មន្ទីរប្រៃសណីយ៍ខេត្តសៀមរាប ចុះកាត់ទម្លាក់ចោលនូវបណ្តាញខ្សែកាប្លិ៍អុបទិក ដែលមិនបានបំពាក់ស្លាកសញ្ញាសំគាល់ម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់

សៀមរាប៖ នៅថ្ងៃទី១៦ខែមករាឆ្នាំ២០២៤ នេះ លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដ សៀមរាបនិងមន្ត្រីក្រោមឱវាទបានសហការដឹកនាំបុគ្គលិកនៃប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ក្នុងខេត្ត ចុះពិនិត្យនិងកាត់ទម្លាក់ចោលនូវ បណ្តាញខ្សែកាប្លិ៍អុបទិកលើអាកាស ដែលមិនបានបំពាក់ស្លាកសញ្ញាសំគាល់ជាម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់ និងបានបិទសញ្ញាសំគាល់ជាម្ចាស់កម្មសិទ្ធិតាមខ្សែរបស់ខ្លួន ពីចំណុចស្តុបផ្លូវលោកតាណឺយ ឆ្ពោះទៅតំបន់ផ្សារចាស់ ឬផប់ស្រ្ទ៊ីត និងចាប់អនុវត្តនៅថ្ងៃជាបន្តបន្ទាប់ទៅតាមគម្រោងផែនការ លើផ្លូវសំខាន់ៗចំនួន១១ខ្សែទៀតដែលបានបង្កប់បំពង់ខ្សែកាប្លិ៍អ៊ុបទិកក្រោមដីរួចហើយគឺដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិក នៅក្នុងភូមិសាស្ត្រ ខេត្តសៀមរាបឱ្យបានល្អប្រសើរនិងដើម្បីលើកសម្រស់សោភ័ណភាពថ្មីនៃក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តសៀមរាបអង្គរនៃកម្ពុជា ក្រោយពី ការងើបឡើងវិញជាបណ្តើរៗនៃចរន្តទេសចរណ៍ បន្ទាប់ពីវិបត្តិកូវីដ-១៩។
លោក សុខ សីហា បានមានប្រសាសន៍ថា៖បច្ចុប្បន្ននៅក្នុងទូទាំងខេត្តសៀមរាបមានប្រតិបត្តិករសេវាទូរគមនាគមន៍ដែលទទួលបានអាជ្ញាប័ណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជាចំនួន១០ ក្រុមហ៊ុន។ លោកសុខ សីហា បានបន្តថា មុននឹងចុះអនុវត្តកាត់ទម្លាក់ខ្សែកាប្លិ៍អុបទិក ដែលមិនបានបំពាក់ស្លាកសញ្ញាសំគាល់ជាម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់ គឺមន្ទីរប្រៃសណីយ៍ បានជូនដំណឹងនិងស្នើឱ្យគ្រប់ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់ លាស់នូវបណ្តាញខ្សែកាបអុបទិកទាំងអស់របស់ខ្លួននៅក្នុងខេត្ត ដោយបំពាក់នូវស្លាកសញ្ញាសំគាល់ជា ម្ចាស់កម្មសិទ្ធិ (Label) ត្រង់ចំណុចចាប់ផ្ដើម ផ្លូវបត់ និងចំណុចបញ្ចប់ និងបំពេញទិន្នន័យឱ្យបានត្រឹមត្រូវជូនមកមន្ទីរ គឺមានរយៈពេលមួយខែមកហើយគឺគិតមកដល់ថ្ងៃទី១៥ខែមករាឆ្នាំ២០២៤នេះគឺថ្ងៃជាឱសានវាទនៃសេចក្តីជូនដំណឹង។ លោកប្រធានមន្ទីរក៍បានបញ្ជាក់ថា៖គិតចាប់ពីឆ្នាំ២០២១៨មន្ទីរបានរៀបចំបណ្តាញខ្សែកាប្លិ៍អាកាសដាក់ចូលទៅបំពង់ក្រោមដីបានចម្ងាយប្រហែលជាង២០០គ.ម គ្របដណ្តប់លើផ្លូវ៣៨ខ្សែជាសមិទ្ឋផលនិងជាអំណោយដ៏ថ្លៃថ្លាដែលប្រមុខរាជរដ្ឋាភិបាលផ្តល់មកឱ្យខេត្តសៀមរាប ។ ក្នុងឱកាសនោះដែរលោក សុខសីហា ក៍បានមានប្រសាសន៍ស្នើនិងសំណូមពរដល់ម្ចាស់ក្រុមហ៊ុននិងប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ក្នុងខេត្ត សូមចូលរួមរៀបចំដកចេញឱ្យអស់នូវខ្សែកាប្លិ៍អាកាស ឬនៅតាមបង្គោលនានាត្រូវ យកទៅបញ្ចូលនៅក្នុងបំពង់ក្រោមដី ទាំងអស់លើកលែងតែផ្លូវដែលពុំទាន់មានបំពង់ខ្សែកាប្លិ៍ក្រោមដី ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាព បរិស្ថានល្អស្អាត និងរក្សាបាននូវសណ្ដាប់ធ្នាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក នៅក្នុងភូមិសាស្ត្រ ខេត្ត សៀមរាបឱ្យបានល្អប្រសើរ។ សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត បានចេញសេចក្តីជូនដំណឹង និងស្នើឱ្យគ្រប់ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់ លាស់នូវបណ្តាញខ្សែកាប្លិ៍អុបទិកទាំងអស់របស់ខ្លួននៅក្នុងខេត្ត ដោយបំពាក់នូវស្លាកសញ្ញាសំគាល់ជា ម្ចាស់កម្មសិទ្ធិ (Label) ត្រង់ចំណុចចាប់ផ្ដើម ផ្លូវបត់ និងចំណុចបញ្ចប់ និងបំពេញទិន្នន័យឱ្យបានត្រឹមត្រូវជូនមកមន្ទីរ។ក្នុងករណីប្រតិបត្តិករណាមិនអនុវត្តតាមនូវខ្លឹមសារនៃការជូនដំណឹងខាងលើ មន្ទីរ បទ.សរ នឹងចាត់ វិធានការកាត់ទម្លាក់ចោលនូវ បណ្តាញខ្សែកាប្លិ៍អុបទិក ដែលមិនបានបំពាក់ស្លាកសញ្ញាសំគាល់ជាម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់ដោយឥតលក្ខខណ្ឌ ហើយមន្ទីរ នឹងមិនទទួលខុសត្រូវរាល់ការខូចខាតដែលអាចកើត មានឡើងជាយថាហេតុឡើយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *