អាជ្ញាធរស្រុកតាលោសែនជ័យ រៀបចំព្រឹត្តិការណ៍ជាលើកទី១ រត់ប្រណាំងឆ្លងឆ្នាំសកល ឆ្នាំ២០២៣ ឈានចូល ឆ្នាំ២០២៤និងខួបលើកទី៤៥ទិវាជ័យជម្នះ៧មករា១៩៧៩-៧មករា២០២៤

ពោធិសាត់៖ អាជ្ញាធរស្រុកតាលោសែនជ័យសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក បានរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ឆ្នាំ២០២៣ ឈានចូល ឆ្នាំ២០២៤ ដើម្បីអបអរសាទរឆ្នាំថ្មី ជាលើកដំបូងហើយសម្រាប់ស្រុកមួយនេះ ដែលមានរយ:ពេល១យប់២ថ្ងៃ គឺចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានប្រារព្ធធ្វើនៅបឹងព្រះពន្លៃ ស្ថិត ក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយមានកីឡាករនិងកីឡាការនីរត់ប្រណាំងជិត៤០០នាក់ជុំវិញបឹងព្រះពន្លៃចម្ងាយ១០គីឡូម៉ែត្រនិងបោះតង់ក្រោមប្រធានបទ «រួមគ្នាអភិរក្សជីវៈចម្រុះនិងកិច្ចការពារបរិស្ថានធម្មជាតិបឹងព្រះពន្លៃដើម្បីទេសចរណ៍»។

លោក សំ ណារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យមានប្រសាសន៍ ក្នុងពិធីបើកព្រឹត្តិការណ៍នោះថា នេះគឺជាលើកទី១ដែលរដ្ឋបាលស្រុកសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកនិងអាជ្ញាធរមូលដ្ឋាននិងបានការចូលរួមជួយឧបត្ថម្ភទាំងសម្ភារៈនិងថវិកា ពីសប្បុរសជននៅក្នុងមូលដ្ឋាន បានរៀបចំពិធីនេះឡើងដើម្បីឆ្លងឆ្នាំសកល២០២៣ឈានចូល២០២៤ និងអបអរសាទរខួបលើកទី៤៥ទិវាជ័យជម្នះ ៧មករា១៩៧៩-៧មករា ២០២៤ ជាលើកទី១ សម្រាប់ស្រុកមួយនេះ ។

លោកថ្លែងថា ព្រឹត្តិការណ៍នេះ ត្រូវបានក្រុមការងាររៀបចំឱ្យមានកម្មវិធីសំខាន់ៗជាច្រើនដូចជាកីឡាករ កីឡាការនី ទាំងក្នុងនិងក្រៅស្រុកជិត៤០០នាក់មក ចូលរួមរត់ប្រណាំងជុំវិញបឹងព្រះពន្លៃចម្ងាយ១០គីឡូម៉ែត្រដែលមានផ្ទៃដី២៧០ហិកតា ក្រៅពីនោះក៌មានបោះ តង់ អាហារសាមគ្គី បង្ហោះគោម ដុតកាំជ្រូចនិងរាំលរងកំសាន្តនៅតាមមាត់បឹង អបអរសាទរឆ្លងឆ្នាំសកល២០២៣ និងឈានចូល២០២៤ ក្រោមប្រធានបទ « រួមគ្នាអភិរក្សជីវៈចម្រុះ និងកិច្ចការពារបរិស្ថានធម្មជាតិ បឹងព្រះពន្លៃ ដើម្បីទេសចរណ៍» ។

ពិនិត្យរួមឃើញថា ព្រឹត្តិការណ៍មានការអញ្ជើញពីសំណាក់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្ដីរាជការ អាជ្ញាធរឃុំ ភូមិ ក្រុមយុវជនទាំង៣ក្រុម កងកម្លាំងប្រដាប់អាវុធទាំង៣ព្រមទាំងកីឡាករ កីឡាការនីរត់ប្រណាំងជាង៤០០នាក់។

លោកបានបញ្ជាក់ថា គោលបំណងសំខាន់ដែលនាំឱ្យមានព្រឹត្តិការណ៍នេះដើម្បីជម្រុញក៏ដូចជាការបង្ហាញឲ្យដៃគូរ និងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនវិស័យឯកជន អាចមកជួយ ឬក៏មកវិនិយោគនៅក្នុងស្រុក ដើម្បីឲ្យប្រែក្លាយទៅតំបន់អភិវឌ្ឍន៍ដែលមានសក្តានុពលជាច្រើនកន្លែង សំដៅលើកស្ទួយដល់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជាផ្នែកមួយដ៏សំខាន់ដើម្បីទាក់ទាញអ្នកទេសចរណ៍គ្រប់មជ្ឈដ្ឋាន ឲ្យមកសិក្សាស្វែងយល់ពីតំបន់អភិ រក្សបឹងព្រះពន្លៃគឺជាបឹងធម្មជាតិសម្បូរទៅដោយធនធានធម្មជាតិនិងជីវៈចម្រុះយ៉ាងច្រើន។

លោកអះអាងថា ចំពោះការដើរកំសាន្តលក្ខណៈគ្រួសារក្តី ជាក្រុមៗក្តី ទៅកាន់តំបន់បឹងធម្មជាតិបឹងព្រះពន្លៃនាពេលនេះ ពាក់ព័ន្ធសន្តិសុខសុវត្ថិភាព គឺមិនមានការព្រួយបារម្មណ័ឡើយ ដោយសារតែមានអាជ្ញាធរ សមត្ថកិច្ចដែនដី ពួកគាត់មានការទទួលខុសត្រូវខ្ពស់ ដូច្នេះ ការបោះតង់សម្រាកលំហែកាយ និងទទួលទានអាហារនៅក្នុងតំបន់នោះមានអ្វីភ័យខ្លាឡើយ។

លោក បន្តទៀតថា នៅទីនេះ យើងមានសេវាកម្មល្អប្រកបដោយផាសុខភាព និងបានគយគុណទេសភាពជុំវិញបឹងព្រមទាំងស្ថានភាព ជីវភាពនិងដំណាំកសិកម្ម និងដំណាំកសិឧស្សាហកម្មរបស់ប្រជាកសិករនៅជំវិញបឹងនោះថែមទៀតផង។

លោកបានលើកហេតុផលថា ព្រឹត្តិការណ៍រត់ប្រណាំងដែលរដ្ឋបាលសាលាស្រុកតាលោសែនជ័យរៀបចំជាលើកលើកទី១ តែងតែនៅខ្វះចន្លោះច្រើនតែទោះជាយ៉ាងណាលោកនៅតែបន្តពុះពារគ្រប់បែបយ៉ាងសំដៅធ្វើយ៉ាងណាឱ្យតំបន់បឹងព្រះពន្លៃមួយនេះក្លាយទៅជារមណីដ្ឋានសម្រាប់ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅស្រុកមកលេងកំសាន្តគ្រប់រដូវកាល។

ក្នុងនាមរដ្ឋបាលស្រុកតាលោសែនជ័យលោកបានសម្តែងនូវក្តីរំភើបនិងបានថ្លែងអំណរគុណចំពោះសប្បុរសជននិងកីឡាករ កីឡាការនីរត់ប្រណាំងដែលបានខិតប្រឹងប្រែងរហូតទទួលបាននូវជ័យលាភីគឺចំណាត់លេខ១កីឡាករឈ្មោះ ម៉ែន ដេវីត លេខ២ឈ្មោះ សយសៀបនិង លេខ៣ ឈ្មោះអៀង សុគន្ធនិងកីឡាការនីចំណាត់ថ្នាក់លេខ១ ឈ្មោះ ភួន ចែ មកពីសមាគមសិស្ស និស្សិតបញ្ញាវន្តក្មេងវត្តអនុសាខាស្រុកតាលោសែនជ័យត្រូវបានទទួលបណ្ណ័សរសើរនិងអមដោយថវិកាមួយចំនួន៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *