មន្ទីរពេទ្យអន្តរជាតិ រ៉ូយ៉ាល់អង្គរ ផ្តល់គ្រែសម្រាប់អ្នកជំងឺសម្រាកព្យាបាល ចំនួន២១គ្រែ ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប

មន្ទីរពេទ្យបង្អែកខេត្តសៀមរាបក្នុងមួយថ្ងៃៗមានអ្នកជំងឺជាច្រើនបានមកទទួលសេវាព្យាបាល ដោយមិនត្រឹមតែអ្នកខេត្តសៀមរាបប៉ុណ្ណោះទេ គឺមានមកពីបណ្តាខេត្តផ្សេងៗដូចជា មកពីខេត្តឧត្តរមានជ័យ ,បន្ទាយមានជ័យ ,ព្រះវិហារ ខេត្តកំពងធំ និងខេត្តបាត់ដំបង់ជាដើម។
ថ្លែងនៅក្នុងពិធីប្រគល់គ្រែសម្រាប់អ្នកជំងឺដេកព្យាបាលជំងឺ ដែលជាអំណោយរបស់មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់ អង្គរ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានគ្រែចំនួន៤៧០គ្រែ មានអ្នកជំងឺសម្រាកព្យាបាលជំងឺ ជាប្រចាំក្នុងមួយថ្ងៃចំនួន៤៥០នាក់ ហើយពេលខ្លះមានច្រើនលើសលុប ដែលធ្វើឲ្យខ្វះគ្រែសម្រាប់អ្នកជំងឺដេកក៏មាន។លោកបន្តថាមូលហេតុដែលអ្នកជំងឺមកទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះច្រើន ដោយសារតែនៅទីនេះ មានផ្តល់សេវាមួយចំនួនដែលមន្ទីរពេទ្យតាមបណ្តាខេត្តផ្សេងៗមិនទាន់មាន ជាពិសេសលើសេវាវះកាត់។ លោកក៏បានថ្លែងអំណរគុណដល់មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ដែលបានផ្តល់គ្រែដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅពេលនេះ ដែលជាចំណែកមួយជួយដល់ការផ្តល់សេវាសម្រាកព្យាបាលរបស់អ្នកជំងឺ ។
លោក Sirisak Rojanaprasertkij ប្រធានមន្ទីរពេទ្យ អន្តរជាតិ រ៉ូយ៉ាល់អង្គរ បានថ្លែងថា កន្លងមកមន្ទីរពេទ្យរបស់លោកតែងតែបានជួយដល់ការងារសង្គមជាច្រើន ហើយការផ្តល់គ្រែសម្រាប់អ្នកជំងឺសម្រាកព្យាបាលទៅដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅពេលនេះ គឺក្នុងគោលបំណងចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសមន្ទីរពេទ្យបង្អែកខេត្ត ក្នុងការផ្តល់កន្លែងសម្រាប់អ្នកជំងឺសម្រាកបានកាន់តែច្រើន និងគ្រប់ទៅតាមតម្រូវការអ្នកជំងឺ។លោកបន្តថា មន្ទីរពេទ្យបង្អែកខេត្ត គឺបានតួរនាទីសំខាន់មានការផ្តល់សេវាច្រើន ដែលធ្វើឲ្យអ្នកជំងឺមកពីតំបន់ផ្សេងៗមកទទួលសេវា ហើយគិតថា គ្រែទាំងនេះនិងជួយសម្រួលដល់មន្ទីរពេទ្យបង្អែកបានខ្លះ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *