សិក្ខាសាលាស្តីពី ការរៀបចំផែនសកម្មភាព ដើម្បីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល ODF ថ្នាក់ខេត្តសៀមរាប

សៀមរាប៖ បើកអង្គសិក្ខាសាលា ស្តីពី ស្តីពីការរៀបចំផែនសកម្មភាព ដើម្បីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល ODF ថ្នាក់ខេត្ត ក្រោមអធិបតីភាពលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី អស់លោក លោកស្រី នៃអគ្គនាយកដ្ឋាន តំណាងអង្គការដៃគូ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ មកពីបណ្តាក្រុង ស្រុកគោល ដៅទាំង៩ ប្រមាណជា ២០០នាក់ចូលរួម នាព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារ អេមព្រឹសអង្គរ ខេត្តសៀមរាប។
ក្នុងកិច្ចស្វាគមន៍របស់លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់ពីគោលបំណងនៃអង្គសិក្ខា សាលានេះឡើង គឺដើម្បីត្រួតពិនិត្យមើលពីស្ថានភាពនៃការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងបញ្ហាប្រឈមពាក់ព័ន្ធការងារ ODF ក្នុងខេត្ត និង បង្ហាញពីនីតិវិធីសំខាន់ៗក្នុងការវាយតម្លៃODF ការរៀបចំផែនការសកម្មភាព និងស្វែងរកការគាំទ្រនានាពីគ្រប់ដៃគូពាក់ព័ន្ធ ឈានទៅសម្រេចបាន ខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅដំណាច់ឆ្នាំ២០២៤ និង លទ្ធផលរំពឹងទុកផងដែរ ។ ក្នុងអង្គពិភាក្សារួមនោះដែរ បណ្តាតាមក្រុង ស្រុក ឃុំ សង្កាត់ ក៏បានលើកឡើងអំពីបញ្ហាប្រឈម ដែលធ្វើឲ្យការអនុវត្តមិនបានសម្រេចទៅតាមផែនការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ឆ្នាំ២០២៥ ។ ដោយបានផ្តោតចំពោះបញ្ហាអាជ្ញាធរជាតិអប្សរា មិនបាន អនុញ្ញាតឲ្យធ្វើការសាងសង់បង្គន់ ដែលជាលក្ខណៈបង្កនូវការរាំងស្ទះផែនការរបស់រាជរដ្ឋាភិបាល ព្រមទាំងតម្លៃនៃការសាង សង់ ដែលប៉ះពាល់ដល់ក្រុមគ្រួសារក្រ១,ក្រ២ និង ទៅតាមភូមិសាស្ត្រទៀតផង ។
លោក អ៊ឹង គឹមលាង បានបញ្ជាក់ថា រដ្ឋបាលខេត្ត បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជម្រុញការអភិវឌ្ឍនានានៅតាមមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្ររនៅក្នុងប្រទេសកម្ពុជា ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះផងដែរការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ដែលរដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ពោលគឺធ្វើយ៉ាងណាឲ្យការផ្គត់ផ្គង់សេវាផ្នែកនេះបានទៅដល់ដៃប្រជាពលរដ្ឋ និយាយជារួមគឺការសម្រចឲ្យបាននូវទស្សនៈវិស័យ “នៅឆ្នាំ ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុង បរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”។ លោកអភិបាលរងខេត្ត ក៏បានលើកផងដែរថា ដើម្បីសម្រេចទស្សនៈវិស័យនៃគោលនយោបាយនេះ រាជរដ្ឋាភិបាលបានអនុម័តផែនការយុទ្ធសាស្រ្តជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ សម្រាប់ឆ្នាំ ២០១៤-២០២៥ ក្នុងគោលបំណងធ្វើឲ្យប្រជាពលរដ្ឋនៅតាមជនបទទទួលបានសេវាទឹកស្អាត និងអនាម័យ១០០% នៅឆ្នាំ២០២៥ ។ ផែនការនេះនឹងរួមចំណែកដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ជាពិសេសគោលដៅទី៦ ដែលបានចែងថា“ធានាការផ្គត់ផ្គង់ និង ការគ្រប់គ្រងប្រកបដោយនិរន្តរភាពនូវទឹកស្អាត និងអនាម័យសម្រាប់ប្រជាពលរដ្ឋគ្រប់រូប” ក៏ដូចជាគោលដៅដែលទាក់ទងនឹងការអប់រំ សុខភាព សមភាពយេនឌ័រ និងការប្រែប្រួលអាកាសធាតុ ។ លោក អ៊ឹង គឹមលាង បានបញ្ជាក់ផងដែរថា ១០ឆ្នាំមុនគឺឆ្នាំ២០១៣ ខេត្តសៀមរាប អត្រាគ្របដណ្តប់ផ្នែកអនាម័យមានក្នុងកម្រិត ៣៦.៣០% ហើយក្នុងនោះដែរខេត្តសៀមរាប ពុំមានភូមិ ឃុំ ឬស្រុកណាមួយក្នុងខេត្តដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទេ ។ ក៏ប៉ុន្តែ១០ឆ្នាំក្រោយគឺឆ្នាំ២០២៣ អត្រាគ្របដណ្តប់ អនាម័យមាន ៩៣.៧៣ % ក្នុងនោះខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនសរុប ២១៣ពាន់១២០ បង្គន់ ខ្នងផ្ទះបានប្រើប្រាស់បង្គន់រួមមានចំនួន ៨៧ពាន់៨៩ ខ្នងផ្ទះ និងខ្នងផ្ទះគ្មានបង្គន់ប្រើប្រាស់សរុបមានចំនួន ១៤ពាន់៨៣៥ ខ្នងផ្ទះ ។ ភូមិដែលបញ្ឈប់ការបន្ទោបង់ពាស់វាលពាសកាល(ODF) មានចំនួន៤០៦ ភូមិ ឃុំដែលបញ្ឈប់ការបន្ទោរបង់ពាស់វាលពាសកាលចំនួ៣២ ឃុំ ជាពិសេសគឺស្រុកដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលមានចំនួន០៣ស្រុក គឺស្រុកអង្គរជុំ ស្រុកស្រីស្នំ និង ស្រុកបន្ទាយស្រី ។ ដោយឡែក ភូមិមិនទាន់បានODF មានចំនួន៥៣៦ភូមិ ឃុំមិនទាន់បានODFមាន៦៨ឃុំ និង ស្រុកចំនួន៩មិនទាន់បានODF ។ លោកបន្តទៀតថា ការរៀបចំផែនការសកម្មភាពនេះឡើង ដើម្បីសម្រេចឲ្យបានខេត្តសៀមរាប ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល រដ្ឋបាលខេត្តលើកទឹកចិត្តឲ្យលោកអភិបាលក្រុង ស្រុក ដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ក៏ដូចជាសកម្មភាពរបស់ខ្លួន ដើម្បីឲ្យក្រុង ស្រុករបស់ខ្លួននីមួយៗសម្រេចការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល តាមផែនការកំណត់ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដោយជម្រុញពួកគាត់ធ្វើកិច្ចសន្យា ក្នុងការសាងសង់បង្គន់ និង បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល សំខាន់ ចំពោះបងប្អូនមានលំនៅដ្ឋានបណ្តែតទឹក ។ ក្នុងនោះដែរលោកអភិបាលរងខេត្ត បានជម្រុញដល់អាជ្ញាធរស្រុក ឃុំសង្កាត់ រួមគ្នាអនុវត្តផែនការនេះ ឲ្យបានសម្រេចបានមុនឆ្នាំ២០២៥ ដើមី្បឆ្ពោះទៅដណ្តើមជ័យលាភីនៅថ្នាក់ជាតិ ។ ក្នុងនោះដែរក៏សូមឲ្យបងប្អូនជាអាជ្ញាធរឃុំសង្កាត់ ដែលជួបបញ្ហាប្រឈម ដើមី្បយករាល់បញ្ហាប្រឈមទាំងនោះដាក់ជូនទៅរដ្ឋបាលខេត្ត ធ្វើការប្រជុំដោះស្រាយជូន បងប្អូនផងដែរ ។ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *