង សិស្សថ្នាក់ទី៩ មាន ១៤៧នាក់ស្រី៩១នាក់ ។
លោកស្រី ជេនី លីប៉ា ប្រធានអង្គការសុបិន្តសហគមន៍ប្រចាំនៅកម្ពុជា លោកស្រី លី ដាយ និង លោក ចន ចាន់ អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ សម្តែងនូវភាពត្រេកអរបានជួបជាមួយសិស្សានុសិស្ស ក្នុងការទទួលស្វាគមន៍ប្រកបដោយភាពរាក់ទាក់សុភាពរាបសា ដែលធ្វើឲ្យប្រតិភូមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍របស់សិស្សអនុវិទ្យាល័យឃុនរាម កម្ពុជារស់នៅក្រោមដំបូលសុខសន្តិភាព ។ លោកទាំងបី បានបញ្ជាក់ថា អំណោយជូនដល់សិស្សក្រីក្រនៅកម្ពុជា គឺមិនខុសពីបំណងរបស់អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរឡើយ ដែលធ្វើឲ្យមានសង្ឃឹមជឿជាក់ថា បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅតាមមូលដ្ឋានដាច់ស្រយ៉ាល ។ ក្នុងនោះដែរ លោកទាំងបី ក៏បានផ្តល់ដំបូន្មានល្អៗនិង គន្លឹះល្អៗមួយចំនួនដល់សិស្សានុសិស្ស គឺត្រូវប្រកាន់ភ្ជាប់នូវចរិកសីលធម៌ ត្រូវគោរពស្តាប់ដំបូន្មានលោកគ្រូអ្នកគ្រូ ឪពុកម្តាយ អាណាព្យាបាល ព្រមទាំងរៀមច្បង ដើមី្បឲ្យយើងក្លាយទៅជាធនធានដ៏សំខាន់របស់ប្រទេសជាតិ ជាពិសេសចូលគ្រប់គ្នាត្រូវខិតខំសិក្សារៀនសូត្រ ដែលជាទ្រព្យសម្បត្តិជាប់ខ្លួនមិនបាត់ទៅណាឡើយ។ លោកទាំងបីបន្តថា ដើមី្បឲ្យក្លាយជាសិស្សពូកែ ចូលសិស្សគ្រប់គ្នា មានការអំណត់អត់ធន ឧស្សាហ៍ព្យាយាមសិក្សាស្វែងយល់រាល់កិច្ចការទៅតាមកម្មវិធីសិក្សា និងស្តាប់ការពន្យល់របស់គ្រូ និងមានភាពក្លាហានក្នុងការសិក្សាផងដែរ។ជាមួយនេះដែរ លោកអគ្គនាយកអង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ ក៏បានបញ្ជាក់ថា អង្គការរ៉ូតារី នៅតែបន្តជួយដល់សិស្សក្រីក្រនៅកម្ពុជា ទៅតាមលទ្ធភាពដែលអង្គការរ៉ូតារី ធ្វើទៅបានផងដែរ ។

មានប្រសាសន៍សំណេះសំណាលនោះដែរលោក ស៊ិន ចាន់ថុល ក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋទូទាំងស្រុកពួក ក៏ដូចសិស្សានុសិស្សនៃអនុវិទ្យាល័យដូនកែវ បានថ្លែងអំណរគុណដល់អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ និងអង្គការសុបិន្តសហគមន៍ប្រចាំនៅកម្ពុជា ដែលបានជួយដល់សិស្សក្រីក្រនៅតាមតំបន់ជនបទ សំខាន់ក្នុងស្រុកពួក ។លោកបានបន្តទៀតថា អំណោយកុំព្យូទ័រ កង់ទាំងនេះ ក៏ជាយានជំនឹះរបស់ក្មួយៗ សម្រាប់ធ្វើដំណើរមកសិក្សា និងបានផ្តល់នូវផលប្រយោជន៍ដល់ក្មួយៗ ក្នុងការកសាងអនាគតខ្លួនដល់ត្រើយសុភមង្គមនៃក្រុមគ្រួសារ ដោយក្មួយៗនេះហើយដែលជាសសរស្តម្ភដ៏រឹងមាំនៃធនធានមនុស្ស ក្នុងការអភិវឌ្ឍសង្គមជាតិទៅអនាគត ។ លោកអភិបាលស្រុកក៏បានសម្តែង ចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ អង្គការ ដែលតែងយកចិត្តទុកដាក់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្សនៅថ្នាក់មូលដ្ឋាន ដោយមានការផ្គត់ផ្គង់ជាមធ្យោបាយធ្វើដំណើរ និង សម្ភារះសិក្សា ជូនដល់សិស្សក្រីក្រ ដែលខ្វះមធ្យោបាយធ្វើដំណើរមកសាលារៀន សំខាន់ការផ្តល់កុំព្យូទ័រដល់សាលា ដើមី្បបណ្តុះបណ្តាលសិស្សទៀតផង។ លោកក៏បានសំណូមពរដល់អង្គការ សូមឲ្យបន្តនូវប្រពៃណី នៃការគាំទ្រដល់វិស័យអប់រំនៅកម្ពុជា ក៏ដូចនៅតាមមូលដ្ឋានខេត្ត សៀមរាប ដែលមានសាលាជួបនូវការខ្វះខាតទៀតផង ។ លោកក៏បានផ្តាំផ្ញើផងដែរ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាមាតាបិតា អាណាព្យាបាល គណៈ កម្មការគ្រប់គ្រងសាលា ចូលរួមថែរក្សានូវទ្រព្យសម្បត្តិក្នុងសាលា ដែលបានការបំពាក់ដោយអង្គការ ដើមី្បប្រើប្រាស់បានយូរអង្វែង និង ដើមី្បបង្កើននូវចំណេះដឹងកូនចៅរបស់ខ្លួន ។ ម៉្យាងទៀត ចូលមាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ចូលរួម តាមដាននូវការសិក្សារបស់កូនខ្លួន និង ចូលរួមអប់រំណែនាំដល់ពួកគាត់ ឲ្យជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវគោរពឲ្យបានជាប្រចាំ និងគ្រប់វិនាទីក្នុងពេលបើកបរ ត្រូវគោរពច្បាប់ចរាចរណ៍ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *